Health-logo

Health

RFI

សុខភាព​ជា​បញ្ហា​ចម្បង​របស់​មនុស្ស​គ្រប់​រូប ! ដើម្បី​​ចូល​រួម​​ចំណែក​​លើក​​កម្ពស់​​សុខភាព​សាធារណៈ នៅ​​រៀង​រាល់​​​ថ្ងៃ​​ពុធ អស់​លោក​អ្នកនាង​នឹង​បាន​ស្តាប់ សេចក្តី​អត្ថាធិប្បាយ និង​បទសម្ភាសន៍​របស់ អៀង សុខម៉ិញ ជាមួយ​​នឹង​​គ្រូពេទ្យ​​ឯកទេស ស្តី​ពី​​ប្រធានបទ​​ផ្សេងៗ​ទាក់ទង​​នឹង​​សុខភាព មានជាអាទិ៍​ការការពារ ការព្យាបាល។

Location:

France

Networks:

RFI

Description:

សុខភាព​ជា​បញ្ហា​ចម្បង​របស់​មនុស្ស​គ្រប់​រូប ! ដើម្បី​​ចូល​រួម​​ចំណែក​​លើក​​កម្ពស់​​សុខភាព​សាធារណៈ នៅ​​រៀង​រាល់​​​ថ្ងៃ​​ពុធ អស់​លោក​អ្នកនាង​នឹង​បាន​ស្តាប់ សេចក្តី​អត្ថាធិប្បាយ និង​បទសម្ភាសន៍​របស់ អៀង សុខម៉ិញ ជាមួយ​​នឹង​​គ្រូពេទ្យ​​ឯកទេស ស្តី​ពី​​ប្រធានបទ​​ផ្សេងៗ​ទាក់ទង​​នឹង​​សុខភាព មានជាអាទិ៍​ការការពារ ការព្យាបាល។

Language:

Khmer


Episodes
Ask host to enable sharing for playback control

បារាំង​រក​ឃើញ​ថ្នាំជា​ទី​សង្ឃឹម​របស់​​អ្នក​ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរក្បាល

7/24/2024
ក្រុម​វេជ្ជបណ្ឌិត​​បារាំង​នៅ​មន្ទីរពេទ្យ​ម៉ុងប៉ឺលីយ៉េ ទើប​ចេញ​ផ្សាយ​ ​នៅ​ក្នុង​ទស្សនាវដ្តី​វិទ្យាសាស្ត្រ​ដ៏​ល្បីល្បាញ "New England Journal of Medicine" លទ្ធផល​គួរ​ជា​ទី​មោទនៈ​ នៃ​ការស្រាវជ្រាវ​រក​​​ថ្នាំ​មក​សង្គ្រោះ​អ្នក​​ជំងឺដាច់​ឬ​ស្ទះ​​សរសៃ​ឈាម​ខួរក្បាល​។ តើ​ជា​ថ្នាំ​អ្វី? មាន​ប្រសិទ្ធភាព​យ៉ាងណា? សម្រាប់អ្នក​ជំងឺ​ក្នុង​ស្ថានភាព​ណា? ក្នុង​មួយ​ឆ្នាំៗ ប្រទេស​បារាំង​រាប់​ឃើញ​មាន​អ្នក​ជំងឺ​​គ្រោះ​ថ្នាក់​សរសៃឈាម​ក្នុង​ខួរក្បាល​ប្រមាណ​១៥ម៉ឺន​នាក់​ ពោល​គឺ​រាល់​បួន​នាទី​ម្តង​មាន​មនុស្ស​ម្នាក់​ធ្លាក់​ខ្លួន​ឈឺ​ដ៏​គួរ​ឱ្យ​ខ្លាច​នេះ។ គ្រោះ​ថ្នាក់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាលជា​អ្វី ? គ្រោះ​ថ្នាក់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល ដែល​ហៅ​កាត់​ជា​ភាសា​បារាំង​ថា AVC ឬ​Stroke ​ជា​ភាសា​អង់គ្លេស​ គឺ​ជាអាការៈ​ជំងឺ​ដែល​សរសៃ​ឈាម​អាទែររបស់​ខួរ​ក្បាល​គ្មាន​ឈាម​ហូរ​ទៅ​ដល់ ជួន​បណ្តាល​មក​ពី​​​សរសៃឈាម​នោះ​ដាច់​ហូរ​ចេញ​ឈាម ជួន​ដោយហេតុ​តែ​សរសៃ​ឈាម​ត្រូវ​​កកស្ទះ។ AVC ឬ​Stroke ដោយ​ការ​​កកស្ទះ ដោយ​ដុំ​កំណកឈាម ជា​​ករណីដែល​គេ​ជួប​ប្រទះ​ញឹក​ញាប់​ជាង​គេ។ នៅ​ពេល​សរសៃ​អាទែរ​​ខួរ​ក្បាល​ស្ទះ លែង​មាន​ហើយ​ចរន្ត​​​ឈាមហូរ​ទៅ​កាន់បណ្តាញ​​សរសៃតូចៗ​ទាំង​ឡាយ​របស់​ខួរក្បាល និង​​លែង​មាន​ឈាម​សម្រាប់​​ចិញ្ចឹម​សរសៃ​ឈាម​ខួរក្បាល។ ប្រព័ន្ធ​ប្រសាទ​ត្រូវ​រង​ទុក្ខ ហើយ​បើ​គ្មាន​ការព្យាបាលទាន់ពេល​វេលា​ទេ​ នោះ​កោសិការ​នៃ​ប្រព័ន្ធ​ប្រសាទ​​ខួរក្បាលផ្នែក​​ដែល​គ្មាន​ឈាម​ទៅ​ដល់​ ត្រូវ​ចុះ​ខ្សោយខ្សោះ​ហើយ​ស្វិត​ងាប់តែ​ម្តង។ ហេតុដូច្នេះ​ហើយ​បាន​ជា​គេនិយាយ​អំពី​ពេល​វេលា​​សង្គ្រោះ​អ្នក​ជំងឺ​មាន​គ្រោះ​ថ្នាក់​សរសៃ​ឈាម​ខួរក្បាល ដោយ​គិត​ជា​នាទី។ ពី​មួយ​នាទីទៅ​មួយ​នាទី​​ជំងឺ​ធ្លាក់​ធ្ងន់​ធ្ងរ​ខុស​គ្នា​ឆ្ងាយ​ណាស់។ ពាក្យ​ស្លោក​បូរាណ​ថា ពេលវេលា​ជា​មាសប្រាក់ តែ​ក្នុង​ករណី​មាន​គ្រោះ​ថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ ពេលវេលា​ជា​ចំនួន​កោសិកាសរសៃ​​ប្រសាទ។ នៅពេល​​ខ្វះ​អុកស៊ីហ្សែន គ្មាន​ឈាម​ហូរ​ទៅ​ចិញ្ចឹម មួយ​នាទី ខួរក្បាល​ត្រូវ​បាត់បង់​កោសិកា​សរសៃ​​ប្រសាទអស់​​២លាន។ អ៊ីចឹង​ហើយ​បាន​ជា​គ្រូពេទ្យ​តែង​ផ្តល់​អនុសាសន៍​ឱ្យអ្នក​ជំងឺ​និងអ្នក​ជុំ​វិញ​ខ្លួន​ចេះ​សម្គាល់​អំពីអាការៈ​ជំងឺ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរក្បាល និង​​បញ្ជូន​អ្នក​ជំងឺ​មក​មន្ទីរ​ពេទ្យ​បាន​ឆាប់​រហ័ស​ជា​ទីបំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន និងកាន់​តែ​ប្រសើរ​ឱ្យ​បាន​​ក្នុង​អំឡុង​ពេល​បួន​ម៉ោង​កន្លះ​ដំបូង​​យ៉ាង​យូរ។ តើ​អាការៈ​សញ្ញា​សម្គាល់​ជំងឺ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរក្បាល​​មាន​យ៉ាង​ដូចម្តេច​ខ្លះ? រោគ​សញ្ញា​ទី​មួយ អាច​​ជា​ការ​ចុះ​ខ្សោយ​ បាត់​កម្លាំង​នៅ​ដៃ​ នៅ​ជើង នៅ​មុខ ឬ​ទាំង​បី​ក្នុង​ពេល​ជាមួយ​គ្នា​តែ​ម្តង។ អ្នក​ជំងឺ​មាន​អារម្មណ៍ថា​​ស្ពឹក ​បាត់​បង់ភាព​រំញោច ជា​សញ្ញា​ទីពីរ ឯ​សញ្ញា​ទី​បី គឺ​ការ​​និយាយ​ស្តី ពិបាក​យល់​ និង​ចុងក្រោយ​ មាន​បញ្ហា​ភ្នែក ស្រវាំង​មើល​មិន​ច្បាស់។ ជួន​កាល​អ្នក​ជំងឺ​អាច​មាន​សញ្ញា​រោគ​ផ្សេង​ទៀត ដូច​ជា​វិល​មុខ​ ឃ្លីឃ្លោង​ ឬ​ឈឺក្បាល​យ៉ាង​ខ្លាំង។ ក្នុង​៩ករណី​លើ​១០ ជំងឺ​នេះ​បាន​ស្តែង​ឡើង​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​ ពីរ​ទៅ​បី​នាទី​ប៉ុណ្ណោះ។ ដូច្នេះ​ត្រូវរួស​រាន់​​ធ្វើ​រោគ​វិនិច្ឆ័យ​ឱ្យ​បាន​លឿន ដើម្បី​ឆាប់​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ។ សូម​ស្តាប់ប្រសាសន៍​របស់​វេជ្ជបណ្ឌិត​ ស៊ន ផលនីកា គ្រូពេទ្យ​ជំនាញ​ប្រព័ន្ធ​ប្រសាទ​ ពន្យល់​អំពី​របៀប​ផ្ទៀង​ផ្ទាត់ ដើម្បី​ដឹង​ថា​អ្នក​ជំងឺ​ពិត​ជា​មាន​គ្រោះ​ថ្នាក់សរសៃ​ឈាម​ក្នុង​ខួរក្បាល៖ ការ​ផ្ទៀង​ផ្ទាត់​ត្រូវធ្វើ​ឱ្យ​បាន​លឿន​ ក្នុង​ពីរ​ទៅបី​នាទី តាម​ក្បួន​អង់គ្លេស F-A-S-T - Face- មុខវៀច ៖ ឱ្យ​អ្នក​ជំងឺ​ញញឹម ដើម្បី​សម្គាល់​មើល​ថា​តើ ​មាត់​មាន​វៀច​ដែរ​ឬទេ ? - Arm- ដៃខ្សោយ​ម្ខាង ៖ ឱ្យ​អ្នក​ជំងឺ​លើក​ដៃ ទាំង​ពីរ ដាក់​ទៅ​មុខ ក្នុង​កំរិត​ ៩០​ដឺក្រ តើ​គាត់​អាច​លើក​បាន​ស្មើ​គ្នា​ដែរ​ឬអត់? ឬ​ឱ្យ​អ្នក​ជំងឺ​ចាប់​ឬ​ច្របាច់​ដៃ​យើង​ តើ​គាត់​មាន​កម្លាំង​ដៃម្ខាង​ខ្លាំង​ជាង​ម្ខាង​ទៀត​ដែរ​ឬទេ ? - Speak- ពិបាក​និយាយស្តី ៖ ហៅ​អ្នក​ជំងឺ​ឱ្យ​និយាយ សួរ​សំណួរតើ​​អ្នក​ជំងឺ​អាច​ឆ្លើយ​ បាន​ដែរ​ឬអត់ - Time -ពេលម៉ោង ៖ អ្នក​នៅ​ជុំ​វិញ ត្រូវ​ចង​ចាំ​​អំពី​ពេលវេលា និង​រយៈ​ពេល​ដែល​អ្នក​ជំងឺ​ធ្វើ​ទុក្ខ រហូត​ដល់​ជួប​គ្រូពេទ្យ​ និង​ដល់​មន្ទីរពេទ្យ។ ត្រូវ​ជួយ​សង្គ្រោះ​និង​បញ្ជូន​អ្នក​ជំងឺ​ទៅ​មន្ទីរ​ពេទ្យ​ឱ្យ​បាន​ឆាប់​រហ័ស​។ កាន់​តែ​ឆាប់​ កាន់​តែ​ប្រសើរ ព្រោះ​ការ​ព្យាបាល ​អាស្រ័យលើ​​ពេល​វេលាខ្លាំង​ណាស់​ដែរ។ ​បើ​ជា​ករណី​គ្រោះ​ថ្នាក់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល ដោយ​​កា​រកក​ស្ទះ​ដុំ​កំណកឈាមក្នុង​សរសៃ​​ ​ ការ​ព្យាបាល​ដោយ​ចាក់​ថ្នាំ​រំលាយ​ឈាម​មាន​ប្រសិទ្ធភាព​ខ្ពស់ខ្លាំង បើ​មក​ដល់​មន្ទីរ​ពេទ្យ ក្នុងកំឡុង​​ពេល​មុន​បួន​ម៉ោង។ គោលការណ៍​នៃ​ការរំលាយ​ដុំ​កំណក​ស្ទះ​​សរសៃ​ឈាម​ ជា​យន្តការ​​សាមញ្ញដូចចាក់​ ​ទម្លុះ​​កំណក​ពេល​ស្ទះ​លូ ឬ​ទុយយោ​ទឹក​ដូច្នោះ។ ក្នុង​ការ​ស្ទះ​សរសៃ​ឈាម​ខួរក្បាល​...

Duration:00:08:52

Ask host to enable sharing for playback control

ហេតុអ្វីពិភពលោកមានមនុស្សមីញ៉ូបភ្នែកកាន់តែច្រើន និងតាំងពីក្មេងខ្លាំង?

7/17/2024
ប្រជាពលរដ្ឋ​​លើ​ភព​ផែនដី​ចំនួនពាក់​កណ្តាល​នឹង​មាន​ភ្នែក​មីញ៉ូប នៅ​​ឆ្នាំ​២០៥០ ពោល​គឺ​ជា​កំណើន​មួយ​ទ្វេ​ជា​ពីរ​បើ​ប្រៀប​ទៅ​នឹង​ចំនួន​អ្នក​មីញ៉ូប​នាពេល​បច្ចុប្បន្ន។ តើហេតុ​អ្វី បាន​ជា​ពិភពលោក​មាន​កំណើន​មនុស្ស​មីញ៉ូប​ខ្លាំង​ដូច្នេះ? ​នេះ​គឺ​បណ្តាល​មក​ពី​ការ​ប្រើប្រាស់​អេក្រង់ និង​មើល​ទូរស័ព្ទ​ដៃ​ច្រើន​ពេក​ឬ? ចុះ​តើ​វិទ្យាសាស្ត្រ​អាច​ទប់​ស្កាត់​និង​ព្យាបាល​ជំងឺមីញ៉ូប​បាន​ទេ? ដោយ​វិធីណា? ការ​បាញ់​ឡាស៊ែរ​បំបាត់​មីញ៉ូប មាន​គ្រោះថ្នាក់​និង​ប្រសិទ្ធភាព​យ៉ាងណា? ​តើ​អនាគត​ទៅ​ មនុស្ស​នៅ​លើ​ផែនដី​សុទ្ធ​តែ​មាន​ភ្នែក​មីញ៉ូបទាំងអស់​គ្នា​ឬ? ​កន្លង​មក​ ករណី​មីញ៉ូប មាន​ផ្ទុះ​កើន​ខ្លាំង​តែ​នៅ​តាម​បណ្តា​ប្រទេសក្នុង​ទ្វីប​​អាស៊ី​​​តែ​ប៉ុណ្ណោះ។ ទស្សនាវដ្តី​សុខភាព​The Lancet ធ្លាប់​បានចេញ​របាយការណ៍​ទាញ​សញ្ញា​អាសន្ន​កាលពី​១០​ឆ្នាំ​មុន​ថា​ នៅ​ជប៉ុន កូរ៉េខាង​ត្បូង ឬ​ក៏​ចិន ក្នុង​ចំណោម​សិស្ស​សាលា​១០នាក់ ក្មេង​៩​នាក់​ហើយ​មាន​ពាក់​វែនតា ដើម្បី​កែ​សមត្ថភាព​មើលឆ្ងាយ​​របស់​ភ្នែក។ បច្ចុប្បន្ននេះ ៤០%នៃ​មនុស្សលោក​​​មានភ្នែក​​មីញ៉ូប​ ក្នុង​នោះ​៥ទៅ​១០​% ជា​មីញ៉ូបខ្លាំង ធ្ងន់ធ្ងរ។ អត្រាកំណើន​ករណីភ្នែក​មីញ៉ូបឡើង​លឿនរហ័ស​ខ្លាំងណាស់​ ហើយជាពិសេស​​មានកុមារកាន់​តែ​ច្រើន​ឡើងៗ និងកាន់​តែ​​ក្មេង​ឡើង​ៗ ​មីញ៉ូប។​ យោង​តាម​​​ល្បឿន​សព្វ​ថ្ងៃ គេ​អាច​ព្យាករណ៍​បាន​ថា​នៅ​ឆ្នាំ​២០៥០ មនុស្សជាតិ​ពាក់​កណ្តាល​ផែនដី នឹង​ពាក់​វែនតា​ ដោយ​សារ​រោគ​មីញ៉ូប។ ហេតុ​អ្វី​បាន​ជា​ជំងឺ​មីញ៉ូបកើន​ឡើង​យ៉ាង​លឿន​រហ័ស​យ៉ាង​ដូច្នេះ? មីញ៉ូប​មាន​លក្ខណៈ​ជា​​ជំងឺតពូជ មាន​ន័យ​ថា​​​បើ​ឪពុកម្តាយ​ជា​មាន​អាការៈ​មីញ៉ូប នោះ​កូន​ចៅ​ជំនាន់​ក្រោយងាយ​​មាន​ហានិភ័យ​អន់​ភ្នែកមើល​ឆ្ងាយមិន​ច្បាស់​ដែរណាស់។ ប៉ុន្តែ​នៅ​មាន​មូលហេតុ​ជា​ច្រើន​ផ្សេង​ទៀត ដែ​​ល​ជំរុញ​ឱ្យ​មាន​ករណី​មីញ៉ូបកាន់​តែ​ច្រើនឡើងនោះ។ មូលហេតុ​ទាំង​នោះ​អាច​ជា​សម្ពាធ​គ្រួសារបង្ខំ​ឱ្យ​កូន​ខំ​ប្រឹង​ធ្វើការ-ប្រឹង​រៀន​ជ្រុល​ហួសហេតុ ការ​ប្តូរ​ផ្លាស់​ទម្លាប់​រស់​នៅ​ ដោយ​​លែង​សូវ ​​ចេញទៅរត់​លេង​នៅ​​ក្រៅ​ផ្ទះ​ឱ្យ​ត្រូវ​ពន្លឺ​ថ្ងៃ។ តើសម្ពាធ​គ្រួសារ​ មាន​ទំនាក់ទំនង​នឹង​ការ​មីញ៉ូបយ៉ាង​ដូចម្តេច។ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ដាម្ញៀង ហ្កាទីណែល Damien Gatinel គ្រូពេទ្យ​ឯកទេសភ្នែក​នៅ មន្ទីរពេទ្យ​មូលនិធិអាដុល រ៉ូឈីល ក្រុង​ប៉ារីស បាន​ពន្យល់អំពី​សម្ពាធ​បរិយាកាស​ចំពោះ​ភ្នែក​មីញ៉ប​យ៉ាង​ដូច្នេះ​ថា នៅ​ក្នុង​ទីក្រុង​ធំៗ របស់​អាស៊ី ដូច​ជា​ប៉េកាំង សៀងហៃ តៃវ៉ាន់ ហុងកុង តូក្យូ ឬសេអ៊ូល ។ល។ និង​។ល។ អត្រាក្មេង​មីញ៉ូប ឡើង​ដល់​៩០% ដោយហេតុ​របៀបរបប​រស់​នៅរបស់​​ពួកគេ។ ​នៅពេល​ពលរដ្ឋ​អាស៊ីទាំង​នេះ ​និរទេស​ខ្លួន​ទៅ​រស់​នៅបរទេស-ក្នុង​ប្រទេស​ដែល​ផ្តល់​អាទិភាព​ដល់​សកម្មភាព​នៅ​ក្រៅ​ផ្ទះ​ ដូច​យ៉ាង​អូស្ត្រាលី-​ កូនៗ​របស់​ពួកគេ មិន​សូវមាន​បញ្ហា​ភ្នែក​​មីញូប​ទេ។ អត្រាក្មេង​មីញូបក្នុង​សហគម​ន៍​អាស៊ីនេះ​ទាប​ខ្លាំង​ណាស់​ បើ​​ទោះ​មាន​ហ្សែន​ដូច​គ្នា​ក៏​ដោយ។ លោកវេជ្ជបណ្ឌិត​ ដាម្ញៀង ហ្កាទីណែល​ ៖ “បើ​ឪពុកម្តាយ​មីញ៉ូប កូន​ក៏​​ច្រើន​តែ​មីញ៉ូប​​ភ្នែកដែរ ប៉ុន្តែ​បរិស្ថាន និង​សម្ពាធ​បរិយាកាសជុំ​វិញខ្លួន ដែល​មកប្តូរ​​ទម្លាប់​រស់​នៅ​ប្រចាំ​ថ្ងៃ ដូច​ជា​ការ​ចូល​ចិត្ត​សំងំ​នៅ​តែ​ក្នុង​ផ្ទះ និងការ​ប្រើប្រាស់​អេក្រង់ (ទូរស័ព្ទ​ ស្មាតហ្វូន អាយផែត អាយផាត់ ...) ច្រើន​ជ្រុល​ហួសហេតុ ក៏​ជា​កត្តា​នាំ​ឱ្យ​ភ្នែក​ឆាប់​មីញ៉ូបដែរ។ ដោយសារ​អេក្រង់ ក្មេង​មិន​ត្រឹម​តែទម្លាប់​​​ប្រើ​ភ្នែក​មើល​ជិត​ជ្រុល​ទេ តែ​ថែមទាំងជក់​ខ្លាំង​លែង​ចង់​ចេញ​រត់​លេង​ក្រៅ​ឱ្យ​ត្រូវ​ពន្លឺ​ថ្ងៃ។ ពន្លឺ​ថ្ងៃ​ដើរ​តួនាទី​សំខាន់​ណាស់ក្នុងការ​គ្រប់​គ្រង​ដំណើរ​វិវឌ្ឍលូតលាស់​នៃ​​សរីរាង្គកាយ ពិសេសគ្រាប់​ភ្នែកតែម្តង។ ភ្នែក​អ្នក​មីញ៉ូប ជា​ភ្នែក​វែង​ មាន​គម្លាត​ខ្លាំង​រវាង​ប្រស្រី​និង​កែវភ្នែក ទើបមើល​ឆ្ងាយ​មិន​ច្បាស់។ កាលណា​​ខ្វះ​ពន្លឺ​ថ្ងៃ​ នៅ​ក្នុង​វ័យ​កុមារនិង​ពេល​​ជំទង់ គ្រាប់​ភ្នែករបស់​​ពួកគេច្រើន​តែ​​លូត​​វែង​ជ្រុល​ហួស​ហេតុ​។” ​មីញ៉ូប​អាច​ធ្វើ​​ឱ្យ​ងងឹត​​ភ្នែក​? ជា​ទូទៅ ក្មេង​មីញ៉ូបភ្នែក​កម្រ​ថ្ងូរ​ឬ​និយាយ​ប្រាប់​ឪពុកម្តាយ​​ អំពី​អាការៈ​មើល​មិន​ច្បាស់​របស់​ខ្លួនណាស់។ ប៉ុន្តែ​មាន​កាយវិការ​មួយ​ចំនួន​ដែល​អាណាព្យាបាល​ត្រូវ​ចាប់​អារម្មណ៍​នាំ​ក្មេង​ទៅ​ពេទ្យ​ភ្នែក គឺ​នៅ​ពេល​ក្មេង​ឧស្សាហ៍​ញីភ្នែក ធ្វើ​ភ្នែក​ប្រឹមៗ​នៅ​ពេល​សំឡឹង​មើល​អ្វី​មួយ ឬ​ គ្រាប់​ភ្នែកបង្វិល​មិន​ល្អ​ដូច​​កែក​ពេល​ប្រឹង​មើល។ ចូល​ចិត្ត​ដើរ​ទៅ​កៀក​នៅពេល​ចង់​មើល ចង់​ឃើញ​ ឬ​ចង់​អាន​អក្សរ។ លទ្ធផល​​សិក្សា​ធ្លាក់​ចុះ​ រៀន​មិន​ទាន់​គេ ដូច្នេះ​មិន​ត្រូវ​ធ្វេសប្រហែស​នឹង​អាការៈ​មីញូប​របស់​ក្មេងឡើយ​ ព្រោះ​វា​អាច​បង្ក​ឱ្យ​មាន​បញ្ហា​ធ្ងន់ធ្ងរ​ទៅ​ថ្ងៃ​ក្រោយ​ទៀត។ ​លោកសាស្ត្រាចារ្យ​ ដាម្ញៀង​ ហ្កាទីណែល៖ “មីញ៉ូបជា​បញ្ហា​ធ្ងន់ធ្ងរ ព្រោះ​វាអាច​មាន​បង្កប់​នូវ​​ជំងឺ​ធ្ងន់ធ្ងរ​មួយ​ចំនួន​ទៀត ដូច​ជា​ជំងឺក្លូកូម...

Duration:00:08:47

Ask host to enable sharing for playback control

ជំងឺ​ក្អក​មាន់លេច​ឡើង​ជា​ថ្មី សម្លាប់​ក្មេង​ជា​ច្រើន​នាក់​នៅ​បារាំង

7/4/2024
មាន​ស្លាប់​យ៉ាង​ហោច​ណាស់​១៧​នាក់ ក្នុង​នោះ​១៤នាក់​ជា​ទារក និង​បីនាក់​ជា​មនុស្ស​ចាស់ អាយុ​លើស​៨៥ឆ្នាំ នៅ​ឆ្នាំ​២០២៤​នេះ ដោយ​ជំងឺ​ក្អក​មាន់។ ជំងឺ​ក្អក​មាន់​តែ​គេ​សឹង​ភ្លេច​បាត់​ទៅ​ហើយ​ស្រាប់​តែ​ផ្ទុះ​កំរើក​ឡើង​នៅ​វិញ យ៉ាង​ខ្លាំង​ ​នៅ​ស្រុក​បារាំង​និង​អឺរ៉ុប​។ តើ​ក្អ​ក​មាន់​ជា​ជំងឺ​អ្វី? ហេតុ​មាន​ផ្ទុះ​ករណី​ក្អកមាន់​ច្រើន​នៅអឺរ៉ុប? តើ​ត្រូវ​ការពារ​ខ្លួន​ពី​ជំងឺ​ក្អកមាន់​នេះ​យ៉ាង​ដូចម្តេច? ក្អកមាន់​ ជំងឺ​ដែល​គេ​ភ្លេច​ ស្មាន​តែ​កម្ចាត់​បាន​ទាំង​ស្រុង​ហើយ បាន​វិល​មក​សម្លាប់​ជីវិត​មនុស្ស​ជា​ថ្មី ក្នុង​ល្បឿន​ក៏​គួរ​ឱ្យ​ព្រួយ​បារម្ភ នៅ​អឺរ៉ុប។ ក្នុង​រយៈ​ពេល​៦​ខែ​ដំបូង​នៃ​ឆ្នាំ​២០២៤​នេះ មាន​កុមារ​១៤​នាក់​ មនុស្ស​ចាស់​អាយុ​លើស​៨៥​ឆ្នាំ​បីនាក់​ បាន​បាត់បង់​ជីវិត​ និង​ជាង​៦ពាន់​នាក់កំពុង​ទទួល​ការព្យាបាល​ជំងឺ​ក្អក​មាន់ នៅក្នុង​ប្រទេស​បារាំង​។ ក្នុង​កំរិត​អឺរ៉ុប ពីកើតទៅ​លិច​ ពី​​ប្រទេស​អង់គ្លេស​ដល់​សាធារណរដ្ឋ​ឆែក ករណី​កើត​ជំងឺ​ក្អក​មាន់​បាន​កើនឡើង​គួរ​ជា​កត់​សម្គាល់ដែរ។ ​៧៨៨៨​ករណី​នៅ​ប្រទេស​ឆែក ជាង​មួយពាន់​នាក់​នៅ​ប្រទេស​ក្រូអាស៊ី និង​ក៏​មាន​ច្រើន​ករណី​ដែរ នៅ​ប៊ែលហ្ស៊ិក ដាណឺម៉ាក អាល្លឺម៉ង់​ ​អេស្ប៉ាញ ឬហូឡង់ អង់គ្លេស​… ជាមួយ​នឹង​សេចក្តី​ជូន​ដំណឹង​នៃការ​ស្លាប់​ជា​បន្ត​បន្ទាប់​ទៀត។ ក្នុង​មួយ​ឆ្នាំៗ ជំងឺ​ក្អក​មាន់​មាន​កើត​ប្រមាណ​៤០លាន​ករណី​ និង​សម្លាប់​មនុស្ស​អស់​ប្រមាណ​បី​សែន​ នៅលើ​ពិភពលោក។ មាន​ន័យ​ថា​ជំងឺ​ក្អកមាន់ មិន​បាន​ផុត​រលត់​ពី​ភពផែន​ដី​ទេ។ ប៉ុន្តែ​ជំងឺ​នេះ​បាន​បំប្លែង​ទម្រង់ និង​លេច​ឡើង​ប្រៀប​ដូច​ជា​រលក យូរៗផ្ទុះ​ឆ្លង​ខ្លាំង​​ម្តង​ ទៅ​តាម​វដ្ត​របស់​វា។ ជា​ទូទៅ​ពពួក​ជំងឺ​ដែល​គេ​ភ្លេច​ទៅ​ហើយ​នេះ តែង​តែ​លេច​ឡើង​មក​វិញ​ជារៀង​បួន​-ប្រាំ​ឆ្នាំម្តង​​ ឬជួន​ដល់​​១០​ឆ្នាំ​ម្តង ជាមួយ​ការ​បំប្លែង​ខ្លួន​បន្តិច លិប​​បាត់ហើយ​​លេច​ឡើង​មក​វិញ​ដោយគ្មាន​ប្រាប់​ជា​មុន​ទេ។ តែ​នៅ​ពេល​ត្រលប់​មក​វិញ​ម្តងៗ ជំងឺ​នៅ​តែ​កំណាច​អាច​ផ្តាច់​ជីវិត​មនុស្ស​បាន​ជា​និច្ច។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​ព្រឹទ្ធ​សាស្ត្រាចារ្យ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​លោក ហ្វីលីព សានសូនេទី Philippe Sansonetti។ ការ​វិល​ត្រលប់​មក​វិញ​លើក​នេះ ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ការ​ផ្ទុះ​ជំងឺ​ក្អក​មាន់ដ៏​ខ្លាំង​មិន​ធ្លាប់​ប្រទះទេ គិត​ក្នុង​រយៈ​ពេល​ជាង​៤០​ឆ្នាំ​កន្លង​មក​នេះ ដែល​ពិភពលោក​ចាប់​​មាន​យុទ្ធនាការ​ចាក់ថ្នាំបង្ការ​ប្រឆាំង​នឹងជំងឺ​ក្អកមាន់​មក។ តើ​ក្អក​មាន់​ជា​ជំងឺ​អ្វី? ក្អកមាន់​​ជា​ជំងឺផ្លូវ​ដង្ហើម ដ៏​មហា​ឆ្លង បង្ក​ឡើង​ដោយ​បាក់តេរី​ពពួក​Bordetella pertussis ឬ parapertussis និង​ផ្តល់​អាការៈ​រោគ​ពិសេស​ ប្លែក​ពីការ​ក្អក​ធម្មតា។ នៅ​ពេល​បាក់តេរី​បានចម្លង​​ចូល​ដល់​ក្នុង​ខ្លួន​មនុស្ស​ហើយ​ វា​នឹង​សំងំ​នៅក្នុង​សរីរាង្គកាយ​យើង​រយៈ​ពេល​ប្រមាណ​១០​ថ្ងៃ​ ទើប​បញ្ចេញ​រោគ​សញ្ញា​ដំបូង។ មុន​ការ​រក​ឃើញ​ថ្នាំ​បង្ការ អ្នក​ផ្ទុក​មេរោគ​ជំងឺ​ក្អកមាន់ម្នាក់​មាន​សមត្ថភាព​​អាច​ចម្លង​ទៅ​អ្នក​ដទៃ​ជុំ​វិញ​ខ្លួន ប្រមាណ​ពី​១៥​ទៅ​១៧​នាក់​ជា​មធ្យម។​ ពោល​គឺ​ជា​ជំងឺ​ឆ្លង​ខ្លាំង-ខ្លាំង​ជាង​ជំងឺ​កូវីដ​ពេលផ្ទុះ​​ឡើង​ដំបូងដល់​១០​ដង​ឯណោះ។ ក្អកមាន់​​ពេញ​អំណាច​ចម្លង​បំផុត នៅ​សប្តាហ៍​ដំបូង​ ​ពេល​អ្នក​ជំងឺ​ចាប់​ផ្តើម​មាន​រោគ​សញ្ញាក្អក​ភ្លាម និង​រហូត​ដល់​បី​សប្តាហ៍។ បន្ទាប់​ពី​​ប្រើ​ថ្នាំ​ផ្សះ​អង់ទីប៊ីយូទីក​បាន​ពីរ​បី​ថ្ងៃ​ ជំងឺ​ចាប់ផ្តើម​ស្រាក សមត្ថភាព​ចម្លង​ទៅ​អ្នក​ដទៃ​ក៏​ចាប់​ចុះ​ថយ​ដែរ។ ការ​ចម្លង​ធ្វើ​ឡើង​តាមផ្លូវ​ដង្ហើម តាម​រយៈការ​ប៉ះពាល់ទឹក​សំបោរ​ តាម​​រយៈ​ការ​ខ្ទាត​ទឹក​មាត់ ពេល​ក្អក ពេល​និយាយ​។ តែ​នៅក្នុង​ប្រទេស​ដែល​មាន​យុទ្ធនាការ​ចាក់​ថ្នាំ​បង្ការ​លើគ្រប់​រូប​​កុមារជា​ចាំ​បាច់​នោះ ​ទារក​​ច្រើន​តែ​ឆ្លង​មេរោគ​ក្អក​មាន់​ពី​មនុស្ស​ធំ។ រោគ​សញ្ញា​សម្គាល់មាន​ដូច​គ្នា​មិនថា​សម្រាប់​ក្មេង​ឬមនុស្ស​ចាស់ទេ។ អ្នក​ជំងឺ​ចាប់​ផ្តើម​ដំបូង ដោយ​អាការៈ​ហៀ​សំបោរជាប់​ មួយ​អាទិត្យ​ពីរ អម​ដោយ​ការ​ក្តៅ​ខ្លួន​តិច​តួច។ បួន​ដប់​ថ្ងៃ​កន្លង​ទើប​លេច​អាការៈ​ក្អក​ឡើង។ ដំបូង​ក្អ​ក​តិចៗ តែ​ក្រោយ​មក​​​ ​អ្នក​ជំងឺ​ក្អក​យ៉ាង​ខ្លាំង ភ្លាមៗ ជាប់ៗ​គ្នា ស្ទើរ​ដក​ដង្ហើម​ អម​ដោយ​ស្នូរ​ដង្ហើម​ដង្ហក់​ឮ​ដូច​មាន់​ ហេតុ​ដូច្នេះហើយបា​ន​ជា​គេ​ហៅ​​ជំងឺ​នេះ​ថា​ក្អក​មាន់។ នេះ​បើ​តាម​ប្រសាសន៍​បំភ្លឺ​របស់​លោក​សាស្ត្រាចារ្យ​ Sylvain Brisse នាយក​មជ្ឈមណ្ឌលជាតិ​ទទួល​បន្ទុក​​ជំងឺ​ក្អក​មាន់​នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ ដោយ​រំលឹក​ថា អាការៈក្អក​អាច​អូសបន្លាយ​ពេល​ជា​ច្រើន​សប្តាហ៍និង​ដល់​១០០ថ្ងៃ ប្រសិន​បើ​គ្មាន​ការព្យាបាល​។ អ្នក​ជំងឺ​អាច​ក្អក​ខ្លាំង​ ដោយ​គ្មានអាការៈ​ក្តៅ​ខ្លួន​ទេ និង​ក្អក​ជា​ពិសេស​នៅ​ពេល​យប់។ ថ្នាំបង្ការ​ជា​វិធី​ការពារ​​ជំងឺ​ក្អកមាន់ដ៏​មាន​ប្រសិទ្ធភាព ជំងឺ​ក្អកមាន់ ជា​តំណាង​​គ្រោះថ្នាក់ខ្លាំង​​ជាពិសេសសម្រាប់​មនុស្ស​ចាស់ ស្ត្រី​មាន​គភ៌ និង​ទារក​ទើប​នឹង​កើត...

Duration:00:08:20

Ask host to enable sharing for playback control

ប៉េង​ប៉ោះ​ ជា​ថ្នាំ​បង្ការ​ជំងឺ​លើស​ឈាម​និង​ប្រូស្ត្រាត

6/26/2024
ប៉េងប៉ោះ មាន​គុណប្រយោជន៍​ផ្នែក​អាហារូបត្ថម្ភ​ខ្លាំងណាស់​ ព្រោះ​វា​​សម្បូរ​ទៅ​ដោយ​វីតាមីនសេ និង​ សារធាតុ​អង់ទី​អ៊ុកស៊ីដង់ លីកូប៉ែន ដ៏​ចាំ​បាច់​សម្រាប់​សុខភាព។ មាន​ការ​សិក្សា​ជា​ច្រើន​ណាស់ ដែល​រក​ឃើញ​អំពី​គុណវិសេស​នៃ​ផ្លែប៉េងបោះ។ របក​គំឃើញ​ចុងក្រោយ​ បាន​បញ្ជាក់​អំពី​គុណប្រយោជន៍​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ប្រូស្តាត និង​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់។ តើ​ត្រូវ​ទទួល​ទាន​ប៉េង​ប៉ោះ ក្នុង​ទម្រង់​ណា? និង​​ប៉ុន្មានផ្លែ​ក្នុង​ថ្ងៃ​ទើប​ទទួល​ផលល្អ​សម្រាប់​សុខភាព? អម​ដោយ​អន្តរាគមន៍​របស់​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត François Desgrandchamps គ្រូពេទ្យ​ជំនាញ​វះកាត់​ប្រព័ន្ធផ្លូវ​​ទឹក​នោម។​ ជា​ផ្លែចុះ​ចេញ​ពី​ដើម​រុក្ខជាតិ ប៉េងប៉ោះត្រូវ​បាន​គេ​ចាត់​ទុក ជា​បន្លែមិនមែន​ជា​ផ្លែ​ឈើទេ។ ប៉េងប៉ោះ​​​មានច្រើន​ប្រភេទ​ណាស់ ដល់​ទៅ​ជាង​១០០ពូជ​ឯណោះ៖ លឿង​ ក្រហម បៃតង ខ្មៅ មូល ទ្រវែង តូច ធំ ល្អិត ថ្លោស ផ្លែ​ជា​ចង្កោម ជា​កញ្ចុំ ឬ​ទោល...។ ជា​បន្លែ​ដែល​ងាយ​បរិភោគ​ ងាយ​យក​មកកែច្នៃ​​ធ្វើ​ជា​ម្ហូប ឬ​ក៏​អាច​ទទួល​ទាន​ជា​អន្លក់​ ជា​ញាំ ជា​ផ្លែ​ស្រល់ ឆៅ ឆ្អិន ទាំង​ខ្ចី​ទាំង​ចាស់​និង​ទុំ។ ប៉េងប៉ោះ​ជួយបញ្ចុះ​សម្ពាធ​ឈាម? ស្រួល​ដាំ​ស្រួល​ដុះ​ និង​មាន​រសជាតិ​ជូរ​-ផ្អែមឆ្ងាញ់​តាម​ត្រូវ​ការហើយ ​​ផ្លែប៉េង​ប៉ោះមាន​គុណប្រយោជន៍​សម្រាប់​​​សុខភាព​ខ្លាំងណាស់​​។ សម្បូរ​វីតាមីន​អា សេ និង​កា ប៉េងប៉ោះ​មិន​មែន​ជា​​បន្លែដ៏​សាមញ្ញ​ទេ​ តែ​ជា​បណ្តុំ​អាហារូបត្ថម្ភ​សំខាន់ៗ​ចាំបាច់​សម្រាប់​សរីរាង្គកាយ ​​​ដែល​មាន​តួនាទី​ការពារសុខភាព​ខ្លាំងណាស់ ដូច​ជា​ជួយ​បេះ​ដូង ជួយ​កាត់​បន្ថយ​គ្រោះ​ហានិភ័យ​កើត​ជំងឺ​សរសៃ​ឈាម​បេះ​ដូង និង​ជួយចាត់​ចែង​​បញ្ចុះ​​សម្ពាធ​ឈាម។ ​​អ្នក​ស្រាវជ្រាវ​អេស្ប៉ាញ បាន​ដឹកនាំ​ការ​​សិក្សា​​លើ​អ្នក​មាន​ហានិភ័យ​កើត​ជំងឺ​សរសៃ​ឈាម​បេះដូង​​ខ្ពស់ ពោល​គឺ​ងាយ​មាន​គ្រោះ​ថ្នាក់​ដាច់​ឬ​ស្ទះ​សរសៃ​ឈាម​បេះ​ដូង និង​ខួរក្បាល​ខ្លាំង ដោយ​ផ្តោត​ទៅ​លើ​ការ​​ពិសា​ប៉េងប៉ោះ។ ​​​ លទ្ធផល​ចេញ​មក​អស្ចារ្យ​ខ្លាំងណាស់។ អ្នក​ដែល​ទទួល​ទាន​ប៉េងប៉ោះ​ច្រើន ច្រើន​ខ្លាំងមែនទែន​ ​ជា​ប្រចាំ និង​គ្រប់​ទម្រង់ទាំងអស់​នោះ មាន​សម្ពាធ​ឈាម​ទាប​ជាង​អ្នក​មិន​សូវ​ចិត្ត​បរិភោគ​ផ្លែប៉េងប៉ោះ។ សម្ពាធ​ឈាមអ្នក​ញ៉ាំ​ប៉េងបោះច្រើន​ខ្លាំង បាន​ធ្លាក់​ចុះ​គួរ​ឱ្យ​កត់​សម្គាល់​គឺ​រហូត​ដល់​ទៅ​៣៦%។ ហេតុអ្វី​ទៅ? ព្រោះ​ប៉េងប៉ោះ​មានផ្ទុក​ជាតិ​ប៉ូតាស្យូម​ច្រើន។ គេ​បាន​ដឹង​ហើយ​ថា​ ​ជាតិ​ប៉ូតាស្យូមមិន​ថា​នៅ​ក្នុង​គ្រប់​បន្លែផ្លែឈើ​ណា​ទេ សុទ្ធ​តែដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​​ជួយ​ចាត់​ចែង​សម្ពាធ​ឈាម​ឱ្យ​បាន​ប្រសើរ​ឡើង។ ​ដូច្នេះ​ប៉េងប៉ោះ​គឺ​ជា​សម្ព័ន្ធមិត្ត​ដ៏​ល្អ​របស់​អ្នក​ជំងឺ​លើស​ឈាម។ ដើម្បី​បញ្ចុះ​សម្ពាធ​ឈាម​ត្រូវ​តែ​ប្រឹង​ពិសា​ប៉េងប៉ោះ។ ប៉េងប៉ោះ​ជួយការពារប្រូស្តាត? ​​ជាង​នេះ​ទៅ​ទៀត អាហារូបត្ថម្ភ​​ដ៏​សម្បូរ​បែប​ជា​ពិសេសជាងគេមួយ​ទៀត​របស់​ប៉េងប៉ោះ​​ ជា​ជាតិវីតាមីន​សេ និង​លីកូប៉ែន ដែល​ជា​អង់ទីអុកស៊ីដង់​ ដ៏​ប្រពៃ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​មហារីក។ ការ​សិក្សា​ចុង​ក្រោយ​ទើប​ចេញ​ផ្សាយ​នាពេល​ថ្មីៗ​នេះ បាន​បង្ហាញឱ្យ​ឃើញ​​ថាលីកូប៉ែន​របស់​ប៉េងប៉ោះមាន​សមត្ថភាព​ការពារ​ជំងឺ​មហារីក​ប្រូស្តាត​ទៀត​។ បើ​តាម​ប្រសាសន៍​របស់​លោកសាស្ត្រាចារ្យ François Desgrandchamps គុណប្រយោជន៍​នៃ​ជាតិ​លីកូប៉ែន​របស់​​ផ្លែប៉េងប៉ោះ​ធ្លាប់​បាន​លាត​ត្រដាង​តាំងពី​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។ ហើយ​ថ្មីៗ​នេះ ពោលគឺ​កាលពី​ខែមុន ការ​សិក្សា​ដ៏​វែង​អន្លាយ​មួយ​បាន​​ចេញ​ផ្សាយ​ថា ការបរិភោគ​ផ្លែប៉េងប៉ោះ​កាន់​តែ​ច្រើន​កាលណា​ គេ​អាច​កាត់​គ្រោះ​កើត​ជំងឺ​មហារីក​ប្រូស្តាត​បាន​កាន់​តែ​ច្រើន​ទៅ​តាម​នោះ ហើយ​មិន​ងាយ​ស្លាប់​ដោយ​ជំងឺ​មហារីក​ប្រូស្តាត​ទេ។ ការ​សិក្សាដ៏​សាមញ្ញ​​មួយ​ទៀត ដែល​​គួរ​ឱ្យ​ចាប់​អារម្មណ៍​ខ្លាំងបំផុត​​ទៀតនោះ គឺ​ការ​សិក្សា​ប្រៀបធៀបលើ​​ក្រុម​អ្នក​ជំងឺ​ត្រូវ​វះកាត់​ដោយ​ជំងឺ​មហារីក​ប្រូស្តាត​ពីរក្រុម៖ មួយក្រុម​បរិភោគ​ទឹក​ប៉េងបោះ​ខាប់​ដែល​មាន​កំហាប់​ជាតិ​លីកូប៉ែន ចំនួនមួយ​កែវបន្ថែម​ក្នុង​មួយ​ថ្ងៃ ជា​រៀង​រាល់​ថ្ងៃ។ ហើយ​មួយ​ក្រុម​ទៀត​បរិភោគអាហារ​ធម្មតា។ បី​សប្តាហ៍​ក្រោយ​មក គ្រូពេទ្យ​ធ្វើ​ការ​វះកាត់​ពួកគេ។ លទ្ធផល​នៃការ​វះកាត់​ខុស​គ្នាឆ្ងាយ​ណាស់។ ដុំ​សាច់​មហារីក និង​ភាព​កំណាច​របស់​មហារីក​ប្រូស្តាត ព្រមទាំង​កំរិត ​PSA ដែល​ជា​​អត្រា ​កំណត់​ជំងឺ​មហារីក​ប្រូស្តាត (បាន​មក​ពី​ការ​វិភាគ​ឈាម) ធ្លាក់​ចុះ​​​១៧%​ សម្រាប់​អ្នក​បាន​ទទួល​ទាន​ទឹកប៉េងប៉ោះ​រាល់​ថ្ងៃ​។” ​លោក​សាស្ត្រាចារ្យ សូម​ណែនាំឱ្យ​​ជ្រើសរើស​​បរិភោគ​ផ្លែប៉េងបោះ​ឱ្យ​បាន​រាល់​ថ្ងៃ។​ ប៉ុន្តែ​ត្រូវ​ចង​ចាំ​ថា គេ​ត្រូវ​បរិភោគផ្លែ​ប៉េងប៉ោះ​ស្រស់​ច្រើន​ណាស់ ដល់​ទៅ​ប្រមាណ​ជាង​មួយ​គីឡូក្រាម​ក្នុង​មួយ​ថ្ងៃឯណោះ​ ​ទើប​អាច​ស្រូប​យក​ជាតិ​លីកូប៉ែន​បាន​គ្រប់​គ្រាន់​សម្រាប់​ការពារ​ខ្លួន។ របៀប​បរិភោគ​រាល់​ថ្ងៃ​ផ្តល់​ជាតិ​លីកូប៉ែន​...

Duration:00:08:15

Ask host to enable sharing for playback control

ឆ្អឹង​​កែងជើង ដុះ​បន្លា​ ជា​ជំងឺអ្វី?

6/19/2024
ឈឺ​ដូច​គេ​ចាក់ ដូច​មុត​បន្លា​នៅត្រង់​កែងជើង ឈឺ​ខ្លាំង​ពើត​ជា​ពិសេស​នៅ​ពេល​ព្រឹក​ងើប​ពី​ដំណេក ... អាការៈ​ឈឺកែង​ជើង​បែប​នេះ ទំនង​ជា​ឆ្អឹង​ដុះ​បន្លា​ហើយ។ តើ​ឆ្អឹង​កែង​ជើង​ដុះបន្លា​យ៉ាង​ដូចម្តេច? និង​ជា​ជំងឺ​អ្វី ? អាចព្យាបាល ដោយ​វិធីណា​ខ្លះ? អាការៈ​ឈឺ​ជើង ​នៅ​ត្រង់​កែង​ជើង ដែល​ស្តែង​ឡើង​ជា​ញឹក​ញយ​នៅ​ពេល​ដើរ​ឬ​បញ្ចេញ​សកម្មភាព​ខ្លង​ជ្រុល ច្រើន​តែ​​បណ្តាលមក​ពី​មូលហេតុ​មេកានិក ដែល​រុញ​ប្រទាក់​គ្នា​ ​ឱ្យ​​​ រលាក​ ស្បែក រលាក​សរសៃ ឬ​រលាក​ឆ្អឹង។ ​ ដូច្នេះ​​មុននឹង​ផ្តើម​និយាយ​អំពី​អាការៈឈឺ​កែង​​ជើង​​ ​យើងត្រូវ​ស្គាល់​អំពីគ្រោង​កាយ​វិទ្យា​នៃ​ប្រអប់​ជើង​សិន។ ​ជើង​ផ្គុំ​ឡើង​ដោយ​ឆ្អឹង​ចំនួន​២៦​ដុំ មាន​ជា​អាទិ៍​ឆ្អឹង​ម្រាម ឆ្អឹង​ខ្នង​ជើងជួរ​ខាង​មុខ ជួរ​ខាង​ក្រោយ​ ដុំ​ឆ្អឹងកែង​ និង​ឆ្អឹង​តូច​ធំ​ជា​ច្រើន​ទៀត ដែល​ត​ភ្ជាប់​គ្នា​ដោយសសៃចងចំនួន​១០៧ខ្សែ ​សសៃរ​ពួរនិង​សាច់​ដុំ​ជា​ច្រើន​សម្រាប់​ជំរុញ​ជើង​ឱ្យ​ធ្វើ​ចលនា​បាន។ ​ដើម្បីអាច​​កំរើកនិង​មានវិញ្ញាណ​​ ជើង​មាន​សរសៃ​ឈាមតូចធំហូរ​កាត់​​​​និង​ស​​សៃ​ប្រសាទ-វិញ្ញាណប្រទាក់​គ្នា​​កាត់​ខ្វាត់​ខ្វែង​​។ ជា​ចុងក្រោយ គ្រឿង​ផ្សំ​របស់​​ជើង​គ្រប​រុំ​ដណ្តប់​ទៅ​ឱ្យ​ស្រទាប់​ការពារ​ដ៏​ល្អ​មួយ​គឺ​ស្បែក និង​ទ្រក្រាល​ដោយ​បន្ទះ​ជាលិកា​ស្រោប​សាច់​ដុំ​បាត​ជើង ត​ភ្ជាប់ពី​​កែង​ជើង​ទៅ​ដល់​ម្រាម។ ស្រទាប់​នេះ​ជា​អ្នក​ទ្រប្រអប់​ជើង​និង​ការពារ​សរសៃពួរ​។ ឆ្អឺង​កែង​ជើង​ដុះ​បន្លាយ៉ាង​ដូចម្តេច? ​នៅពេល​ណារចនា​សម្ព័ន្ធ​ណា​មួយ​នៃ​ប្រអប់​​​ជើង មិន​ថា​ឆ្អឹង​កែង​ជើង សរសៃពួរ សរសៃ​វិញ្ញាណ​ ជាលិកាទន់​-រឹង​ ឬ​ស្រទាប់​បាតជើង​ទេ ឱ្យ​តែ​រង​សម្ពាធ​ ​ដើរ សង្កត់ កកិត​កៀប​ ​ខ្លាំង​ពេក​ សរីរាង្គ​នេះ​នឹង​បញ្ចេញ​ប្រតិកម្ម ដោយ​ស្តែង​ជា​អាការៈ​ឈឺ​ ខ្ទាំ តិច​តួច ឬខ្លាំង ឬ​​នាំ​ឱ្យ​មាន​អាការៈ​រលាក។ អាច​ជា​ការ​រលាក​ស្បែក រលាក​សរសៃ រលាក​ឆ្អឹង​ រលាក​ត្រង់​កន្លែងជិត​​ឆ្អឹង​ ជាពិសេស​គឺនៅ​ត្រង់​ឆ្អឹង​កែងជើង។ នៅពេល​មាន​ការរាល​​រលាក​ កោសិកា​ឆ្អឹង​​ចាប់​ ​ដុះពក​​លយ​ ចេញ​ទម្រង់​ស្រួចៗ​ដូច​បន្លា​។ បន្លាឆ្អឹង​នេះ​អាច​​មើល​ឃើញ​ដោយ​ការ​ថត​ឆ្លុះ​។ ការ​ថតអេកូ និង​ថត​អឹមរាយ ជាការ​​បញ្ជាក់ថែម​ឱ្យ​ឃើញ​កាន់​តែ​ច្បាស់​ ​អំពី​វត្តមាន​នៃ​បន្លា​កែងជើង។ នៅពេល​ឮ​ពាក្យ​ថា​បន្លា លោក​អ្នក​ច្បាស់​ជា​គិត​ភ្លាម​ថាវា​នឹង​បណ្តាល​ឱ្យ​ឈឺ​ចាប់​ខ្លាំង​ភ្លាម​មួយ​រំពេច នៅ​ពេល​ដាក់​ជើង​ផ្ទាល់​ជាន់​ដី ឬ​ដើរ។​ តែ​នេះ​មិនមែន​ជា​គំនិត​ត្រឹម​ត្រូវ​ទេ។ តាមការពិត​ អាការៈ​ឈឺ​ចុក​ចាប់​នៅ​កែងជើង ដោយ​បន្លា បណ្តាល​មក​ពីអាការៈ​​រាល​រលាក​ទេ។ នៅពេល​​ជើងចាប់​ឈឺ ដល់​ថ្នាក់​​​ទៅ​​រក​គ្រូពេទ្យ​ព្យាបាល និង​ថត​ឆ្លុះ​នោះ ឆ្អឹង​បន្លា​កែងជើងរបស់​​អ្នក​ជំងឺ​ខ្លះ​បាន​ដុះ​តាំងពី​ជាង​១០​ឆ្នាំ​ទៅ​ហើយ។ គេ​អាច​សម្គាល់​ការ​ឈឺ​កែង​ជើង​​មាន​បន្លា ដោយច្រើន​តែ​ជា​ការ​ឈឺ​ស្រួច​ស្រាវ នៅ​ព្រឹក​ព្រលឹម​ពេលភ្ញាក់​ពី​ដំណេក និង​មាន​ទម្រង់​ជា​ការ​ឈឺ​ចាក់​ដូច​មាន​ម្ជុល​នៅ​បាត​ជើង ឬ​មាន​អារម្មណ៍​ដូច​មាន​ដែក​គោល​មុត​ក្នុង​ស្បែក​ជើង។ ការ​ឈឺ​កែង​ជើង អាច​ឈឺ​នៅ​ចំពី​ក្រោម​កែងជើង នៅ​ផ្នែក​ខាង​ក្រោយ​នៃកែងជើង នៅ​ជុំ​វិញ​កែងជើង ឬឈឺ​កែងជើង​ទាំង​មូល​តែម្តង។ ជួន​ឈឺ​តែ​ជើង​ម្ខាង ជួន​ឈឺ​ទាំង​សង​ខាង តែ​ជា​អាការៈឈឺ​ដែល​រំខាន​ខ្លាំង ដល់​ការ​ដើរ និង​ដែល​បង្កើន​គ្រោះ​​ធ្វើ​ងាយ​ដួល។ ​រលាក​សរសៃ​ពួរនាំ​ឱ្យ​ឈឺ​កែងជើង? ដោយ​មិន​និយាយ​អំពី​ភាព​គ្រាំ​របស់​ឆ្អឹងជើង បណ្តាលមក​ពី​គ្រោះថ្នាក់ លោត ធ្លាក់​ដួល​បាក់​ ជា​ញឹកញយ មូលហេតុមួយ​ទៀត​នៃ​ការ​​ឈឺ​កែង​ជើង អាច​បណ្តាល​មក​ពីមានបញ្ហា​សរសៃ ឬ​​ការ​រលាក​សរសៃ​ពួរ​​ជើង​។ ​សរីរាង្គ​ស្រោប​សាច់ដុំ​បាត​ជើង​ ដែល​ជា​សរសៃ​តភ្ជាប់​​កែងជើង​ទៅ​ម្រាម​ជួនមាន​វិប្បរិត្ត (ជាំ រលាក ខ្ទាំ) ទើប​ធ្វើ​ឱ្យ​មាន​​អាការៈ​ឈឺ​ចាប់​កែងជើង​។ ករណី​បែប​នេះ ផ្តើម​ឡើង​បន្តិច​ម្តងៗ៖ ដំបូង​ឈឺ​តិច​ ក្រោយ​មក​ឈឺ​កាន់​តែ​ខ្លាំង នៅ​ពេល​ដើរ នៅ​ពេល​ឈរ​យូរ នៅ​ពេល​ឡើង​ចុះ​ជណ្តើរ។ ប៉ុន្តែ​ឱ្យ​បាន​សម្រាក​នឹង​បាត់​ឈឺ​ភ្លាម។ ជួន​ជា​ការ​រលាក​សរសៃ​ពួរ គឺ​សរសៃពួរកែង ដែល​បង្ក​ឱ្យ​ឈឺ​ខ្លាំង​នៅ​ផ្នែក​ខាង​ក្រោយ​នៃ​កែងជើង ហើយ​ដែល​ចាប់​ឈឺ​ឡើង​នៅ​ពេល​ចាប់​ផ្តើម​ប្រឹង​បញ្ចេញ​កម្លាំង​ ឬ​ក្រោយ​ពី​បាន​ហាត់​ប្រាណ​ធ្វើ​កីឡា​ច្រើន​ជ្រុល​ឬសកម្មភាព​ច្រំដែលៗ​ ដូច​យ៉ាង​រត់។ ក្នុង​ករណី​ឈឺ​កែង​ជើង​ដោយ​មូលហេតុ​រលាក​សរសៃពួរកែង ដំណោះស្រាយ​ដ៏​ប្រពៃ​ជាង​គេ​បំផុត គឺ​ការ​សម្រាក​ ដោយ​បញ្ឈប់​រាល់​គ្រប់​សកម្មភាព​ដែល​តម្រូវ​ឱ្យ​សរសៃ​ពួរ​ប្រឹង​ធ្វើការ។ បើ​សរសៃ​ពួរ​នៅ​តែ​បន្ត​ប្រឹង​​ មាន​ចលនា​ នោះ​ជើង​កាន់​តែ​ឈឺ​ឡើង​ៗ ហើយ​អាច​ឈឺជាប់​រហូត​។ ឈឺ​កែង​ជើង​ក៏​អាច​បណ្តាល​មក​ពី​មូលហេតុ​សើៗ​ត្រឹម​ស្រទាប់​ស្បែក។ ឈឺ​នៅ​ពេលមាន​កម្លាំង​​សង្កត់​លើ អាច​មក​ពី​មានភាព​មិន​ប្រក្រតី​នៅ​លើ​ស្បែក​ ដូច​ជា​មាន​ដុះ​ឬសនៅ​បាត​ជើង​ក្រោម​កែង​ជើង ស្បែក​បាត​ជើង​ឡើង​ក្រិន​...

Duration:00:08:05

Ask host to enable sharing for playback control

នឹង​មាន​ថ្នាំ​បង្ការ​ជំងឺ​ទឹក​នោម​ផ្អែមប្រភេទទីមួយ ក្នុង​ពេល​ឆាប់ៗ?

6/5/2024
ជំងឺ​ទឹក​នោម​ផ្អែម ជា​ជំងឺ​រ៉ាំរ៉ៃ​ ដែល​គ្មាន​ថ្នាំព្យាបាល​ឱ្យ​ជា​ដាច់​ទេ។ បើ​ធ្លាក់​ខ្លួន​ឈឺ​ហើយ អ្នក​ជំងឺ​ត្រូវការប្រើ​ថ្នាំ​អស់មួយ​ជីវិត ជាមួយ​នឹង​ផលវិបាក​ជា​ច្រើន​មួយ​គំនរ​ទៀត។ ជាមួយ​នឹង​ការ​រក​ឃើញ​ថា​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទីមួយ ទំនង​បង្ក​ឡើងដោយ​វីរ៉ុស អ្នកស្រាវជ្រាវ​បារាំង​​សង្ឃឹមថា​ពិភពលោក​នឹង​មាន​​ថ្នាំ​បង្ការ​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​នេះ នា​ថ្ងៃអនាគត។ ទឹក​នោម​ផ្អែម​ជា​ជំងឺ​ដ៏​គួរ​ឱ្យ​ខ្លាច​រអារ ព្រោះ​បើ​ធ្លាក់​ខ្លួន​ឈឺ​ហើយ ត្រូវការ​ការ​ព្យាបាល​អស់​មួយ​ជីវិតនិង​សម្រួល​ឱ្យ​មាន​ផលវិបាក​ដល់​សុខភាព​ជា​ច្រើន​ផ្សេង​ទៀត។ ជំងឺ​ទឹកនោម​ផ្អែមមាន​ច្រើន​យ៉ាង​ ​ តែ​​មាន​ពីរ​ប្រភេទ​ធំៗ​ដែល​គេ​ជួប​ប្រទះ​ញឹក​ញាប់​ជាងគេ។ នោះ​គឺ​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទទីមួយ និង​ប្រភេទ​ទីពីរ។ ភាព​ខុស​គ្នារវាង​ប្រភេទ​ជំងឺ​ទឹកនោម​ផ្អែម​ទាំងពីរ​ គឺ​យន្តការ​​របស់​លំពែងក្នុង​ការ​ផលិត​អាំងស៊ុយលីន។ នៅ​ក្នុង​ករណី​ជំងឺទឹក​នោម​ផ្អែម​ប្រភេទ​ទីពីរ លំពែង​មាន​ដំណើរ​ការ​ជាធម្មតាតែ​​មិន​អាច​ផលិត​អ័រមូន​អាំងស៊ូលីន​ប្រកប​ដោយ​គុណភាព​​បាន ឬ​ហេតុអ្វី? ព្រោះ​តែ​មាន​ភាព​ស៊ាំ​នឹង​អាំង​ស៊ុយលីន។ អ្នក​ជំងឺ​ត្រូវ​ការ​អាំង​ស៊ុយលីន​កាន់​តែ​ច្រើន​ឡើង​ ទើប​មាន​ប្រសិទ្ធភាព​បំពេញ​សេចក្តី​ការ​របស់​សរីរាង្គកាយ​បាន។ ទាំង​នេះ​បណ្តាល​មក​ពី​​ធាត់​ពេក ស្រួលពេក និង​មាន​របប​អាហារ​មិន​ត្រឹមត្រូវ ៖ ផ្អែម​ពេក ខ្លាញ់​ពេក ទើប​អាំងស៊ុយលីនមិន​អាច​ចាត់​ចែង​ជាតិ​ស្ករ​បាន​ត្រឹម​ត្រូវ​នាំ​ឱ្យ​មាន​ជំងឺ​ឡើង​។ ចំណែក​ជំងឺទឹកនោម​ផ្អែមប្រភេទ​ទីមួយ ​ ​ដែលឃើញ​​កើ​ត​ជា​ញឹក​ញាប់​ខ្លាំង​លើ​អ្នក​ជំងឺ​វ័យ​ក្មេង ជា​កុមារ ជា​ក្មេង​ជំទង់ ឬ​លើ​​មនុស្ស​ធំខ្លះ​ គឺ​បណ្តាល​មក​ពី​​ប្រព័ន្ធការ​ពារ​ខ្លួន​មាន​ដំណើរការ​មិន​ប្រក្រតី បក​មក​វាយប្រហារលើជា​លិការ​​លំពែង​ឱ្យ​ឈប់​ផលិត​អ័រមូន​អាំងស៊ុយលី ដ៏​ចាំបាច់ខាង​ចាត់​ចែង​ស្រូប​ជាតិ​ស្ករ​។ ​នៅពេល​លំពែង​ឈប់​​ផលិត​អាំង​ស៊ុយលីន​ អត្រា​ជាតិ​ស្ករ​ក្នុង​ឈាម​នឹង​កើន​ឡើង​ គឺ​នៅពេល​នោះ​ហើយ​ដែល​ជំងឺទឹកនោម​ផ្អែមប្រភេទ​ទីមួយ​ចាប់​​លេច​ឡើង។ អ៊ីចឹង​ហើយ​បាន​ជា​អ្នកជំងឺទឹកនោម​ផ្អែមប្រភេទទីមួយ ត្រូវ​ចាក់​អាំងស៊ុយលីន​រហូត។ វីរ៉ុស​Coxsackie B ពិភពអ្នក​វេជ្ជសាស្ត្រ​មិន​ដឹង​ថា​តើ​អ្វីទៅ​ជា​ប្រភពជំរុញ​ឱ្យ​ប្រព័ន្ធការពារ​ខ្លួន​ស្រាប់​តែ​មាន​ដំណើរការ​មិន​ប្រក្រតី​ទេ។ អ្នក​ស្រាវជ្រាវ​ឆ្ងល់​នឹង​ចំណុច​នេះ​ខ្លាំង​ណាស់ និង​តាំងពី​យូរ​យារ​មក​ហើយ​។ គឺ​ទើប​តែ​នៅ​ពេល​ថ្មីៗនេះ​ប៉ុណ្ណោះ ដែល​ក្រុម​អ្នក​វិទ្យាសាស្ត្រ​អាច​ទម្លាយ​ចម្ងល់​របស់​ខ្លួន​បាន។ ដើមហេតុ​ដែល​នាំ​ឱ្យ​ប្រព័ន្ធការពារ​ខ្លួន​មាន​ដំណើរការ​មិន​ប្រក្រតីទៅ​បញ្ឈប់​ដំណើរការ​ផលិត​អាំងស៊ុយលីន​របស់​លំពែង​ គឺ​បណ្តាល​មក​ពីការ​បង្ក​រោគ​របស់​​វីរ៉ុសឈ្មោះ​ Coxsackie B។ នេះបើ​តាម​ការ​សិក្សា​អន្តរជាតិដឹកនាំ​ដោយ​គ្រូពេទ្យ​ជំនាញ​ទឹក​នោម​ផ្អែម លោក Roberto Mallone ​នៅមន្ទីរពេទ្យ​កូសាំង ក្រុង​ប៉ារីស ដែល​ទើប​​ចេញ​ផ្សាយ​ក្នុងទស្សនាវដ្តី​វិទ្យាសាស្ត្រ Sciences Advance នា​ខែ​ឧសភា២០២៤។​ ​ ​ វីរ៉ុសកុកសាគីបេ គឺជាវីរ៉ុស​ដែលគេស្គាល់ និងជា​វីរ៉ុស​​ដែលឆ្លង​លើ​គ្រប់​ក្មេង និង​​នាំ​ឱ្យ​ក្មេងៗមានអាការៈ​​ឈឺ​ក្តៅ​ខ្លួន​ផ្តាសាយ ហៀរ​សំបោរ ​ឬ​ក្អួត​រាករូស​។​ អ្នកជំនាញ​តាមអង្កេត​វីរ៉ុស​នេះយូរមក​ហើយ ព្រោះ​គេ​ឃើញ​វា ឆ្លង​នៅក្នុង​ខ្លួន​ក្មេង​ដែលខ្សោយ​ងាយ​រងគ្រោះ មានប្រវត្តិគ្រួសារឈឺ ហើយ​ក្មេងធ្លាក់ខ្លួនមាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទីមួយ សុទ្ធ​តែមានប្រវត្តិ​ធ្លាប់កើត​ជំងឺ​បង្ករោគ​-រលាក​​ ញយៗខ្លាំង កាលពី​ប៉ុន្មានឆ្នាំ​មុន។ តើ​ហេតុ​អ្វី​បាន​ជាវីរុស​នេះមាន​ច្រើន​នៅ​លើ​អ្នក​ជំងឺ​ទឹកនោមផ្អែម? ​នៅទីបំផុត អ្នក​ស្រាវជ្រាវបាន​រក​ឃើញ​ដូច​ការ​គិត​សង្ស័យ​មែន។ ការ​វិភាគ នៅក្នុង​បន្ទប់​ពិសោធន៍បាន​បង្ហាញ​ឱ្យ​​​ឃើញ​ថា​ វីរ៉ុស​​Coxsackie B មាន​សមត្ថភាព​​​ វាយប្រហារ​​សម្លាប់ ​ដោយ​ផ្ទាល់​ និង​ ​ជា​ពិសេស កោសិកាអ្នក​ផលិត​អាំងស៊ុយលីនរបស់​​លំពែងតែម្តង។ នៅពេល​​វីរ៉ុសនេះ​​វាយប្រហារ​លើ​កោសិកា​លំពែង​ វា​អាច​មានសមត្ថភាពធ្វើ​ឱ្យ​ក្មេងធ្លាក់​ខ្លួនឈឺ​​ជំងឺទឹកនោមផ្អែម​ប្រភេទទី១បាន​ ព្រោះដំបូងឡើង​វីរ៉ុស​នេះបាន​ទៅ​បង្ក​រោគ​​លើ​ជា​លិកា​លំពែង (ធ្វើ​ឱ្យ​រលាក​លំពែង)​។ ប្រព័ន្ធ​ការពារ​ខ្លួនរបស់ក្មេង​មាន​ជំងឺទឹកនោម​ផ្អែម​ប្រភេទ​ទី​១ មិន​អាច​កម្ចាត់​មេរោគCoxsackie B​បាន ហើយដោយ​ឃើញ​មាន​ការ​រោលរលាកដែល​ជា​តំណាង​គ្រោះថ្នាក់ យូរ​និង​ញយ​ពេក ​​ក៏​ចាប់​ផ្តើម​ផលិតអង្គបក្សដិបក្ស​ (អង់ទីក័រ) ការពារខ្លួន​ ដោយ​​ច្រលំ​ ​ទៅ​វាយប្រហារ​លើ​កោសិកា​ល្អ​វិញ។​​ ប៉ុន្តែ ​ជា​សំណាង​ល្អ ​វីរ៉ុស​កុកសាក់គីដែលក្មេង​ណា​ក៏​ធ្លាប់​ឆ្លង​នោះ ​មិន​បានធ្វើ​ឱ្យ​គ្រប់​ក្មេង​កើត​ជំងឺ​ទឹកនោមផ្អែម។ គ្រប់​ការ​ចម្លង​វីរ៉ុស​កុកសាក់គី​មិន​សុទ្ធ​តែ​នាំ​ឱ្យ​មាន​ជំងឺ​ទឹក​នោមផ្អែម​ទេ។ ក្មេង​ដែល​អាច​ធ្លាក់​ខ្លួន​មានជំងឺ​ទឹកនោម​ផ្អែម មកពី​​ប្រព័ន្ធការពារ​ខ្លួន​របស់​ពួក​គេ​មាន​កំរិត...

Duration:00:09:32

Ask host to enable sharing for playback control

ការ​សិក្សា​អូទ្រីស៖ បរិភោគប្រៃ(អំបិល)ពេក បង្កើន​គ្រោះ​កើត​ជំងឺមហារីកក្រពះ

5/22/2024
អំបិល​ជា​សារធាតុ​ចិញ្ចឹម​ចាំបាច់សម្រាប់​សរីរាង្គកាយ។ ខ្វះអំបិល អាច​នឹង​ធ្វើ​ឱ្យ​ហើម និង​មាន​ជំងឺ​ផ្សេងៗ​ជាច្រើន តែបើ​បរិភោគ​ច្រើនជ្រុល (ប្រៃខ្លាំងពេក) ក៏​នឹង​ធ្វើ​ឱ្យ​មាន​ជំងឺ​ជា​ច្រើន​ដែរ មាន​ជា​អាទិ៍ គឺ​ជំងឺ​ឡើង​ឈាម​តែម្តង។​ តែ​ការសិក្សា​ថ្មី​ចុងក្រោយ​មួយ​របស់​អ្នក​វិទ្យាសាស្ត្រ​ជាតិ​អូទ្រីស បាន​បង្ហាញ​ឱ្យ​ឃើញ​ថា អំបិល​មិន​ត្រឹម​តែអាក្រក់​សម្រាប់​សម្ពាធ​ឈាម​ទេ តែការ​បរិភោគ​ប្រៃ មាន​ជាតិ​អំបិល​ច្រើនពេក​​អាច​បង្កើន​គ្រោះ​កើត​ជំងឺមហារីក​ក្រពះ​ដល់​ទៅ​៤០%​ឯណោះ។ តើ​អំបិល​ធ្វើ​ឱ្យ​មាន​​ជំងឺ​មហារីក​ក្រពះ​ យ៉ាង​ដូចម្តេច? អំបិលជា​គ្រឿង​ផ្សំ ជា​សារធាតុ​ដ៏​ចាំបាច់​សម្រាប់​ភាព​រស់​រាន​របស់មនុស្ស។ អាហារ​គ្មានជាតិ​អំបិលជា​អាហារ​ដែល​គ្មានរសជាតិ គ្មានឱជារស មិន​គួរ​ឱ្យ​បរិភោគ ឬ​បរិភោគហើយ​ចង់ខ្យល់​ក៏​មាន។ ប៉ុន្តែ​បរិភោគ​អាហារ​ប្រៃនិង​​អំបិលច្រើនពេក ជះផល​អាក្រក់​ខ្លាំងណាស់​ដល់​សុខភាព ដោយ​បង្ក​ឱ្យ​មាន​ជំងឺ​ជាច្រើន ដូចជា ពុកឆ្អឹង តម្រងនោម ល្បីជាងគេគឺ ជំងឺលើសឈាម ជំងឺសរសៃឈាមបេះដូង ...។ គុណសម្បត្តិនិង​គុណវិបត្តិនៃអំបិល ​អំបិល​មាន​នាទី​ជាតំណ​​គ្រប់​គ្រង​ការ​ផ្តោះប្តូរ ជាតិ​ទឹក ឈាម និង​ខួរ​ក្បាល។ ​អំបិល​ជា​អ្នក​​ស្រូបទប់​សារធាតុ​ទឹក​ក្នុង​សពាង្គកាយ។​ អំបិល​ជា​អ្នកចាត់ចែង​​ចរន្ត​-សម្ពាធឈាម។ គ្មាន​ជាតិ​អំបិល ខួរក្បាល​មិន​អាច​ដំណើរការ​បាន​ទេ ព្រោះគ្មាន​​អំបិល​គ្មាន​​សកម្មភាព​អេឡិចត្រូគីមីនៃ​​ប្រព័ន្ធ​ប្រសាទ​។ មីក្រូសរីរាង្គ​ (ចំណី​អាហារ​ជីវជាតិ​​ទាំង​អំបាលម៉ាន) ​អាច​ស្រូប​ចូលចិញ្ចឹម​​សរីរាង្គកាយ​បាន​ដោយ​សារ ឬ​តាម​រយៈ​​អំបិល។ ប៉ុន្តែ​បញ្ហា​នៅ​ត្រង់​ថា នៅពេល​​​អំបិលមាន​បរិមាណ​​ច្រើនជ្រុល​​ពេកក្នុង​ខ្លួន​ អំបិល​នោះ​វា​នឹង​ទៅ​រំខានជា​ដំបូង​គេ ដំណើរ​ជា​ប្រក្រតី​នៃ​ចរន្ត​ឈាម ដោយ​​ធ្វើ​ឱ្យមាន​​សម្ពាធ​ឈាម​ខ្ពស់។ ដោយហេតុ​ថា​អំបិល​ជា​អ្នក​ស្រូប​ជាតិ​ទឹក ដូច្នេះបើ​អំបិល​ច្រើន​វា​ស្រូប​ទឹក​កាន់​ខ្លាំង ​សម្ពាធ​ឈាមក៏​​ត្រូវប្រឹង​​​ឡើងខ្លាំង​ ទៅ​តាម​នោះ​ដែរ។ ហើយ​បើ​​សម្ពាធ​ឈាម​ឡើង​ខ្ពស់​យូរៗទៅ នោះ​គ្រោះថ្នាក់​ដាច់ ឬ​ស្ទះ​សរសៃឈាម​ខួរក្បាល ​និង ស្លោក​​បេះ​ដូង អាច​លេច​ឡើង​។ អ៊ីចឹង​ហើយ​បាន​ជា​យើង​ចាំបាច់​ត្រូវបរិភោគ​​អំបិល តែ​កុំ​បរិភោគ​ឱ្យ​ច្រើន​ហួសហេតុ។ និយាយ​​ជារួម អំបិល​ ឬ​អាហារប្រៃនាំឱ្យ​មានសម្ពាធឈាម​ខ្ពស់ (ជំងឺលើសឈាម) ដែលជា​កត្តានាំឱ្យមានជំងឺ​សរសៃ​ឈាម​បេះ​ដូង ជាមួយនឹង​ផលវិបាក​យ៉ាង​ធ្ងន់ធ្ងរ ដូច​ជា​ពិការស្លាប់​មួយ​ចំហៀង​ខ្លួន​ឬបាត់បង់ជីវិត​​តែម្តង នៅពេលសម្ពាធ​ឈាម​បុក​ឡើង​ខ្លាំង ក្លាយ​ជា​គ្រោះថ្នាក់​​ដាច់​ឬ​ស្ទះ​សរសៃ​ឈាម​នៅ​ខួរក្បាល ឬ​នៅ​បេះដូង។ ជំងឺសរសៃឈាមបេះដូង សម្លាប់​មនុស្ស​​​ក្នុងមួយថ្ងៃៗ​ជាង​ ​១០ម៉ឺន​នាក់​នៅ​អឺរ៉ុប ពោលគឺ(៤លើ១០)​ជិត​ពាក់កណ្តាលនៃ​ចំនួន​មនុស្ស​ស្លាប់​សរុបក្នុង​មួយ​ថ្ងៃៗ ​ឬ​ត្រូវ​ជា​បួនលាននាក់​ក្នុង​មួយ​ឆ្នាំៗ បើ​គិត​​ក្នុង​កំរិត​ពិភព​លោក​។ នេះជា​តួលេខ​ផ្តល់​ដោយ​អង្គការ​សុខភាព​ពិភពលោក។ មូលហេតុ​ចំបង​ ដែល​​គ្រប់គ្នា​បាន​ដឹង​ស្រេច​និង​តាំងពីយូរមកហើយនោះ​ គឺ​ការទទួល​ទាន​អំបិល​ហួស​កំរិត​សុវត្ថិភាព​​សុខភាព។ ចុះ​តើ​លោក​អ្នក​ពិសាប្រៃ​និង​អំបិល​ច្រើន​ទេ? បើ​ពិសា​ច្រើន​សូម​ផ្តើម​កាត់​បន្ថយ​ ព្រោះ​នៅ​ ការសិក្សាថ្មីមួយ​របស់ក្រុមវេជ្ជសាស្ត្រ​ជាតិអូទ្រីស ទើប​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​សុក្រ​ទី ១៧​ឧសភា​ ក្នុង​ទស្សនាវដ្តី​ Gastric Cancer ​​បានបង្ហាញ​ឱ្យ​ឃើញ​ ​អំពី​គ្រោះ​ថ្នាក់កាន់​តែធ្ងន់ធ្ងរថ្មី​មួយ​បន្ថែម​​ទៀត​​នៃការ​បរិភោគ​អំបិល និង​ជាតិ​ប្រៃខ្លាំង នោះ​គឺអំបិល​អាច​បង្កើន​គ្រោះកើត​​ជំងឺ​មហារីក​ក្រពះ។ បើ​តាម​អ្នក​ស្រាវជ្រាវ​នៅ​មហាវិទ្យាល័យវេជ្ជសាស្ត្រ​នៃសាកលវិទ្យាល័យ​វីយ៉ែន​ប្រទេស​អូទ្រីស អ្នក​មាន​ទម្លាប់​បរិភោគអាហារ​ ដោយ​រោយ​អំបិលបន្ថែម​ ក្នុងម្ហូបពេលបាយ​ ​ មាន​​គ្រោះ​កើតជំងឺមហារីកក្រពះជិត៤០%លើស​អ្នក​គ្មានទម្លាប់​ថែមអំបិល​ក្រៅ​សោះឬ​ថែម​​ម្តងម្កាល​។ នេះ​ជា​លទ្ធផល​នៃ​ការ​សិក្សា​លើ​​ពលរដ្ឋ​អង់គ្លេស​ ​ប្រមាណជិត​កន្លះ​លាននាក់ (៤៧០០០០នាក់) នៅ​រវាង​ពី​ឆ្នាំ​២០០៦​ដល់​ឆ្នាំ​២០១០។ អ្នក​ចូល​រួម​ពិសោធន៍ ត្រូវ​ឆ្លើយ​នឹង​សំណួរ​ទាក់ទង​នឹង​ទម្លាប់​ប្រើ​អំបិលថែម​នៅ​​ពេលទទួល​ទាន។ ដឹកនាំ​សិក្សា​ដោយ​វេជ្ជបណ្ឌិត Selma Kronsteiner-Gicevic et Tilman Kühn អ្នកស្រាវជ្រាវ​បាន​យក​ចម្លើយ​របស់​ពួក​គេ​ទៅ​ប្រៀបធៀប រយៈ​ពេល​១១ឆ្នាំ​ ទៅ​នឹងលទ្ធផលតាមដាន​មើល​កំរិត​សូយ្យូម (ជាតិអំបិល) នៅក្នុងទឹកនោម ដែលជា​រង្វាស់​ឆ្លុះ​បញ្ចាំង​អំពី​បរិមាណ​ទទួល​ទាន​ជាតិអំបិល ​​ និង​ទិន្នន័យ​ជាតិ​នៃ​ជំងឺ​មហារីក។ ការ​ផ្ទៀង​ផ្ទាត់​បាន​បង្ហាញ​ថា អ្នក​ប្រកាស​មាន​ទម្លាប់​ថែមអំបិលក្នុង​អាហារ​ រាល់​ពេល និង​ជាប្រពៃណី​ មាន​ហានិភ័យ​កើត​ជំងឺមហារីកក្រពះ​ដល់​ទៅ​៣៩%លើស​អ្នក​ដែល​បរិភោគសាប (មិនថែម​អំបិលសោះ)។ អ្វី​ដែល​គួរ​ឱ្យ​កត់​សម្គាល់បន្ថែមទៀត​នោះ គឺទំនាក់ទំនង​រវាងជាតិ​ប្រៃ​អំបិល​និង​ជំងឺ​មហារីក​ក្រពះ...

Duration:00:09:09

Ask host to enable sharing for playback control

តើអ្វី​ទៅ​ជា​ដំណេក​​បណ្តុះ​គំនិត?

5/15/2024
គេង​ថ្ងៃ មិន​ត្រឹម​តែ​អាច​ជួយ​ប្រមូល​កម្លាំង​និង​បំពេញ​កង្វះ​ខាត​ផ្នែក​ដំណេកកាលពី​យប់ តែ​អាច​ជួយ​ខួរ​ក្បាល​ ការ​ចង​ចាំ និង​បណ្តុះ​គំនិត​ថ្មីទៀត​ផង។ តើ​ត្រូវ​​គេងថ្ងៃ​យ៉ាងណា​ទើប​អាច​ទាញ​យក​ប្រយោជន៍​ទាំងអស់​នេះ​? សូម​ស្តាប់​បទអត្ថាធិប្បាយ​របស់​អៀង សុខម៉ិញ​ដូច​តទៅ។ ដំណេក​គ្រប់គ្រាន់ និង​ត្រឹម​ត្រូវ​តាម​​ក្បួន​វេជ្ជសាស្ត្រ គឺ​ត្រូវ​សំរាន្ត​​ពី​ ៧ ទៅ ៨​ ម៉ោង​ ជាមធ្យម ក្នុង​មួយ​ថ្ងៃ​។ ដូច​លោក​អ្នក​នាង​បាន​ជ្រាប​​ក្នុង​កម្មវិធី​សុខភាព​មុនៗ ដែល​បាន​លើក​ឡើង​អំពី​ផល​ប៉ះពាល់​​នៃការ​​ទទួល​ទាន​ដំណេក​មិន​គ្រប់​គ្រាន់​។ មាន​ការ​សិក្សាច្រើន​​​ណាស់​ដែលបង្ហាញ​ឱ្យ​​​ឃើញ​ថា ការ​ទទួល​ទាន​ដំណេក​រយៈ​ពេល​ខ្លី​ពេក ផ្តល់​ផល​អាក្រក់​​ដល់​សុខភាព ៖ បង្កើន​គ្រោះ​កើតជំងឺ​ទឹក​នោម​ផ្អែម ជំងឺ​សរសៃ​ឈាម​បេះដូង ធាត់​ជ្រុល​ចុក​ខ្លាញ់ ប្រព័ន្ធ​ការ​ពារ​ខ្លួន​ចុះ​ខ្សោយ បាត់បង់​ការ​ចងចាំ​ និង​ភាព​ប្រុង​ប្រយ័ត្ន​ធ្លាក់​ចុះ​ ​កើត​រោគ​ព្រួយ​ និង​​ជំងឺ​ធ្លាក់​ទឹកចិត្ត​ ។ល។ និង​។ល។ ដោយ​មិន​​ភ្លេច​ឡើយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​ងាយ​កើត​ឡើង​បាន​ពេល​អ្នក​បើកបរ​នឿយហត់​ គេង​មិន​ឆ្អែត អត់​ងងុយ ​ ឬ​ងងុយ​គេង។ ក្រោម​៦​ម៉ោង ចាត់​ទុក​ថា​ “ជា​ដំណេក​មិន​គ្រប់​គ្រាន់” ហើយ។ ដូច្នេះ​ដើម្បី​អាច​បំពេញ​កង្វះ​ខាត​នេះ​បាន​ខ្លះ ដំណោះស្រាយ​តែ​មួយ​គឺ​ការ​ គេង​ថ្ងៃ បង្គ្រប់។ ​ការ​សិក្សាកាន់​តែ​ច្រើន​ឡើងៗ បាន​​បញ្ជាក់​អំពីគុណប្រយោជន៍​នៃ​ការ​សំរាក​ថ្ងៃ។ សម្រាប់​ក្រសែ​ភ្នែក​អ្នក​វិទ្យាសាស្ត្រ​​សំរាន្ត​ថ្ងៃ​មិនមែន​ជា​សញ្ញា​នៃ​ភាព​ខ្ជិល​ច្រអូស​ ដូច​ការ​គិត​របស់​មនុស្ស​ជំនាន់​មុន​មួយ​ចំនួន​ទេ។​ ការ​សំរាក​ថ្ងៃ មាន​ផល​ប្រយោជន៍​ច្រើនណាស់ ៖ អ្នក​ដែល​មាន​កាលវិភាគ​ការ​ងារ​មមាញឹក ជាប់​រដឹក​​ដល់​យប់​ជ្រៅ ការ​សំរាក​ពេល​ថ្ងៃ​បន្តិច​បន្តួច​សោះ​ អាច​នឹង​ជួយបំពេញកង្វះ​ខាត​ផ្នែក​​​​ដំណេក​ពេល​យប់​បាន។ គេង​ថ្ងៃ​អាច​កាត់​បន្ថយ ​Stress អាច​ជួយ​រក្សា និង​ឱ្យ​មាន​​​​ការ​​ចងចាំ​​ល្អ និង​អាច​ផ្ទង់​អារម្មណ៍​បាន​នឹង​ ក្នុង​ការ​បញ្ចេញ​សកម្មភាព​ការងារ​ ឬ​គំនិត​ផ្តួច​ផ្តើម​ល្អ​ និង​ធ្វើ​ឱ្យ​មុខ​ងារ​ប្រព័ន្ធ​ប្រសាទ​មាន​លំនឹង​ល្អ​ឡើង​វិញ។ មិន​តែ​ប៉ុណ្ណោះ សម្រាក​ថ្ងៃ អាច​នឹង​ធ្វើ​ឱ្យ​យើង​ស្ថិត​នៅ​ជា​មនុស្ស​មាន​​សភាព​រហ័ស​រហួនវាង​វៃ​ជានិច្ច​។ អ្នក​វិទ្យា​សាស្ត្រ​អួត​អាង​ច្រើន​អំពី​គុណប្រយោជន៍​នៃ​ការ​សម្រាក​ថ្ងៃ ចុះ​តើ​មាន​ក្បួន​សម្រាកថ្ងៃ​ដែរឬទេ? តើ​ត្រូវ​សម្រាក​ប៉ុន្មាន​ម៉ោង​ ប៉ុន្មាន​នាទី ទើប​ចាត់​ទុក​ថា​ការ​សម្រាក​ថ្ងៃ​ដែល​ផ្តល់​គុណប្រយោជន៍​ល្អ​ឥតខ្ចោះ? បើ​គេង​យូរ​ពេក​ឬ​ឆាប់​ពេក​ អ្នក​ខ្លះ​ភ្ញាក់​បែរ​ជា​ស៊ើងមមើង ញាក់​ញ័រ​ខ្លួន​ទៅ​វិញ។ បើ​ដូច្នេះ​សួរ​ថា​​​តើ​ត្រូវ​ប្រើ​រយៈ​ពេល​ប៉ុន្មាននាទី​​ និង​គេង​នៅ​ពេល​ម៉ោង​ណា ទើប​ចាត់​ទុក​ថា​ជា​ការ​គេង​ថ្ងៃ​ដ៏​ល្អ​បំផុត​នោះ? តើ​មាន​កំរិត​ស្តង់ដារ និង​អនុសាសន៍​ណែនាំ​ដែលអ្នក​ជំនាញ​វេជ្ជសាស្ត្រ​​ទើប​រក​ឃើញថ្មី​ទេ? ២០នាទី​ដើម្បី​ខួរក្បាល គ្មាន​ទេ​ក្បួន​ខ្នាត ឬ​វេជ្ជ​បញ្ជា​ពិសេស​ ប្រាប់​ពី​ រយៈ​ពេល​នៃ​ការ​គេង​ថ្ងៃ ! រយៈពេល​ដ៏​ប្រពៃ គឺ​អាស្រ័យទៅ​តាម​ពេល​វេលា​របស់​បុគ្គល​ម្នាក់ៗ។ រយៈ​ពេល​​គេង​ថ្ងៃ​កំរិត​ស្តង់ដារ និង​ជា​គោល ដែល​គេ​ធ្លាប់​ឮ​កន្លង​មក គឺ ២០​នាទី។ ដំបូន្មាន​នេះ​នៅ​តែ​មាន​តម្លៃ​ជា​និច្ច។ ​អ្នក​ស្រី​វេជ្ជបណ្ឌិត Sylvie Royant-Parola គ្រូពេទ្យ​ឯកទេស​ចិត្តសាស្ត្រ​ដំណេក​ ក៏​ឯកភាព​នឹង​អនុសាសន៍​ខាង​លើ​ដែរ និង​បានផ្តល់​សេចក្តី​ណែនាំ​បន្ថែម​ទៀត​ថា ត្រូវ​សំរាន្ត​ថ្ងៃ នៅ​ពេល​ថ្ងៃ កុំ​ចាំ​ដល់​ពេល​បាក់​រសៀល​ ព្រោះ​វា​អាច​នឹង​ទៅ​រំខាន​ដំណេក​នៅ​ពេលយប់។ ពេល​វេលា​ដ៏​ល្អ​ប្រពៃ​នៃ​ដំណេក​ថ្ងៃ គឺ​នៅ​កណ្តាល​ថ្ងៃ។ ចំណែក​រយៈ​ពេល​វិញ វា​អាស្រ័យ​ទៅ​លើ​ស្ថានភាព​របស់​មនុស្សម្នាក់ៗ។ បើ​អ្នក​មាន​ពេល​សំរាន្ត​យប់​ខ្លី មិន​គ្រប់​គ្រាន់​ខ្លាំង អ្នក​អាចចំណាយ​ពេលដេក​ថ្ងៃ​ ​​ពីរ​ទៅ​បី​ម៉ោង ដើម្បី​ឱ្យ​សរីរាង្គកាយ​អាច​ស្រូប​សាក​ថាមពល​បំពេញ​កង្វះ​ខាត​ដំណេក​នៅ​ពេល​យប់​បាន។ ប៉ុន្តែ​បើ​អ្នក​មាន​ដំណេក​ពេល​យប់​ធម្មតាទេ រយៈពេល​ដ៏​ល្អ​ប្រពៃ​បំផុត​សម្រាប់​សុខភាព គឺ​​២០នាទី​។ សំងំ​សម្រាក​ខួរក្បាលតែ​​២០នាទី​ ទើប​មិន​សូវ​រំខាន​ដល់​ដំណេក​នាពេល​យប់ តែ​គ្រប់​គ្រាន់​សម្រាប់​សរីរាង្គកាយ​ ក្នុង​​បំពេញ​ថាមពល​និង​ប្រមូល​ភាព​ប្រុង​ប្រយ័ត្ន​បាន​យ៉ាង​ពេញ​លេញ​វិញ​។ នេះ​បើ​តាម​ប្រសាសន៍​របស់​អ្នក​ស្រី​វេជ្ជបណ្ឌិត​ដដែល។ ១នាទី​ ដើម្បីគំនិត​ថ្មី ជាង​នេះ​ទៅទៀត ប្រសិន​បើ​អ្នក​ខ្លាច​ជ្រុល​ លង់​ដំណេក​ខក​ ដែល​នាំ​ការ​សម្រាក​ថ្ងៃ​វែង​ជ្រុល​ ជម្រើស​មួយ​ទៀត គឺ​ការ​សំរាក​ថ្ងៃ​តែ​មួយ​ស្រលេត ឬ​ធ្មេញ​ឱ្យ​លក់​មួយ​នាទី ដូច​អ្នក​ប្រាជ្ញ អាល់ប៊ែរ អាំងស្តាញ​ទៅ។ មួយ​ឬ​ពីរ​នាទីយ៉ាង​ច្រើន​នេះ​ គ្រប់​គ្រាន់​សម្រាប់​ប្រមូល​​អារម្មណ៍មក​​ផ្ចង់ធ្វើ​ការងារ​ប្រកប​ដោយ​ប្រសិទ្ធភាព​​បន្ត​ទៀត​បានផង និង​ជួយ​បណ្តុះ​គំនិត​ថ្មីៗ​ផង។ ការ​គេង​ថ្ងៃ​ដ៏​ខ្លី​បែប​នេះ...

Duration:00:09:15

Ask host to enable sharing for playback control

តរោម​ភ្នែក​អាចប៉ះពាល់​ដល់​សុខភាព​ភ្នែក?

5/8/2024
តើ​អ្នក​ធ្លាប់​​ស្រមៃ​ចង់​បាន​រោម​ភ្នែក​វែង​កោង​-ង​ដែរឬទេ? ត-បណ្តុះ​រោម​ភ្នែក​ឱ្យ​វែង​ក្រាស់​ល្អ កំពុង​ពេញ​និយម​ខ្លាំង​សម្រាប់​សុភាព​នារី​ទាំងឡាយ។ ប៉ុន្តែ​ ការ ត-អ៊ុត ឬ​កាត់រោម​ភ្នែក​ និង​លាប​ផាត់​មុខ មិនមែន​គ្មាន​ហានិភ័យ​សម្រាប់​សុខភាព​ទេ។ តើ​ជា​ហានិភ័យ​យ៉ាងណា? ដុះ​នៅ​ចុង​ត្របក​ភ្នែក និង​ជា​រោម​តូចៗមែន តែរោម​ភ្នែក​ អាច​ជួយ​លើក​សម្រស់និង​ពន្លឺ​​​​ក្រសែ​ភ្នែកឱ្យ​​កាន់​តែមាន​លក្ខណៈ​​ទាក់ទាញ។​​​ ​តួនាទី​របស់​រោម​ភ្នែកមិន​កំរិត​ត្រឹម​ការ​ផ្តល់​ភាព​ទាក់ទាញនិងលើក​សម្ផស្សមុខមាត់ទេ។ មនុស្ស​គ្រប់​រូប​ច្រើន​ប្រហែស​មើល​រំលង មិន​សូវ​គិត​ដល់​ឡើយ តែ​តាមការពិត​ទៅ​នោះរោមភ្នែក​មានចំណែក​យ៉ាង​សំខាន់​ក្នុងការ​​ការពារ​គ្រាប់​ភ្នែក​ទាំង​គូ​របស់​យើង ពី​ភាព​គំរាមកំហែង​ផ្សេងដែល​មាន​ប្រភព​មក​ពី​ខាង​ក្រៅ។ ​រោម​ភ្នែក​មាន​តួនាទី​ដូចម្តេច​ខ្លះ? ដូច​រោម​ចិញ្ចើម រោម​ភ្នែក​មាន​​នាទីសំខាន់​បី គឺ ជា​របង​ការពារផង ជា​លក្ខណៈបញ្ចេញ​​ទឹក​មុខផង និង​ ភាព​​ទាក់ទាញទៀត។ រោម​ភ្នែក​ជា​របង ជា​រនាំង ទប់​ វត្ថុ​មិន​ស្អាត ជា​​កម្ទេច ​លម្អង ធូលី ឱ្យ​ត្រឹម​គល់រោម​លើ​​ត្របក​ភ្នែក កុំ​ឱ្យ​ចូល​ក្នុង​ភ្នែក​បាន។ រោម​ភ្នែក ​ជា​ទំនប់ទប់​​តំណក់​ញើស​ ដែល​ជា​ទឹក​​​មិន​បរិសុទ្ធ​ មិន​ឱ្យហូរ​ចូល​មក​រំខាន​ភ្នែក​។ ហើយ​ជា​ចុងក្រោយ រោម​ភ្នែក​ប្រៀប​ដូច​ជា​វាំងនន ចាំបាំង​ទប់​កុំ​ឱ្យ​ពន្លឺ​ថ្ងៃ ឬ​កាំរស្មី​ព្រះ​អាទិត្យ ចាំង​ចូល​ភ្នែកខ្លាំង​ ដោយ​ត្រង់ៗ​ពេក នៅ​ពេល​បើក​បិទ​ភ្នែក។ រោម​ភ្នែក​មាន​ចំណែក​ជួយ​​លើកដាក់​ទឹកមុខ។ យោង​ទៅ​តាម​កម្រាស​និង​ប្រវែងរបស់​​រោម​ភ្នែក ទឹក​មុខ​មនុស្សអាច​​ប្រែប្រួលស្រស់​ស្អាត​ដោយយ៉ាង ឯ​ក្រសែភ្នែកក៏​អាច​ជ្រៅ​ ​និង​មាន​លក្ខណៈ​រលឹម​ទៅ​តាម​នោះ​ដែរ។ ពោល​គឺពេល​ធ្មេចបើកម្តងៗ ​រោម​ភ្នែកជា​តំណាង​​​នៃ​ភាព​​ទាក់ទាញ​​​របស់មនុស្ស មិន​ថា​ជា​​ស្ត្រី​ឬ​​ប្រុសឡើយ​។ ដូច​ពាក្យ​ចាស់​លោក​ថា មនុស្ស​ល្អ​​​នៅ​ត្រង់​ភ្នែកភ្លឺ​ថ្លា​ ​មាន​រោមភ្នែក​កោងង​ដូច​គេ​ពត់។ បើ​ចិញ្ចើម​ និង​រោម​ភ្នែក​ ជា​តំណាង​នៃ​ភាព​ទាក់ទាញ និង​ស្រស់​ស្អាត​ដូច្នេះ តើ​នរណា​មិន​ចង់​បាន​រោម​ភ្នែក​ងក្រាស់​ល្អនោះ។ ប៉ុន្តែ​ធម្មជាតិ​បង្កើត​មនុស្ស​មក​មិន​ដូច​គ្នា​ទេ។ ខ្លះ​មាន​រោម​ភ្នែក​ខ្លី ស្តើង រង្វើល ហើយ​សំយ៉ុង​ចុះទៀត។ ខ្លះ​ក៏​មាន​រោម​ភ្នែក​ក្រាស់ វែង និង​កោង​ ង​ល្អ​​ ដែល​លើក​សម្ផស្ស និង​ក្រសែ​ភ្នែក​ឱ្យ​កាន់​តែ​មានមន្ត​​ស្នេហ៍​ខ្លាំង​បន្ថែម​ទៀត។ ហេតុ​ដូច្នេះ​ហើយបាន​ជា នៅ​ពេល​ផាត់​មុខចូល​រួម​ក្នុង​កម្មវិធី​ធំៗ អ្នក​សំអាង​តែង​បំពាក់​រោម​ភ្នែក​ជូន​ភ្ញៀវ​។ វា​ក៏​មិនមែន​​ជា​ការ​កម្រ​ដែរ ​ដែល​ស្ត្រី​ខ្លះ​មិន​ចូល​ចិត្តតែង​ខ្លួន​​លាប​ម្សៅលាប​ក្រេម​មែន តែ​មិន​ភ្លេច​ឡើយ​ការ​​គូស​ចិញ្ចើម​ និង​ គូស​ភ្នែក​ លាប​ម៉ាស្ការ៉ា រំលេច​រោមភ្នែក​ លម្អ​មុខ​មាត់នោះ។ បិទ​រោម​ភ្នែក​សិប្បនិម្មិត​ជាក៏​​អ្វី​ដែល​មាន​ធ្វើ​ច្រើន​កន្លង​មកដែរ។​ តរោម​ភ្នែក​អាចបង្ក​ហានិភ័យ​យ៉ាងណា? ស្ត្រី​ខ្លះ​ ហ៊ាន​ចំណាយ​ដល់​ទៅ​សាក់​ចិញ្ចើម និង​គល់​រោម​ភ្នែក ដើម្បីរំលេច​និង​បង្អួស​ក្រសែ​ភ្នែក​ និង​​កុំ​ឱ្យ​ពិបាកចំណាយ​ពេល​គូរផាត់​រាល់​ថ្ងៃ។ បច្ចុប្បន្ន និន្នាការ​ដ៏​ពេញ​និយម​មួយ​ទៀត គឺ​ការ​អ៊ុត ត​រោម​ភ្នែក​ឱ្យ​ឡើង​វែង​ កោង​ បាន​យូរ​តែ​ម្តង។ តើ​លោក​អ្ន​ក​នាង​ធ្លាប់​បាន​សាកល្បង អ៊ុត​ត រោម​ភ្នែក​ ហើយ​ឬនៅ? បច្ចេកទេស​បណ្តុះ​ត​រោម​ភ្នែក​នេះ គឺ​ជា​ការ​បិទ​រោម​ភ្នែក​សិប្បនិម្មិត​លើ​រោម​ភ្នែក​ធម្មជាតិ​ ដើម្បី​ឱ្យ​មើល​ទៅឃើញ​ក្រាស់​និង​វែងជាង​មុន។ ដើម្បី​បិទ​ឬ​ត​រោម​ភ្នែក​សិប្បនិម្មិត គេ​ត្រូវ​ការ​ប្រើ​ដង្កៀប​សម្រាប់​ដក​រោម​ធំ​វែង ចាប់​រោម​ភ្នែក​សិប្បនិម្មិត​យក​ទៅ​បិទ​នៅ​ចន្លោះ​រោម​ភ្នែក​ពិត​ដោយ​ប្រើ​​​ជ័រកាវ​ មាន​សណ្ឋាន​អន្ធិលៗ។ ស្តាប់​ទៅហាក់​ដូច​ជា​ស្រួល​ណាស់ តែ​បញ្ហា​នៅ​ត្រង់​ថា​ បច្ចុប្បន្ន​នេះ នរណា​ក៏​អាច​ប្រកាស​ និង​តាំងខ្លួន​ជា​អ្នក​ជំនាញ​បណ្តុះ​ត​រោម​ភ្នែកបាន​ដែរ​​ ដោយ​​គ្មាន​បានទៅ​រៀន​សូត្រ​ហាត់​ហ្វឹក​ជំនាញ​នេះ​សោះ។ ហើយរូប​យើង​ផ្ទាល់​ក៏អាច​ទៅ​រក​ទិញ​ប្រដាប់​ត​រោម​ភ្នែក​តាម​អ៊ីនធ័រនែត រួច​ធ្វើ​ខ្លួន​ឯង​នៅ​ផ្ទះ​ក៏​បាន​ទៀត។ ប៉ុន្តែ​សូម​ប្រុង​ប្រយ័ត្ន​ ប្រសិន​បើ​លក្ខខណ្ឌ​អនាម័យ​មិន​គ្រប់​គ្រាន់​ ហើយ​សម្ភារៈ​ប្រើប្រាស់​មិនស្អាត មិន​​បាន​សម្អាត​សម្លាប់​មេរោគ​ត្រឹម​ត្រូវ​ទេ អ្នក​អាច​នឹង​មាន​បញ្ហា​រលាក​ ការ​បង្ក​រោគ​ និង​ឡើង​​ពពែឆ្កែ​ ព្រោះ​រោម​ភ្នែក​គឺ​ជា​ច្រក​ផ្លូវ​ដែល​បាក់តេរី​អាច​ឆ្លង​ចូល​ក្នុង​ភ្នែក​បាន។ ជាង​នេះទៅ​ទៀត គ្រូ​ពេទ្យ​ឯកទេស​ភ្នែក​បាន​ពន្យល់​ថា សមាសធាតុ​ផ្សំ​នៅក្នុង​ជ័រកាវ​ខ្លះ​អាច​នាំ​ឱ្យ​មាន​ការ​រោល​ ឬ​អាល់ឡែកហ្ស៊ី​តែម្តង​ផង។ មាន​​អ្នក​ចូល​ចិត្ត​ត​រោម​ភ្នែក​ច្រើន​ណាស់​បានក្លាយ​ជា​ជន​រងគ្រោះ ​ជួប​ករណី​អាល់ឡែកហ្ស៊ី​ ហើយ​បង្ហោះ​ផ្សាយ​ប្រាប់​តាម​បណ្តាញ​សង្គម។ ទម្រង់​នៃអាល់ឡែកហ្ស៊ី​បង្ក​ឡើង​ដោយ​ការ​ត​រោមភ្នែក អាច​ជា​ការ​លេច​ឡើង​នូវ​ក្រមរ​ស្រែងនៅ​ចុង​ត្របក​ភ្នែក​។...

Duration:00:09:27

Ask host to enable sharing for playback control

តើ​អ្វី​ទៅ​ជាអាការៈ​អស់​រដូវ​ ឬ​​វិបត្តិ​ហា​ប្លាយរបស់​បុរស​?

4/24/2024
ក្នុង​ខណៈ​​ដែល​ស្ត្រីគ្រប់​រូប ត្រូវ​ឆ្លង​កាត់​ជា​ចាំ​បាច់​ដំណាក់កាលធ្វើ​ទុក្ខ​មិន​ស្រណុក​ខ្លួន​ព្រោះ​​អស់រដូវ​ (Ménopause) បុរសចូល​ដល់​វ័យ​៥០ឆ្នាំ​ឡើង​ទៅ​​ក៏​មាន​អាការៈ​ប្រហាក់​ប្រហែល​នឹង​បាតុភូត​អស់​រដូវ​របស់​ស្ត្រី​ដែរ។ ​អាការៈអស់​រដូវ​សម្រាប់​បុរស​ មាន​ឈ្មោះ​ជា​ភាសា​បារាំង​ថា អង់ដ្រូប៉ូស្ស Andropause ឬវិបត្តិ​ហាប្លាយជា​ភាសា​សាមញ្ញ។ តើ​វិបត្តិ​Andropause ​ជា​អ្វី? មាន​រោគ​សញ្ញា​យ៉ាងណា? និង​អាច​ព្យាបាល​ការពារបាន​ដែរឬទេ? តាំងពី​ចូល​វ័យ​៥០​ឆ្នាំ​ប្លាយ​មក តើ​អស់​លោក​ជា​បុរស​ធ្លាប់​មាន​អារម្មណ៍​អស់​កម្លាំងចម្លែក ចុះ​ខ្សោយ​ បែក​ញើសស្អិត​​ពេល​យប់ សម្រាន្ត​មិន​ស្កប់ ចេះ​មួរមៅ បាត់​​ចំណង់​តណ្ហា ឬ​លែង​សូវបះ​​ខឹង​​ផ្តេសផ្តាសទេ? ទាំង​អស់​នេះ​ជា​អាច​ជាអាការៈ​ធម្មតា​នៃ​​ដំណើរ​ធម្មជាតិរបស់​មនុស្សចាស់​ទេ តែ​ក៏​អាច​ជា​សញ្ញា​ប្រាប់​ថា​អ្នក​កំពុង​មានអាការៈអស់​រដូវ​Andropause ដែរ។ បុរស​មាន​រដូវ​ដែរឬ? តើ​ការ​អស់​រដូវ​អង់ដ្រូប៉ូស្ស ឬ​ការ​អស់​រដូវ​បុរស​ជា​អ្វី? នៅ​អាយុចម្លោះ​ចាប់​ពី​៤៥-៥៥​ឆ្នាំ ប្រព័ន្ធ​សរីរាង្គកាយ​​ស្ត្រី​ឈប់​ផលិត​អ័រមូន​បន្ត​ពូជទាំងស្រុង​ (អូវ៉ែរ​ឈប់​បញ្ចេញ​អ័រមូន​oestrogène និង progesterone) ដែល​គេ​និយម​ហៅ​ថាដំណាក់កាល​​អស់​រដូវ ឬ​Ménopause ជា​ភាសាបារាំង។​ ឯខាង​បុរសគ្មាន​រដូវ​គ្មាន​ខែ​ដូច​ស្ត្រី​មែន តែ​ដល់​​អាយុ​ខ្ទង់​នេះ​ បុរស​ក៏ចេះ​ចុះ​ខ្សោយ និង​​ឆ្លង​ចូល​ដល់​​ដំណាក់មួយ​ដែល​ការ​ផលិត​​អ័រមូនផ្លូវភេទ​ចុះ​ថយ​​ជា​លំដាប់​ដែរ គ្រាន់​តែ​ប្រព័ន្ធបន្ត​ពូជ​បុរស​​មិន​បញ្ឈប់​តួនាទី​ទាំង​ស្រុង​ ដូច​ស្ត្រីតែ​ប៉ុណ្ណោះ​។ បុរស​នៅ​តែ​​រក្សា​លទ្ធភាពប​ន្ត​ពូជបាន​​ដដែល។ ​មានន័យ​ថា​ចូល​ដល់​វ័យ​៥០​ឆ្នាំ​​ស្ត្រី​លែង​មាន​រដូវ និង​លែង​សមត្ថភាពបង្ក​កំណើត​កូនតាម​បែប​ធម្មជាតិ​ហើយ ឯ​ចំណែក​បុរស​វិញ ​អាច​មាន​កូន​រហូត​ដល់​ថ្ងៃ​ស្លាប់។ នេះ​ជា​ភាព​ខុស​គ្នា​ដ៏​ធំ​មួយ​រវាង​ស្រ្តី​និង​បុរស ដែល​ជំរុញ​ឱ្យ​អ្នក​ជំនាញ​មួយ​ចំនួន បដិសេធ​មិន​ហៅ​ Andropause ថា​ជាអាការៈ​អស់​រដូវ​បុរស សម្រប​តាម​អាការៈអស់​រដូវ​របស់​ស្ត្រី​Ménopauseទេ។ ម្យ៉ាង​ទៀត ដោយជាក់ស្តែង​នោះ មាន​បុរស​តែ​ប្រមាណពី​​១០ទៅ២០%​ ដែល​កើត​អាការៈ​អង់ដ្រូប៉ូស្ស ចាប់​ពី​​អាយុ​៥០ឆ្នាំទៅ និង​រហូត​ដល់​៥០%​សម្រាប់​បុរស​វ័យ​ចំណាស់​លើស​ពី​៧០ឆ្នាំ។ Andropause ​ជា​បាតុភូត​សរីរៈ​វិទ្យា​ដែល​គេ​ពុំ​ទាន់​ស្គាល់​ច្បាស់​នៅឡើយ​ទេ ហើយ​ក៏​​គ្មានដែរ​​និយមន័យ​ណា​កំណត់​អាយុ​ដែល​មាន​​អង់ដ្រូប៉ូស្សនោះ​។ ការ​អស់​រដូវ​បុរស​គឺចង់​សំដៅ​លើ​ការ​ធ្លាក់​ចុះ​អ័រមូនភេទ​របស់​បុរស​ដែល​គេ​ស្គាល់​ច្បាស់​ជាង​គេ​គឺ​អ័រមូន​ “តេស្តូស្តេរ៉ូន” និង​អ័រមូន​ផ្លូវភេទផ្សេងៗ​ទៀត យ៉ាង​សន្សឹមៗ​ ទៅ​តាម​វ័យ​ និង​តាម​ច្បាប់​ធម្មជាតិ ចាប់​ពី​អាយុ​៤៥​ឆ្នាំ​ឡើង​ទៅ។ ហើយ​​អង់ដ្រូប៉ូស្ស​បុរស​ ក៏​មិនមែន​ជា​ដំណាក់កាលដែល​អាច​​បែង​ចែង​ឱ្យ​ដាច់​ស្រលះ​រវាង​ពេល​មុន​និង​ពេល​ក្រោយ​ ដូច​ករណី​មនុស្ស​ស្រី​ទេ។ តេស្តូស្តេរ៉ូន ជា​អ័រមូន​ផ្លូវ​ភេទ​បញ្ចេញ​ដោយ​សរីរៈ​ភេទ​ មាន​ច្រើន​សម្រាប់​បុរស និង​តិច​តួច​សម្រាប់​ស្ត្រី ​ទើប​បានជា​​គេ​ឱ្យ​ឈ្មោះ​ថាអ័រមូន​បុរស។​ អ័រមូន​នេះ​មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការ​ទ្រទ្រង់​សុខមាលភាពអារម្មណ៍​និង​រាងកាយ។ ចំពោះ​មនុស្សប្រុស​ តេស្តូស្តេរ៉ូន​មួយ​ភាគ​ធំ​ផលិត​ដោយ​ពង​ស្វាស និង​ជា​អ្នក​ចាត់​ចែង​គ្រង់គ្រងចំណង់​តណ្ហា​ ម៉ាសឆ្អឹង ខ្លាញ់ សាច់ដុំ និង​ការ​ផលិត​គ្រាប់​ឈាម​ក្រហម​និង​ស្ពែម៉ាតូហ្សូអ៊ីត។ ពោ​ល​គឺ​អ័រមូន​នេះ​មាន​បេសកកម្ម​ធំ​ណាស់ សម្រាប់​ជាមោទនភាព​បុរស។ បរិមាណ​អ័រមូន​បុរស​ តេស្តូស្តេរ៉ូន ឡើង​ខ្ពស់​ខ្លាំងបំផុត​​នៅ​អាយុ​ម្តុំ​ខ្ទង់​២០​ឆ្នាំ។ ​ចាប់​ពី​អាយុ​៣០​ឆ្នាំ​ឡើង​ទៅ​ អត្រា​តេស្តូស្តេរ៉ូន ក្នុង​ឈាម​ចាប់​​ធ្លាក់​ចុះ ដោយ​ឯងៗ​ក្នុង​កំរិត​១ទៅ​២%​ក្នុង​មួយ​ឆ្នាំៗ។ ការ​ធ្លាក់​ចុះ​បរិមាណ​អ័រមូន​បុរសនេះ ធ្វើ​ឱ្យខូច​គុណភាព​ជីវិត​ខ្លាំង​ណាស់ និង​ ​ចេញ​ចាស់​ ​​ភ្លាម​ភ្លែត​​គួ​រឱ្យ​ភ្ញាក់ផ្អើលសម្រាប់​បុរស​ខ្លះ។ ​ស្ត្រី​ក្រោយ​អស់​រដូវ​ចាប់​មានអត្រា​តេស្តូស្តេរ៉ូន​ថយ​ចុះ​ជា​លំដាប់​ ដោយជួន​មាន ​ជួន​គ្មានរោគ​​សញ្ញា​ទេ។ តើ​អាការៈ​អស់​រដូវ​បុរស​ផ្តល់​រោគ​សញ្ញា​ដូចម្តេច​ខ្លះ? ដោយ​និយាយ​តែ​ពី​ករណី​បុរស​មាន​សុខភាព​ធម្មតា​គ្មាន​ជំងឺ​ជាប់​ក្នុង​ខ្លួន អាការៈ​សញ្ញា​របស់​បុរស​អស់​រដូវ​អង់ដ្រូប៉ូស្ស មាន​ប្រហាក់ប្រហែល​នឹង​ស្ត្រី​អស់​រដូវដែរ។ អាការៈ​រោគ​ទាំង​នោះ​មាន​ដូច​ជា ធ្លាក់​កម្លាំង ថយ​ថាមពលចេះ​ចង់​សម្រាក​ថ្ងៃ​ ខ្លះ​ប្តូរ​ផ្លាស់​ឥរិយាបថ និង​អត្តចរិក ក្លាយ​ជាមនុស្ស​ឆាប់​ខឹង ចេះ​ខូច​​ចិត្តបែប​បាក់​ទឹក​ចិត្ត​ផង និង​អាច​មាន​វិបត្តិ​ដំណេក​ទៀត។ ស្រកសាច់​ដុំ លែង​សូវ​មាន​រោមពុកមាត់​ពុកចង្កា ឬ​ ក្បាល​ឡើង​ឆក ឡើង​ទំពែក ស្បែកក៏​​ឡើង​ស្រអាប់ ស្ងួត តែ​សម្បូរ​ខ្លាញ់​អាក្រក់ ទៅ​ស្តុក​ផ្តុំ​នៅ​ម្តុំ​ពោះធ្វើ​ឱ្យ​ដុះ​ក្បាល​ពោះ​។ ចេះ​​ក្តៅ​ឆួល​ បែក​ញើស​នៅពេល​យប់​ ខ្សោយ​សមត្ថភាព​ផ្លូវភេទ...

Duration:00:08:11

Ask host to enable sharing for playback control

តើការ​ជក់​​កញ្ឆា​ប៉ះពាល់​ដល់សុខភាព​​ខួរក្បាល​និង​ផ្លូវ​ចិត្ត​យ៉ាងណាខ្លះ?

4/19/2024
អាល្លឺម៉ង់ជា​ប្រទេស​ដ៏​ធំ​ជាង​គេ ដំបូងបង្អស់​​នៅ​អឺរ៉ុប​ដែល​អនុវត្ត​ច្បាប់​សេរី​និយម​ អនុញ្ញាត​ឱ្យ​ជក់​ ទិញ កញ្ឆា​តាមទីសាធារណៈ និង​ដាំ​កញ្ឆា​នៅ​តាម​ផ្ទះ ដើម្បីជាការ​​កំសាន្ត​លំហែចិត្ត។ ប៉ុន្តែ​កញ្ឆា​ជា​គ្រឿង​ញៀន​​មួយ​ប្រភេទ​ដែល​ល្បី​ខាង​ធ្វើ​ឱ្យ​ខូច​ខួរក្បាល​​ និង​ផលវិបាក​ជា​ច្រើន​ផ្សេង​ទៀតណាស់​ចំពោះ​សង្គម​និង​សុខភាព។ នេះ​ជា​ឱកាស​បូក​សរុប​ឡើង​វិញ​អំពី​ផល​ប៉ះពាល់​នៃ​កញ្ឆា​ចំពោះ​សុខភាព​។ បន្ទាប់ពី​ប្រទេស​ម៉ាល់ត៍ នៅ​ឆ្នាំ​២០២១ លុចសំបួរ​នៅឆ្នាំ២០២៣ ចាប់​ពី​ថ្ងៃទី​១​មេសា​២០២៤មក ប្រជាពលរដ្ឋ​អាល្លឺម៉ង់​ពេញ​វ័យ​អាយុ​ចាប់​១៨​ឆ្នាំ​ឡើង​ទៅ ក៏​អាច​ជក់ អាច​មាន​កញ្ឆា​ក្នុង​ហោបៅ​ចំនួន​​២៥​ក្រាម​ បាន​ដែរ​ នៅ​តាមទី​សាធារណៈ និងដល់​ទៅ​៥០ក្រាម​​ទុក​នៅក្នុង​ផ្ទះ ព្រមទាំង​អាច​​ដាំ​កញ្ឆានៅ​តាម​យ៉​ផ្ទះ​របស់​ខ្លួន​បាន​ដល់​ទៅ​បី​ដើមទៀត​ផង។ នេះ​ជា​លទ្ធផល​​នៃ​ការ​ធ្វើ​កំណែទម្រង់​ច្បាប់​របស់​រដ្ឋាភិបាល​អាល្លឺម៉ង់ ព្រម​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ប្រើ​កញ្ឆាកំសាន្ត​​ដោយ​ស្រប​ច្បាប់។ ជា​ការ​​ទន្ទឹង​រង់​ចាំ​បំផុតសម្រាប់​អ្នកធ្លាប់​និង​ចង់​ប្រើប្រាស់​កញ្ឆា ​តែទន្ទឹម​គ្នា​នេះ​ ​ក្តី​ព្រួយ​បារម្ភ​ក៏កើត​​មាន​ច្រើន​ខ្លាំង​ដែរ​ក្នុង​រង្វង់​អ្នក​ជំនាញសុខាភិបាល និង​មតិសាធារណៈ​ទូទៅ។ ហេតុ​អ្វី​បាន​ជា​ពួក​គេ​ព្រួយ​បារម្ភ​ចំពោះ​បើក​ផ្លូវ​ឱ្យ​ប្រើកញ្ឆា​ជា​សាធារណៈ? តើ​កញ្ឆា​ជា​អ្វី​? ​កញ្ឆា​ជា​រុក្ខជាតិ​ម្យ៉ាង ងាយ​ដាំ ងាយ​ដុះ និង​មាន​ផ្ទុក​សារធាតុ​ពុល ឬ ម៉ូលេគុល សំខាន់​មួយ មាន​ឈ្មោះ​ថា Tetrahydrocannabinol ហៅ​កាត់ THC ដែល​ជា​ភ្នាក់ងារ​ទទួល​ខុស​ត្រូវ​បង្ក​ឥទ្ធិពលអាក្រក់​​លើ​ប្រព័ន្ធ​ប្រសាទ ដោយ​អាច​ធ្វើ​ឱ្យ​អ្នក​ជក់​បាត់​បង់វិចារណ​ញ្ញាណ​ ងាយ​ច្របូក​ច្របល់​ ក្នុង​បរិស្ថាន ក្នុង​ពេលវេលា និង​ទីកន្លែង។ កញ្ឆា​​ត្រូវ​បាន​គេ​ចាត់​បញ្ចូលជា​​គ្រឿង​ញៀនមួយ។ កំហាប់​របស់​កញ្ឆា ប្រែប្រួល​ទៅ​តាម​របៀប​ផ្សំ​ធ្វើ និង​ទៅ​តាម តំបន់​នៃ​ការ​ដាំដុះ។ ក្រោយ​ពី​បាន​កែច្នៃ សម្ងួត ឬ បំប្លែង​ឱ្យ​ចេញ​ជា​សណ្ឋាន​ផ្សេង​គ្នា​មក រុក្ខជាតិ​កញ្ឆា ត្រូវបាន​អ្នក​ប្រើប្រាស់​ដាក់​ឈ្មោះ​ប្លែកៗ​គ្នា ទៅ​តាម​ទម្រង់។ បើ​ជា​ស្លឹកនិង​ធាងសម្ងួត គេ​ច្រើន​និយម ហៅ​ថា ស្មៅ Herbe។ ចំណែក​ឯ​ជ័រ​របស់​វា​ ដែល​ខ្ចប់​ជា​បន្ទះ ឬ​ទ្រវែង មាន​ពណ៌បៃតង ត្នោត ឬ​លឿងវិញ មាន​ឈ្មោះ​ថា Haschich ឬ hachis hash។ កញ្ឆា​ទាំងពីរ​ប្រភេទ​នេះ ត្រូវ​បានគេ​យក​មក​លាយ​ជក់​ជាមួយ​នឹង​បារី។ ជា​ចុង​ក្រោយ​គឺ​ប្រេង​កញ្ឆា ដែល​គេ​ច្រើន​ជក់​ក្នុង​ខ្សៀ ប៉ុន្តែ​ពុំ​សូវ​មាន​ធ្វើ​ចរាចរណ៍​ច្រើន​ទេ។ តើ​កញ្ឆា​ផ្តល់​ភាព​ញៀន​ខ្លាំង​កំរិតណា? តាំងពី​មាន​ការ​បែង​ចែក ច្បាប់​ទាក់ទង​នឹង​បញ្ហា​គ្រឿង​ញៀន​នៅ សតវត្ស​ទី២០​មក កញ្ឆា​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​គ្រឿង​ញៀន​ខ្សោយ ឬ អាច​និយាយ​ផ្ទុយ​មក​វិញ​បាន​ថា បើ​គេ​ប្រើ​ពាក្យ គ្រឿង​ញៀន​ខ្សោយ​នោះ​គឺ​គេ​និយាយ​សំដៅ​លើ​កញ្ឆា​ហើយ។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ គ្រូពេទ្យ​ជាច្រើន​យល់​ថា កញ្ឆា​មិនមែន​ជា​គ្រឿង​ញៀន​ខ្សោយ ដូច​ដែល​គេ​បាន​គិត​ពី​មុននោះ​ទេ ការ​ពិត​កញ្ឆា​ជា​គ្រឿង​ញៀន ដែល​មាន​ប្រតិកម្ម​យឺតប៉ុណ្ណោះ។ នៅ​ពេល​បាន​ចូល​ជ្រាប​ដល់​ក្នុង​សារពាង្គកាយ​មនុស្ស​ណា​ហើយ មនុស្ស​នោះ​ត្រូវ​ការពេល​វេលា​យូរ​ណាស់​សម្រាប់បំផ្លាញ​សារធាតុពុលញៀន​ THC​របស់​កញ្ឆា​នេះ​វិញ។ ខុស​ពី​ជំនឿ​ដែល​មាន​កន្លង​មក ហានិភ័យធា្លក់​ខ្លួន​​ញៀន​ដោយ​កញ្ឆា ទាប​ជាងជក់​​បារី និង​សុរា (គ្រឿង​ស្រវឹង)ទេ។ ដើម្បី​ប្រៀបធៀប និ​ង​បើ​គិត​ជា​តួលេខ ហានិភ័យ​ញៀន​កញ្ឆា​មាន​កំរិត​ប្រមាណ​១០% ឯ​ការ​ជក់​បារី មាន​ជាតិ​នីកូទីន មាន​ហានិភ័យ​ញៀន​ដល់​ទៅ​៣៥% និង​១៧%​សម្រាប់​ការ​ជក់​អាភៀន និង​១៥%​សម្រាប់​អ្នក​ផឹក​ស្រា។ គ្រាន់​តែ​ថា​ អ្នកជក់​កញ្ឆា​ខ្លះ​អាច​អភិវឌ្ឍ​ភាព​ញៀន​​ខ្លាំង​មែនទែន​តែម្តង។ កញ្ឆា​ធ្វើ​​មនុស្ស​កើត​រោគ​រវើរវាយដូចវិកលចរិក​មែនឬ? ថ្វី​បើ​កញ្ឆា​ត្រូវ​បាន​វេជ្ជសាស្ត្រ​យក​មក​ប្រើ​ជា​ថ្នាំ​សម្រាប់​ព្យាបាល​ជំងឺ​មួយ​ចំនួន​មែន ប៉ុន្តែ​កញ្ឆា​ជាប់​ឈ្មោះ​អាក្រក់ ថាអាច​​​ធ្វើ​ឱ្យ​មនុស្ស​ឆ្កួត ខូច​ខួរក្បាល​ មាន​រោគ​ចិត្ត​ដូច​កើត​រោគរវើរវាយឬ​​បាក់ទឹកចិត្ត។ ការ​អះអាង​បែប​នេះមិន​ខុស​ទាំង​ស្រុង​ទេ។ កញ្ឆាមិនមែន​ជា​មូលហេតុ​ផ្ទាល់​នាំឱ្យ​​មាន​រោគ​ឆ្កួត​ទេ។ ​​គ្រប់​អ្នក​ជក់​មិនសុទ្ធ​តែ​ធ្លាក់​ខ្លួន​ឈឺកើត​រោគ​រវើរវាយឡើយ​ តែ​សម្រាប់អ្នក​មាន​សុខភាព​ទន់​ខ្សោយ​ ងាយ​រងគ្រោះ មាន​ស្នាម​ស្រេច មាន​ប្រព័ន្ធ​​កោសិការងាយ​ទទួល​សារធាតុ​ញៀន ​កញ្ឆា​ជាអ្នក​ជួយ​រុញ​ឱ្យ​​ធ្លាក់​ខ្លួន​មាន​ជំងឺ​ប៉ះពាល់​នឹង​ផ្លូវ​ចិត្ត ​រវើរវាយ​ណាស់ ក្រោយ​ពី​បានជក់​កញ្ឆាហើយ។បញ្ហា​ដ៏​ធំ​របស់​កញ្ឆា​មួយ​ទៀត ពេល​ជាតិ​កញ្ឆាជ្រាប​ចូល​ក្នុង​ខ្លួន​ភ្លាម អ្នក​ជក់​មាន​អារម្មណ៍​រីករាយ ទន់ភ្លន់ រួសរាយ​ខុស​ធម្មតា និង​សើច​សប្បាយ​ណាស់។​​ ប៉ុន្តែប៉ុន្មាន​ម៉ោង​ក្រោយ​មក ជាតិ​ពុល​កញ្ឆា​នឹង​ធ្វើ​សកម្មភាព​លើ​ខួរ​ក្បាល​ និង​ប្រព័ន្ធ​ប្រសាទ។ កញ្ឆា​...

Duration:00:07:07

Ask host to enable sharing for playback control

សារធាតុ​រ៉ែ​ដែក​មាន​សារៈ​សំខាន់​យ៉ាង​ណា​សម្រាប់​សរីរាង្គកាយ?

4/11/2024
​​មនុស្ស​យើង​ម្នាក់ៗ​មាន​ផ្ទុក​ជាតិ​រ៉ែ​ដែក​ក្នុង​ខ្លួនតិច​តួច​បំផុត គឺ​​ប្រមាណតែ ​​៤ក្រាម។ ប៉ុន្តែ​​​ ជាតិដែក​​ជា​សារធាតុចិញ្ចឹម ​ដែលសរីរាង្គ​កាយ​​មិន​អាច​ខ្វះ​បានទេ និង​ក៏​​មិន​ត្រូវ​ឱ្យ​មាន​ច្រើន​ជ្រុលឡើយ។ បើ​ខ្វះជាតិ​ដែក មនុស្ស​​​អាច​នឹង​មាន​អាការៈ​ខ្វះ​ឈាម ស្លេក​ស្លាំង អស់​កម្លាំង​ ធីងធោង​។ តែ​បើ​មាន​ជាតិ​ដែក​ច្រើន​ជ្រុល​ ​វាក៏​អាច​បង្ក​ឱ្យ​មាន​បញ្ហា​អស់​កម្លាំង ឈឺ​ចុក​ចាប់​នៅ​សន្លាក់ ឬអាច​ធ្វើ​ឱ្យ​ខូច​ដល់​ថ្លើម​ និង​តម្រង​នោម​ទៀត។ តើ​រ៉ែ​ដែក​មាន​តួនាទី​ និង​សារៈ​សំខាន់​យ៉ាង​ខ្លះ​សម្រាប់​សុខភាពសរីរាង្គកាយ? សារធាតុ​ខ្លះ​មាន​ចំនួន​តិច​តួច​ ស្ទើរ​គ្មាន​ទម្ងន់​សោះ​ក្នុង​សរីរាង្គ​មនុស្ស ​ប៉ុន្តែ​មាន​តួនាទី​គន្លឹះ​ និង​មិន​អាច​ខ្វះ​បាន​ទេ​សម្រាប់​ទ្រទ្រង់​ឱ្យ​មាន​សុខភាព​ល្អ។ នោះ​គឺ​សារធាតុ​រ៉ែ។ សារជាតិ​រ៉ែមាន​​ជា​ច្រើន​មុខណាស់ តែ​នៅថ្ងៃ​នេះ ​កម្មវិធី​សុខភាព​សូម​លើក​មក​និយាយ​តែ​អំពី​​សារធាតុ​រ៉ែ​ដែកមួយ​ទេ។ ជាតិ​​​​ដែកដ៏​​ចាំបាច់​ ត្រូវ​មាន​កំរិត​រង្វាស់​ដ៏​ត្រឹម​ត្រូវ​បំផុត​ មិន​ឱ្យត្រូវ​ឱ្យ​លើស​ឬ​ខ្វះ​បានឡើយ។ សរីរាង្គកាយ​មនុស្សធំ​ពេញ​វ័យ​ម្នាក់ៗមាន​ផ្ទុក​៣,៥​ទៅ៥​មីល្លីក្រាម​ក្នុង​មួយ​គីឡូក្រាម ឬសរុបទៅ​​ ​ត្រូវ​ជាប្រមាណតែ​៤​ក្រាម​ប៉ុណ្ណោះ។ តិចតួច​មែន ប៉ុន្តែ​បើ​ខ្វះបន្តិច​ មនុស្ស​​​អាច​នឹង​មាន​អាការៈអស់​កម្លាំង​ ធីងធោង ​ខ្វះ​ឈាម ស្លេក​ស្លាំង ហើយ​បើ​មាន​ច្រើន​​ជ្រុល​ ​វាក៏​អាច​បង្ក​ឱ្យ​មាន​បញ្ហា​អស់​កម្លាំង ឈឺ​ចុក​ចាប់​នៅ​សន្លាក់ និង​ចុងក្រោយ​អាច​ធ្វើ​ឱ្យ​ខូច​ដល់​ថ្លើម​ និង​តម្រង​នោម​ទៀត។ តើ​សារធាតុ​រ៉ែ​ដែក​មាន​តួនាទី​ក្នុង​សរីរាង្គ​កាយ​មនុស្ស​យ៉ាង​ណាខ្លះ? ដែក​ជា​សារធាតុ​រ៉ែដ៏​ចាំ​បាច់​ដែល​មាន​តួនាទី​ដំបូង​គេ​គឺ​ផលិត​គ្រាប់​ឈាម​ក្រហម Globule rouge សម្រាប់​ពាំនាំ​អុកស៊ីហ្សែន​ទៅ​ចិញ្ចឹម​កោសិកានានា​របស់​សរីរាង្គកាយ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ផលវិបាក​ទីមួយ​នៃ​ការ​ខ្វះ​ជាតិ​ដែក​ នឹង​ធ្វើ​ឱ្យ​មានកង្វះ​គ្រាប់​ឈាម​ក្រហម ឬ​ហៅ​ថា​ជំងឺ​ស្លេក​ស្លាំង​ ខ្វះ​ឈាមក្រហម​។ ដូច្នេះ​ខ្វះ​ជាតិ​ដែក​អាច​ជា​ដើម​ហេតុ​មួយ​នៃ​ជំងឺ​ខ្វះ​គ្រាប់​ឈាម​ក្រហម។ តួនាទី​ធំ​ចម្បង​ជា​អ្នក​ផលិត​គ្រាប់​ឈាម​ក្រហម​មែន​ហើយ ​តែ​សារធាតុ​រ៉ែដែក​ក៏​ជា​អ្នក​ចូល​រួម​ចំណែក​ទ្រទ្រង់​ការ​លូត​លាស់​របស់​សរីរាង្គ​ផ្សេងៗ​ទៀតដូច​ជា សាច់​ដុំ ខួរក្បាល ឬ​បេះដូង ។ល។ និង​។ល។ ព្រមទាំង​បញ្ញាញាណ​របស់​ក្មេង។ ​ស្ត្រី​និង​បុរស​ត្រូវការ​ជាតិ​ដែក​មិន​ដូច​គ្នា។ អាស្រ័យ​ទៅ​តាម​​វ័យ ​ស្ត្រី​អាច​ត្រូវការ​ជាតិ​ដែក​ច្រើន​ជាង​បុរស ដូច​ជា​នៅ​ពេល​ចាប់​ពេញ​វ័យ (ចូល​វ័យ​ក្រមុំ) ស្ត្រី​មាន​ធ្លាក់​រដូវ បាត់​បង់​ឈាម​​ជា​រៀង​រាល់​ខែ។ ដើម្បី​អាច​បំពេញ​នូវ​ការ​បាត់​បង់គ្រាប់​ឈាម​ក្រហម Globule Rouge ​ស្ត្រី​ត្រូវ​បង្កើនកំរិត​​ជាតិ​​ដែកឱ្យ​​ខ្ពស់។ រយៈ​ពេល​មាន​ផ្ទៃពោះ ក៏​ជា​ពេល​វេលា​ដែលស្ត្រីកាន់​តែ​ត្រូវ​ការរ៉ែដែក​ច្រើន​​​ លើស​ធម្មតាដែរ ដោយ​សរីរាង្គកាយ​​ត្រូវ​ការផលិត​គ្រាប់​ឈាម​ក្រហមសម្រាប់​យក​ទៅ​ចិញ្ចឹម​ម្តាយអ្នក​ពរពោះ​​ក៏ដូច​ជា​ទារក​ក្នុង​ផ្ទៃ។​​ ​ ជាតិ​ដែក​សំខាន់​ខ្លាំង​សម្រាប់​ដំណើរការ​របស់​សរីរាង្គ តែ​ត្រូវ​ឱ្យ​មាន​រង្វាស់ដូស​យ៉ាង​ត្រឹម​ត្រូវ មិន​ច្រើន​ពេក​ និង​មិន​តិច​ពេក។ ការ​វិភាគ​ឈាម ជា​មធ្យោបាយ​ដ៏​សាមញ្ញ​ដើម្បី​វាស់​បរិមាណ​ជាតិ​ដែក ដែល​មាន​​នៅក្នុងចរន្ត​​ឈាម (ជាប្រូតេអ៊ីនដឹក​ជញ្ជូន​ជាតិ​ដែក​ទៅ​ឱ្យ​សរីរាង្គ​ឬ​ហៅ​ជា​ភាសា​បច្ចេកទេស​ថាTransferrine) និង​ជាតិ​ដែកជា​សារធាតុ​បម្រុង (Ferratine)។ ការខ្វះ​ជាតិ​ដែក​ផ្តល់​ផលវិបាក​និង​រោគ​សញ្ញា​ដូចម្តេច​ខ្លះ? កង្វះ​ជាតិ​ដែក ជា​កង្វះ​អាហារូបត្ថម្ភ​ដែល​គេ​ជួប​ប្រទេស​ជា​ញឹក​ញាប់​ជាង​គេ។ ប៉ុន្តែ​កង្វះ​សារធាតុ​មួយ​មុខ​នេះ ច្រើន​តែ​កើត​ឡើង​ដោយ​ស្ងាត់ៗ ពុំ​មាន​រោគ​សញ្ញា​អ្វី​ជា​ជាក់​លាក់​ទេ​ នៅ​ពេល​ដំបូង។ សូម​ស្តាប់​ប្រសាសន៍​របស់​លោក​វេជ្ជបណ្ឌិត​ Laurent Frenzel គ្រូពេទ្យឯកទេស​ឈាម​និង​សន្លាក់​ និង​ជា​អ្នក​ទទួល​ខុស​ត្រូវ​​មជ្ឈមណ្ឌល​ឈាម​នៅមន្ទីរ​ពេទ្យ​Necker Enfants malades ក្រុង​ប៉ារីស​ប្រទេស​បារាំង រៀប​រាប់​អំពី​រោគ​សញ្ញា​ខ្លះ​ ដែល​ដាស់​ស្មារតី​យើង​ឱ្យ​ចាប់​អារម្មណ៍​ដល់​បញ្ហា​ខ្វះ​ជាតិ​ដែក។ លោក វេជ្ជបណ្ឌិត Laurent Frenzel៖ “គ្មាន​សញ្ញារោគ​ច្បាស់លាស់​បញ្ជាក់​អំពី​អាការៈ​ខ្វះជាតិ​ដែកទេ តែ​អាច​ជា​ការ​បាត់​បង់​រសជាតិ លែង​ឆ្ងាញ់​អាហារ​ ឬ​​ ជា​ការ​ជ្រុះ​សក់​ ដែល​ជា​ផលវិបាក​បង្ក​ឡើង​ការ​ខ្វះ​ជាតិ​ដែក។ ផលវិបាក​ដ៏​ចម្បង​មួយ​ទៀត​នៃ​ការ​ខ្វះ​ជាតិ​ដែក​នោះ​គឺការធ្លាក់​ចុះ​នៃ​បរិមាណ​គ្រាប់​ឈាម​ក្រហម​ ពោល​គឺ​ការ​លេច​ឡើង​នូវ​ជំងឺ​ខ្វះ​គ្រាប់ឈាម​ក្រហម។ គឺនៅពេល​ចាប់​មានជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម​ ទើប​រោគ​សញ្ញា​នឹង​ស្តែង​ចេញ​ឡើង ដូច​ជា​​ស្លេក​ស្លាំង អស់​កម្លាំង​ខ្លាំង ឆាប់​ហត់។ តែ​ទម្រាំឃើញ​​រោគ​សញ្ញាទាំង​អស់​​នេះ មាន​ន័យ​ថា​វេលា​បាន​កន្លង​ទៅ​អស់​យូរ​ក្រែលទៅ​ហើយ។...

Duration:00:09:07

Ask host to enable sharing for playback control

កូឡាហ្សែន​ពិត​ជា​អាច​ជួយ​ធ្វើ​ឱ្យ​នៅ​ក្មេង​ជាង​វ័យ​មែនឬ?

3/13/2024
ជា​គ្រាប់​ដូច​ថ្នាំ ជាម្សៅ​​អាហារ​បន្ថែម​ ជា​ឡេ​លាប​ស្បែក កូឡាហ្សែន​កំពុង​ពេញ​និយមខ្លាំង​ណាស់​នាពេល​បច្ចុប្បន្ន។ កូឡាហ្សែន​ដែ​ល​គេប្រើ​សម្រាប់​ព្យាបាល​ជំងឺ​ពុកឆ្អឹងស្គាល់​តាំងពី​យូរ ត្រូវ​បាន​ឧស្សាហកម្ម​អួតអាង​អំពី​ប្រសិទ្ធភាព​ផ្នែក​ប្រយុទ្ធ​ប្រឆាំង​ភាព​ចាស់​ជីវជ្រួញ​របស់​ស្បែក​ទៀត។ តើ​កូឡាហ្សែន​ជា​អ្វី ? កូឡាហ្សែន​មាន​ឥទ្ធិពល​លើ​ស្បែក​ និង​ភាព​ក្មេង​របស់​មនុស្ស​យ៉ាងណា? ជួយ​ឱ្យ​នៅក្មេង​ជាង​វ័យ ជួយចិញ្ចឹម​​ស្បែកឱ្យ​តឹង​​ភ្លឺរលោង​ល្អ ឱ្យ​សក់​មាន​សំរិល ឱ្យ​ក្រចក​ដុះ​ល្អ​ ... ទាំង​នេះសុទ្ធសឹង​ជា​ពាក្យ​ឃោសនាផ្សាយ​ពាណិជ្ជកម្ម​អំពីគុណប្រយោជន៍​នៃ​ថ្នាំ​បំប៉ន​កូឡាហ្សែន ដែលមានផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​នៅ​តាម​អ៊ីនធ័រនែត។ ផលិតផល​មាន​ជាតិ​កូឡាហ្សែន​កំពុង​ក្លាយ​ជា​របស់​ពេញ​និយម​សម្រាប់​មនុស្ស​ទាន់​សម័យ​ទំនើប។ តើ​កូឡាហ្សែន​ជាអ្វី? កូឡាហ្សែន​ជា​ប្រូតេអ៊ីន​ដ៏​ចាំបាច់​សម្រាប់សរីរាង្គកាយ​មនុស្ស​ និង​មាន​នៅ​ក្នុង​គ្រប់​សរីរាង្គ​ទាំង​អស់ ៖ នៅក្នុង​ស្បែក សរសៃ សាច់ដុំ សន្លាក់ ឆ្អឹង។ ​ប្រូតេអ៊ីនកូឡាហ្សែនជា​​រចនា​សម្ព័ន្ធដ៏ចាំបាច់​របស់​ជាលិកានៃ​សរីរាង្គមនុស្ស​។ ​ជាមូលេគុលក្នុង​ទម្រង់​ជា​​សរសៃ​ប្រទាក់​​​ទ្រទ្រង់ ​ចងភ្ជាប់ភ្ជិតកោសិកាក្នុង​សរីរាង្គកាយ​ទាំង​មូល ទាំង​ផ្នែក​ខាង​ក្រៅ និង​ខាង​ក្នុង។​ បើ​សរសៃ​កូឡាហ្សែន ញឹក​ឆ្មារប្រទាក់​គ្នា​ខ្លាំង សាច់​ សរសៃ ឆ្អឹង សាច់​ដុំ​ និង​ជាលិកា​ផ្សេងទៀត​មួយ​ជំលៀសធំ ក៏​ជិត​ រឹង​មាំ តឹង​ណែន​ល្អ​ទៅ​តាម​នោះ។ ដូច​ពាក្យ​អ៊ីចឹង​ហើយ​បាន​គេ​ដាក់​ឈ្មោះ​កូឡាហ្សែន កុល មានន័យថា​បិទ​ភ្ជាប់ ជាភាសាបារាំង។ ​ ​កូឡាហ្សែន ជា​ប្រូតេអ៊ីន​ដ៏​ច្រើន​ជាង​គេ​បំផុត​នៅក្នុង​ខ្លួន​មនុស្ស មាន​ច្រើនប្រភេទ​ណាស់។ យ៉ាងហោច​ក៏​២៨ប្រភេទ​ដែរ។ ប្រភេទ​នីមួយ មាន​តូនាទី និង​ទីតាំង ព្រមទាំង​សកម្មភាព​ខុសគ្នាៗ។ ប៉ុន្តែ​គ្មាន​ប្រយោជន៍​អ្វី​​នឹង​រៀបរាប់​លម្អិត​​អំពី​ប្រភទេកូឡាហ្សែនទាំងជិត​៣០នោះមួយ​ម្តងៗ​ទេ ព្រោះ ៩០%​នៃ​កូឡាហ្សែន​ក្នុង​ខ្លួន​មនុស្ស​ជា​កូឡាហ្សែនប្រភេទទីមួយ ទីពីរ និង​ទីបី។ ប្រភេទទីមួយ​មាន​នៅ​ក្នុង​ស្បែក​ សរសៃ និងឆ្អឹង ជាមួយ​នឹង​តួនាទី​ផ្សះផ្សាភ្ជិត និង​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​ចាស់​របស់​ជាលិកា។ ប្រភេទ​ទីពីរ​មាន​នៅ​ត្រង់​ឆ្អឹង​ខ្ចី ដើម្បី​ទ្រទ្រង់​ចលនា​បត់​បែន​របស់​សន្លាក់។ ចំណែក​ប្រូតេអ៊ីន​កូឡាហ្សែន​នៅ​សាច់​ដុំ នៅ​តាម​សរីរាង្គនីមួយៗ និង​នៅ​តាមសរសៃ​ឈាម ជា​ប្រភេទ​ទីបី។ កូឡាហ្សែនជាប្រូតេអ៊ីន​ធម្មជាតិ​ដែល​កើត​មាន​នៅ​ក្នុង​សរីរាង្គកាយ​មនុស្ស តាម​រយៈ​ការ​​ធ្វើ​សំយោគ​ពី​ចំណីអាហារ​។ តាំងពី​ក្មេង​និង​ក្នុង​វ័យ​កំពុង​លូត​លាស់ សរីរាង្គ​ផលិត​ជាតិ​កូឡាហ្សែនច្រើន​ខ្លាំងជាង​​​គេ​បំផុត។ ប៉ុន្តែ​ចាប់​ពី​អាយុ​២៥ឆ្នាំ​​ទៅ ការ​ផលិត​កូឡាហ្សែនតាម​ច្បាប់​​ធម្មជាតិរបស់​សរីរាង្គមនុស្ស​​ចាប់​ធ្លាក់​ចុះ។ បរិមាណ​កូឡាហ្សែន​ក្នុង​សរីរាង្គ​កាយ​ចាប់​ផ្តើម​ថយ​ ក្នុង​កំរិត​ជាមធ្យម​១,៥%​។ ​ចូល​ដល់​អាយុពី​៣០-៤០ឆ្នាំ និង​អាស្រ័យ​លើ​ពូជ​ព្រមទាំង​របៀបរបប​រស់​នៅផង ការ​បាត់​បង់​កូឡាហ្សែន​អាចជា​ការ​​ស្រក​ស្រុត​ដោយ​សន្សឹមៗ ​ឬអាចមាន​លក្ខណៈ​ជា​គំហុក ​ដែល​​ស្តែង​ឱ្យ​ឃើញ​នឹង​ភ្នែក ដូច​ជាការ​​ធ្លាក់​ខ្លួន​ចាស់ ចេញ​ស្នាម​ជ្រីវជ្រួញ​​នៅ​លើ​ស្បែក ឬ​ចាប់​ចេះ​មាន​អារម្មណ៍​ឈឺ​នៅ​តាម​សន្លាក់។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​យើង​ចាំបាច់​ត្រូវ​ចេះ​ថែរក្សា​ខ្លួន​ បំពេញ​បំប៉នធន​ធាន​កូឡាហ្សែន​ឱ្យ​បាន​ច្រើន​បំផុត​ក្នុង​វ័យ​កំពុង​លូត​លាស់​​ ដើម្បី​ជា​​ទុន​សុខភាព​សម្រាប់​ថ្ងៃក្រោយ និង​នៅ​ពេល​ចាស់​ទៅ។ បើ​អ៊ីចឹង​តើត្រូវ​បំពេញ​ឱ្យ​សរីរាង្គកាយ​នូវជាតិ​ប្រូតេអ៊ីនកូឡាហ្សែន​បានយ៉ាងដូចម្តេច? ដូច​បាន​ជម្រាប​ពី​ខាង​ដើម កូឡាហ្សែន ជា​ប្រូតេអ៊ីន​ដែលមាន​នៅក្នុង​ខ្លួន​មនុស្ស តាមបែប​ធម្មជាតិ​​​។ ជា​អ្នកទ្រទ្រង់​រចនា​សម្ព័ន្ធ​ស្បែក សក់ សាច់ដុំ សរសៃ និង​ឆ្អឹង។ គឺ​កូឡាហ្សែន​ជា​អ្នក​ផ្តល់​ភាព​តឹងរលោង​​នៃ​ស្បែក មាន​ចំណែក​ការជួយ​ឱ្យ​មាន​ទន់ភ្លន់​ងាយបត់​បែន​ចលនា​នៅ​តាម​សន្លាក់ ឬ​ផ្តល់​ទម្ងន់និងភាពភ្លឺរលោង​ដល់សក់ និង​ ភាព​មាំហាប់​នៃ​សាច់ដុំ។ តែ​នៅ​ពេលណា​​បរិមាណកូឡាហ្សែន​ធម្មជាតិ​​ចាប់​ផ្តើម​ចុះ​ថយ​ មនុស្ស​ចាប់​ផ្តើម​មាន​ជំងឺ​ និង​មាន​​សញ្ញាស្បែក​ចាស់​​ជ្រីវជ្រួញ យារ​ ឬ​លែង​សូវ​ទន់​ភ្លន់។ ម្យ៉ាង​វិញ​ទៀត វា​ជា​កត្តា​សត្យានុម័ត កូឡាហ្សែន​ធម្មជាតិ​ក្នុង​ខ្លួន​មនុស្ស​ នឹង​ចុះ​ថយ​ជា​លំដាប់​ទៅ​តាម​វ័យ​។ ដូច្នេះ​វា​ពិត​ជា​ឡូស៊ិក​ណាស់​ដែល​មនុស្ស​គ្រប់គ្នា​គិត​ឃើញ​ថា​ការ​​បរិភោគ ឬលេប​ថ្នាំ​បំប៉ន ឬ​លាប​​កូឡាហ្សែន​​អាចនឹង​​ទប់ស្កាត់​​ភាព​ចាស់ជរានៃ​ស្បែក​បាន។ ដើម្បីសន្សំ​ប្រូតេអ៊ីន​កូឡាហ្សែន គ្មាន​អ្វីប្រសើរ​ជាង​ការ​ទទួល​ទាន​​ចំណីអាហារមាន​ផ្ទុក​និង​សម្បូរ​ទៅ​ដោយ​ជាតិ​កូឡាហ្សែន​ទេ។ អាហារ​ទាំងអស់​នោះ​គឺ ​អាច​ជាត្រី សាច់ ស៊ុត​ស តែ​សម្បូរ​ខ្លាំងជាង​គេ គឺ​ឆ្អឹង​គោ ឆ្អឹង​ជ្រូក ឆ្អឹង​មាន់ (ជា​ឆ្អឹង​កន្ទុយ​ ឆ្អឹង​ចុងជើង...

Duration:00:09:30

Ask host to enable sharing for playback control

តើប្រេង​កូឡាមាន​​ប្រសិទ្ធភាពយ៉ាងណា​ តាម​បែប​វិទ្យាសាស្ត្រ​?

3/9/2024
តឹង​ច្រមុះ​ ឈឺក្បាល ឈឺ​ពោះ ចុក​ដៃ រួយ​ជើង រមាស់​ស្បែក មូសខាំ ... សូម​យក​ប្រេង​កូឡា​មក​លាប​ អ្នក​​នឹង​បាន​ធូរ​ស្បើយ​។ ទាំង​នេះ​ជា​កាយ​វិការ​និង​ជា​យោបល់ ​ដែល​ចាស់ៗមាន​ទម្លាប់​ណែនាំឱ្យ​ក្មេង​ៗ​ប្រើ។ តើ​ប្រេងកូឡា​ពិត​ជា​មាន​ប្រសិទ្ធភាព​មែនឬ? ចុះតើ​វិទ្យាសាស្ត្រ​ពន្យល់​អំពី​ប្រេងកូឡា​នេះ​យ៉ាងណា? ប្រេង​កូឡា​សញ្ញា​រូប​ស្វា ប្រេង​កូឡា​សញ្ញា​រូប​ខ្លា ប្រេង​កូឡា​សៀម ប្រេង​កូឡា​សាំងហ្កាពួរ តើ​លោក​អ្នក​ធ្លាប់​ប្រើ និង​ដឹង​អំពី​ប្រវត្តិ​ពិត ព្រមទាំង​ប្រសិទ្ធភាព​របស់​​ប្រេងកូឡា​ទេ? ​មាន​ឈ្មោះ​ជា​ប្រេងកូឡា ​​​ផលិតផលនេះ​ត្រូវ​បាន​​រក​ឃើញ​និង​ផ្សំ​ឡើង​ដោយ​គ្រូ​ឱសថបូរាណ​ចិន Aw Chu Kim រស់​នៅក្នុង​ប្រទេស​ភូមា កាលពី​ចុង​សតវត្សរ៍​ទី​១៩ (១៨៧០)។ ស្តេច​​ចិន​សម័យ​នោះ​ក៏​បាន​ប្រើ​ប្រេងកូឡានេះ​សម្រាប់​ព្យាបាល​រោគា​ស្រាល​ៗ​ជា​ច្រើន​មុខដែរ។ ត្រូវ​បាន​បណ្តា​ជន​នៅអាស៊ី​ចាត់​ទុក​ជាឱសថ ប្រេងកូឡា​ឬ ​​ប្រេង​ខ្យល់ (ប្រេងកូឡា​ជា​វត្ថុរាវ) អាច​​ព្យាបាល និង​បន្ធូរ​បន្ថយ​​អាការៈ​ច្រើន​មុខណាស់។ ប្រេងកូឡា​ពណ៌​ក្រហម​ ខ្លាំង​ជាង​ប្រេង​កូឡា​ពណ៌​សធម្មតា ហើយ​ត្រូវ​នឹង​អាការៈ​រលាក គ្រេច​ថ្លោះ ឈឺសន្លាក់​​ ឈឺ​ចុក​ស្រពន់​សាច់​ដុំ​ ឈឺ​ខ្នង​ឈឺ​ចង្កេះ។ ចំណែក​ប្រេងកូឡា​សវិញ ត្រូវ​នឹង​ជំងឺ​​ឈឺក្បាល តឹង​ច្រមុះ ​ ឈឺ​ពោះ​ រមាស់​ដោយ​សត្វ​ល្អិត​ទិច​ឬ​ខាំ។ ពោល​គឺ​ប្រេង​កូឡាជា​ឱសថ​​ត្រូវ​នឹង​ជំងឺ​មួយ​រយ​មុខ​។ ពេល​នេះ​ប្រេង​កូឡា​ល្បីល្បាញ និង​បានហូរ​ចូល​មក​ដល់​អឺរ៉ុប​។ តើ​អាច​ទៅ​រួច​ទេ​ដែល​ផលិតផល​មួយ​អាច​ត្រូវ​នឹង​ជំងឺ​រាប់​សិប​មុខ​យ៉ាង​ដូច្នេះ? ប្រេង​កូឡាផ្សំ​ឡើង​ពី​អ្វី​ខ្លះ​? និង​ពិត​ជា​ឱសថ​ទិព្វ​ដូច​ជំនឿ​ទាំង​អស់​នេះមែន​​ឬ? បើ​និយាយ​អំពី​ថ្នាំពេទ្យផលិត​តាម​បែប​វេជ្ជសាស្ត្រ​និ​ង​វិទ្យាសាស្ត្រ​ វា​កម្រ​ណាស់​ដែល​ថ្នាំ​មួយ​មុខ​អាច​ត្រូវ​នឹង​ជំងឺ​ដ៏​ច្រើន​ដូច​ប្រេងកូឡា​នោះ។ លោកសាស្ត្រាចារ្យ​វេជ្ជបណ្ឌិត Alain Astier ប្រធានគ្រប់គ្រ​ងសេវា​​ផ្នែក​ឱសថ​នៃ​មន្ទីរពេទ្យ​ហង់រី​ម៉ុងដ័រ ក្រេតី ក្បែរក្រុង​ប៉ារីស បាន​ព្រមាន ឱ្យ​អ្នក​ប្រើប្រាស់​គ្រប់​គ្នា​ចេះ​ត្រេះរិះនិង​​ប្រុង​ប្រយ័ត្ន​ មុន​នឹង​សម្រេច​លាប​ប្រេងកូឡា។ ប្រេង​កូឡា​ផ្សំ​ឡើង​ដោយ​សារធាតុ​ប្រេង​របស់​រុក្ខជាតិ​ជា​ច្រើន​មុខ ដូច​ជា​ឈើឯម ជីរអង្កាម ដើមប្រេង​ខ្យល់ ជាតិ​ម៉ង់តុល campre ...។ ប្រេង​របស់​សារធាតុ​ផ្សំ​ពីរ​មុខ​ចុងក្រោយ​នេះ អាច​ពុល​ដល់​ប្រព័ន្ធ​ប្រសាទ​ និង​ធ្វើ​ឱ្យ​អ្នក​លាប ហិត​និង​ស្រូប​ក្លិន​វា ទៅ​ជា​​ប្រកាច់​បាន។ តើ​ប្រេង​កូឡា​មាន​ប្រសិទ្ធភាព​ពិត​ដូចម្តេច​ខ្លះ? ស្បែក​មនុស្ស​ចាស់ ជា​ស្បែក​ក្រាស់ដែល​មិន​ងាយ​ជ្រាប​ទេ មាន​ន័យ​ថា​ សារធាតុ​ខ្លាញ់/​ប្រេង​ ដូច​យ៉ាង​ប្រេង​កូឡា​ ឬ​ប្រេង​ខ្យល់ មិន​អាច​ជ្រាប​ចូល​តាម​ស្បែក​នៅ​ក្នុង​សរីរាង្គ​​ផ្នែក​ខាង​ក្នុង​បាន​ទេ។ ដូច្នេះ​បើ​តាម​ការ​ពន្យល់​របស់​សាស្ត្រាចារ្យ Astier ដដែល ប្រេងកូឡា​ អាច​មាន​ឥទ្ធិពល​តែ​លើ​ស្បែក​ខាង​ក្រៅ ចំ​កន្លែង​លាប​ និង​នៅ​ផ្នែក​ខាង​ក្រៅ​តែ​ប៉ុណ្ណោះ។ ឯ​ការ​ឈឺ​ខ្នង ឈឺ​ចង្កេះ ឈឺ​សាច់​ដុំ ឬ​ឈឺ​សន្លាក់ ជា​ទូទៅ ច្រើន​តែជា​​បញ្ហា​ពាក់ព័ន្ធ​នឹង​សរីរាង្គ​នៅក្រោម​ និង​ផ្នែក​ខាង​ក្នុង​ខ្លាំង​នៃ​ស្បែក។ ដូច្នេះ​ការ​លាប​ផលិតផល​អ្វី​មួយ​នៅលើ​ស្បែក​មិន​អាច​មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹងអាការៈ​រោគ​ទាំងអស់​នោះ​​ទេ។ កាយវិការ​តែមួយ​គត់​ដែល​ការ​លាប​ប្រេងកូឡា​ទៅ​អាច​មាន​ប្រសិទ្ធភាពបំបាត់​ការ​ឈឺ​ចុកចាប់​សាច់​ដុំ​​ គឺ​លាប​អម​ជាមួយ​នឹង​​ការ​ធ្វើ​ម៉ាស្សា។ គឺ​ការ​ធ្វើ​ម៉ាស្សាទេដែល​ជួយ​សម្រួល​ការ​អាការៈ​ឈឺ​សាច់​ដុំ​ឱ្យបាន​ធូរ​ស្បើយ។ ក្នុងករណី​នេះ លោក​សាស្ត្រាចារ្យ​ Astier បាន​ផុ្តល់​អនុសាសន៍​ឱ្យ​​ធ្វើ​ម៉ាស្សា​ដោយ​មិន​បាច់​ប្រើ​ប្រេងកូឡា​តែម្តង​​ ព្រោះ​ប្រេង​កូឡា​​ជា​ផលិតផល​ងាយ​ធ្វើ​ឱ្យ​ស្បែក​រលាក ឡើង​ក្រហាយ​ ដែល​មិន​ត្រូវ​ប្រើ​នៅ​ត្រង់​ស្បែក​មាន​របួស មាន​ដំបៅ ឬ​ត្រង់​ស្បែក​មាន​ស្នាមដាច់​ដាចទេ។ ចំពោះ​ប្រេងកូឡា​ពណ៌​សវិញ គេ​មាន​ជំនឿ​ថា​ត្រូវ​នឹង​ជំងឺ​ផ្លូវ​ដង្ហើម។ ​អ្នក​ផលិតអួត​អាង​ថា​​ ប្រេង​កូឡា​នេះ​នឹង​ជួយ​អាការៈ​តឹង​ច្រមុះ​ឱ្យ​បាន​ធូរ ព្រមទាំង​អាការៈក្អក​និង​អាការជំងឺ​មាន​ពាក់​ព័ន្ធនឹង​ទង​សួត​ឬ​សួត​បា​ន ដោយ​គ្រាន់​តែ​យក​មក​រឹត​នៅ​លើ​ទ្រូង បំពង់ក និង​នៅ​ជុំ​វិញរន្ធច្រមុះ។ ប៉ុន្តែ​សម្រាប់​លោកសាស្ត្រាចារ្យ​វេជ្ជបណ្ឌិត អ្វី​ដែល​ផ្តល់​ប្រសិទ្ធភាព​ខ្ពស់​មិនមែន​ដោយសារ​ប្រេងកូឡា​ទេ តែ​ដោយ​សារ​ជាតិ​ម៉ង់តុល និង​អឺកាលីបទុសរបស់​ដើម​ប្រេង​ខ្យល់​ ដែល​ជា​ផ្នែក​មួយ​នៃធាតុ​ផ្សំ​របស់​ប្រេង​កូឡា។ សារធាតុ​ពី​រ​មុន​ត្រូវ​បាន​គេ​ស្គាល់​តាំងពី​យូរ ថា​អាច​ជួយ​រំលាយ​កំណក​កំហាប់​ជា​លិកា​នៅ​រន្ធ​ច្រមុះ​ ដោយ​ជួយ​សម្រួល​ការ​បង្ហូរ​ចេញ​នូវ​ភ្នាស​មិន​ល្អ។ ដូច្នេះ​ប្រេង​កូឡា​គ្មាន​ប្រសិទ្ធភាព​ខ្លាំង​ជាង ថ្នាំ​បាញ់​ច្រមុះ​ឬ​ក្រដាស​ជូត​សំបោរ​មាន​លាយ​ជាតិ​ម៉ង់តុល​ទេ។ ការ​ញើស​សំបោរ​ដោយ​ក្រដាស​មាន​ជាតិ​ម៉ង់តុល...

Duration:00:07:01

Ask host to enable sharing for playback control

តើ​ជំងឺ​មហារីក​កម្រ ពិត​ជា​កម្រ​មែនឬ?

2/29/2024
​មហារីក​ខ្លះ​ ជា​ជំងឺ​ដ៏​កម្រ ដែល ​ពិបាក​វិភាគ​វែក​រក​អាការៈ​សញ្ញានិង​​ពិបាក​ព្យាបាល​​ខ្លាំងណាស់។ ប៉ុន្តែ​មិន​ដូច​ឈ្មោះ មហារីក​កម្រ មិន​ប្រាកដថា​មិន​សម្បូរ​អ្នក​កើតនោះ​ទេ។ ​តើ​អ្វីទៅ​ជា​មហារីក​កម្រ? បច្ចុប្បន្ន​នេះយើង​បាន​ដឹងនិង​ឮ​និយាយ​ច្រើន​អំពី​ជំងឺ​មហារីក​។ ​ មហារីកថ្លើម មហារីក​ក្រពះ មហារីក​ខួរក្បាល ... នេះ​អាច​ចាត់​ទុក​ជា​ជំងឺ​មហារីកខ្លះៗ​​ដែល​មាន​កើតច្រើន​ជាង​គេ​ប៉ុណ្ណោះ។ នៅ​មាន​ជំងឺ​មហារីក​ជា​ច្រើន​ប្រភេទ​ទៀត​ណាស់ ហើយ​ជំងឺ​មហារីក​ខ្លះ​ជា​ប្រភេទ​ជំងឺ​កម្រ​ទៀត​ផង។ ដូច​ម្តេច​ដែល​ហៅ​ថា​មហារីក​កម្រ? មហារីកដែល​គេ​ចាត់​ទុក​ជា​​ជំងឺ​​កម្រ នៅពេល​ណាចំនួន​អ្នក​ជំងឺ​​ថ្មី​មាន​កំរិត​ទាប​ជាង​៦ករណី​​ក្នុង​មួយ​ឆ្នាំ​ ក្នុង​ចំណោមមនុស្ស​​១០ម៉ឺន​នាក់ ឬ​ជា​ជំងឺ​មហារីក​ដែល​កើត​នៅ​ក្នុង​តំបន់​ណាមួយ​ជា​ពិសេស ហើយ​កើត​លើ​សរីរាង្គ​ដែល​មិន​គួរ​ឬ​មិន​សូវ​ឃើញ​មាន​កើត​ជំងឺ​មហារីក។ ជំងឺ​មហារីកលេច​ឡើង​​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ ឬ លេច​ឡើង​ក្នុង​ស្ថានភាព​​ដ៏​ស្មុគស្មាញ កើត​លើ​កុមារ ក៏​អាច​ចាត់​ទុក​ថា​ជា​ជំងឺ​មហារីក​កម្រ​បាន​ដែរ។ ខួរក្បាល ឆ្អឹង ជាលិកា​ទន់ ភ្នាស សរសៃឈាម ឬ​អូវែរ ... គ្រប់​​សរីរាង្គ​ គ្រប់​ផ្នែក​នៃ​រាងកាយ​មនុស្ស​សុទ្ធ​តែ​អាច​កើត​ជំងឺ​មហារីក​កម្រ​បាន​ទាំងអស់។​ ជំងឺ​មហារីក​កម្រ​មាន​កើត​លើ​មនុស្សធំ ឬក្មេង​ក្នុង​បរិមាណ​ដ៏​តិច​តួច​ដូច​ឈ្មោះ​ដែល​បាន​ហៅមែន ប៉ុន្តែ​បើ​គេ​ធ្វើ​បញ្ជី​រាប់​ឈ្មោះប្រភេទ​​មហារីក​កម្រ​ទៅ​នោះ​វា​នឹង​វែងខ្លាំងណាស់។​ ​បើ​សរុប​រួម​ទៅ​ជំងឺ​មហារីក​កម្រ​តំណាង​ឱ្យ​ដល់​ទៅ ២៥ទៅ​៣០%​នៃការ​វិភាគ​មើល​សញ្ញា​រោគ​​ជំងឺ​មហារីក​ធម្មតា និង​តំណាង​ឱ្យ២៥%​នៃ​ការ​ស្លាប់​ដោយ​ជំងឺ​មហារីក។ នេះ​បើ​តាម​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ជំងឺ​មហារីក​អន្តរជាតិ ដែល​ជា​ភ្នាក់ងារ​មួយ​របស់​អង្គការ​សុខភាពពិភពលោក។ នៅប្រទេស​បារាំង ក្នុង​មួយ​ឆ្នាំៗ គេ​រក​ឃើញ​មាន​ករណី​ជំងឺ​មហារីក​កម្រថ្មីច្រើន ដែលគ្រាន់​តែ​​កើត​​នៅ​លើ​កុមារ មានចំនួន​ដល់​ទៅ​​៧ម៉ឺន​ករណីឯណោះ។ ហេតុដូច្នេះ​ហើយ​បាន​ជា​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត Alain Puisieux នាយក​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ជំងឺ​មហារីក​នៃ​វិទ្យាស្ថាន​Curie ប្រទេស​បារាំង យល់​ថា​ជំងឺ​មហារីក​កម្រ​ ជា​ករណី​កម្រ​មែន​បើ​គិត​ពី​ប្រភេទ​មហារីកនីមួយៗ តែបើ​​និយាយ​ជា​ទូទៅ​វិញ​មហារីក​កម្រ​ មាន​កើត​ញឹកញាប់​ណាស់ ហើយ​ជា​ជំងឺ​ដែល​ពិបាក​សង្ឃឹម។ អត្រា​សង្ឃឹម​រស់​មាន​កំរិត​ទាប​ជា​ជាង​ជំងឺ​មហារីក​ធម្មតាប្រមាណ​៥​ឆ្នាំ​។ មហារីក​កម្រ​គ្មាន​រោគ​សញ្ញា? វែក​រក​ជំងឺ​មហារីក​កម្រ​ជា​វិញ្ញាសា​ដ៏​លំបាក​និង​ស្មុគស្មាញ​បំផុត​សម្រាប់​គ្រូពេទ្យ​ជំនាញ​ផ្នែក​​មហារីក។ ជា​ញឹកញយ ​អ្នក​ជំងឺ​មហារីក​កម្រ​ អាច​ដឹង​ខ្លួន​ថា​មាន​ផ្ទុក​ជំងឺ​មហារីក​ ដោយ​យឺត​យ៉ាវ​បំផុត ជួន​ទាល់​តែ​ជំងឺ​មហារីក​ឈាន​ដល់​ដំណាក់កាល​ធ្ងន់ ឬ​ជួន​ដល់​ដំណាក់កាល​រីករាលដាល​ពេញ​ខ្លួន Métastase ​ទៅ​ហើយ។​ ម្យ៉ាង​ទៀត គ្រូពេទ្យ​ក៏​នៅ​មិនទាន់​​សូវ​ស្គាល់​ជំងឺ​មហារីក​កម្រ​ ដែល​មាន​ចែក​ជា​ប្រភេទ​មហារីក​តូចៗ​ផ្សេង​​​ជា​ច្រើនទៀត​ណាស់។ ដល់​អ៊ីចឹង​ទៅ ដុំ​មហារីកនៅ​ភ្នែក​ស្លូតសោះ​​ អាច​ផ្តាច់​ជីវិតមនុស្ស​ខ្លាំង​ជាង​ជំងឺ​មហារីក​ស្បែក​​ដ៏ច្រើន​​ទៅ​ទៀត ពីព្រោះជំងឺ​មហារីក​ខ្លះ​​គ្រូពេទ្យ​ជំនាញ​មហារីក​បាន​ជួប​តែម្តង​ឬ​ពីរ​ដង​ក្នុង​មួយ​ជីវិត​ជា​ពេទ្យ ឯ​ជំងឺ​មហារីកធម្មតា ដូច​យ៉ាង​មហារីក​​ស្បែក​គ្រូពេទ្យ​ជួប​បី​បួន​ករណី​ថ្មី​ក្នុង​មួយ​សប្តាហ៍។​ អ្នក​ស្រាវជ្រាវ​ជំងឺ​មហារីក​កម្រ​នៅវិទ្យាស្ថាន​Curie ប្រទេស​បារាំង​ដ៏​ល្បី​ល្បាញ​ទាំង​ក្នុង​អឺរ៉ុប​និង​នៅ​លើ​ពិភពលោក បាន​ទទួល​ស្គាល់​ថា គ្រូពេទ្យ​ដើរ​ទន្ទឹម​នឹង​អ្នកឈឺ​​ក្នុង​ការ​វែ​ក​ជំងឺ និង​បញ្ជាក់​ថា​គួរ​ព្រួយ​បារម្ភ​ឬ​មិន​គួរ។ ឆាប់​រក​ឃើញ​ថា​ជា​ជំងឺ​មហារីក​ (កម្រ ឬ​​មិនកម្រ) បាន​លឿន​កាលណា ការ​ដៅ​សម្រេច​ព្យាបាល​បានកាន់​​ប្រសើរ​កាលណោះ ហើយក៏​ងាយ​ព្យាករណ៍​ដែរ។ ដើម្បី​អាច​ធ្វើ​ការ​វិនិច្ឆ័យ​វែក​រក​ជំងឺ​មហារីក​បាន​ល្អ​ប្រសើរ​ គេ​ក៏​ត្រូវ​រំពឹង​លើ​បច្ចេកវិទ្យាទំនើបៗ​ផង​ដែរ។ ក្នុង​ករណី​បែប​នេះ បញ្ញាសិប្បនិម្មិត អាច​ជួយ​វិភាគគគំនរ​​ទិន្នន័យ តាម​រយៈ​Algorithmes ដែល​មាន​បញ្ចូល​កម្មវិធី​សម្គាល់​ដុំ​សាច់​មហារីក។ ឧទាហរណ៍ ក្នុង​ករណី​មាន​ជំងឺ​មហារីកមិន​ដឹង​មូល​ហេតុ​គ្មាន​ប្រភព ​រក​ឃើញ​នៅ​​ដំណាក់កាល​មេតាស្តា​ទៅ​ហើយ គេ​ច្បាស់​ជា​មិន​ដឹង​ថា​សរីរាង្គ​មួយ​ណា​ជាសរីរាង្គ​មហារីក​​ដើម​ដំបូង​ទេ តែ​បើ​មាន​បញ្ញាសិប្បនិម្មិត​ជា​ឧបករណ៍​ជំនួយ​នោះ​ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​Curie​អាច​ចាប់​សញ្ញា​រក​ប្រភព​ដើម​នេះ​ជំងឺ​បាន​ខ្លះ​ តាម​រយៈ​កំណត់​ARN​របស់​ដុំ​សាច់​មហារីក។ មហារីកកម្រ​គ្មាន​ថ្នាំព្យាបាល? ឈ្មោះ​ជា​មហារីក​ គឺ​ជា​ជំងឺ​ដ៏​គួរ​ឱ្យ​ខ្លាច​ ​តែ​ង​ផ្តាច់​ជីវិត​មនុស្សយ៉ាង​លឿន​រហ័ស​។ បច្ចុប្បន្ន​ដោយ​សារ​ភាពជឿនលឿន​ផ្នែក​វេជ្ជសាស្ត្រ​និង​វិទ្យាសាស្ត្រ អ្នក​ជំងឺ​មហារីក “ធម្មតា” ​មួយ​ចំនួន​អាច​ជា​សះស្បើយ​ឡើង​វិញ។...

Duration:00:07:50

Ask host to enable sharing for playback control

ស្នេហា​មាន​ឥទ្ធិពល​លើ​សុខភាព​យ៉ាងណា?

2/14/2024
១៤​កុម្ភៈ ​ជា​ថ្ងៃ​បុណ្យ​សង្សា ឬ​ជា​ទិវា​នៃ​ក្តី​ស្រលាញ់។ តើ​សេចក្តី​ស្រលាញ់ ឬ​សេ្នហា ​មាន​ឥទ្ធិពល​យ៉ាងណា​ចំពោះ​សុខភាព​? ស្នេហាជា​អ្វី ? ហើយជីវិត​ស្នេហា​​ដោយ​មាន​អាពាហ៍​ពិពាហ៍​ពិត​ជា​ល្អ​សម្រាប់​សុខភាព​មែន​ឬយ៉ាងណា? សូម​កុំ​រង់​ចាំ​តែ​ថ្ងៃ​ទី​១៤​កុម្ភៈ ចាំ​បង្ហាញ​ សម្តែង និងផ្តល់​សេចក្តី​ស្នេហា ដើម្បី​ដូរ​យក​​ផ្កា​កូលាប​មួយ​ទងអី។ ក្តី​ស្រលាញ់ ការ​រួម​រក្ស​ស្នេហា ជា​ប្រធានបទ​នៃ​ការ​សិក្សា​ស្រាវជ្រាវ​ដ៏​ច្រើន និង​បន្ត​នៅ​ជា​ប្រធានបទ​សិក្សា​វិភាគ​របស់​អ្នក​វិទ្យាសាស្ត្រ​ជានិច្ច។ ស្នេហា​អាច​ជួយ​បញ្ចុះ​កាឡូរី សេ្នហា​អាច​ពង្រឹង​ប្រព័ន្ធការពារ​ខ្លួន សេ្នហា​អាច​ជួយ​សម្រួល​ដំណេកឱ្យ​គេង​លក់​ស្រួល ស្នេហា​អាច​ជួយ​បន្ធូរបន្ថយ​ការ​ឈឺ​ចុក​ចាប់ ស្នេហា​អាច​ជួយ​បំប៉ន​ការ​ចង​ចាំ​ ស្នេហា​ជា​ថ្នាំដ៏​មាន​ប្រសិទ្ធភាព​​ប្រឆាំងនឹង​​ស្ត្រេស ស្នេហា​ផ្តល់​ភាព​រីករាយ ស្នេហា​ជួយ​ឱ្យ​នៅ​ក្មេង​បាន​យូរ ... នេះ​ជា​​គុណប្រយោជន៍នៃ​ការ​រួម​រក្ស​សេ្នហា។ ទាក់ទង​នឹង​ជីវិត​ស្នេហ៍​​អាពាហ៍ពិពាហ៍វិញ កាលពី​ថ្ងៃទី​១៤​កុម្ភៈ​២០២៣ ​លោក​វេជ្ជបណ្ឌិត​និង​អ្នក​កាសែត​ទូរទស្សន៍​ជាតិ​បារាំង Damien Mascret បាន​ពន្យល់​ថា​​ជីវិត​អាពាហ៍ពិពាហ៍​ទំនង​ជា​ល្អ​ខ្លាំង​ណាស់​សម្រាប់​សុខភាព ព្រោះ​មាន​​ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ជា​អាទិ៍​ថា ស្ត្រីនៅ​លីវ​វ័យ​​ពី​៤៥​ឆ្នាំទៅ​៦៤​ឆ្នាំ ប្រឈម​នឹង​ហានិភ័យ​មរណៈ​មួយ​គុណ​នឹង​១,៣៧។ កាន់​តែ​អាក្រក់​ខ្លាំងទៅ​ទៀត សម្រាប់​បុរស នេះ​បើ​តាម​លោក​វេជ្ជបណ្ឌិត​ដដែល ដែល​អះអាង​ថា បុរស​គ្មាន​ប្រពន្ធ​ រស់​តែ​ម្នាក់​ឯង វ័យ​៤៥ទៅ​៦៤​ឆ្នាំ មាន​ហានិភ័យ​មរណៈកាន់​តែ​ខ្ពស់ខ្លាំង​ទៅ​ទៀត ​គឺដល់​ទៅ​​មួយ​គុណនឹង​១,៨៥ ក្នុង​ខណៈ​ដែល​បុរសចំណាស់​អាយុ​ពី​​៦៥ឆ្នាំ​ទៅ​៨៩​ឆ្នាំ មាន​ប្រពន្ធ​មើល​ថែ​គ្នា​ មាន​អត្រាហានិភ័យ​​មរណៈ​ត្រឹម​មួយ​គុណ​១,១៧ ​ប៉ុណ្ណោះ។ សម្រាប់​លោក​វេជ្ជបណ្ឌិត Damien Mascret នៅពេល​ណា​មនុស្ស​រស់​នៅ​តែ​ម្នាក់​ឯង​ គេ​​មិន​សូវ​យក​ទុក​ដាក់​លើ​ខ្លួន​ឯង​ទេ។ ជីវិត​គូ​ផ្តល់​អាយុ​យឺនយូរហើយ ថែម​ទាំង​ល្អ​សម្រាប់​សុខភាព​ខួរ​ក្បាល និង​សរសៃ​ឈាម​បេះ​ដូង​ទៀត។ ការ​សិក្សា​ស្រាវជ្រាវ​​របស់​វិទ្យាស្ថាន​Harvard ដ៏​ល្បី​ល្បាញ​របស់​សហរដ្ឋ​អាមេរិក បាន​បង្ហាញ​ឱ្យ​ឃើញ​ទៀត​ថា​​មនុស្ស​ទូទៅ​ធម្មតា (ដោយ​មិន​គិត​ពី​រឿង​រៀប​ការឬ​មិន​រៀប​ការ)​ ​​មាន​ហានិភ័យ​កើត​ជំងឺ​ភ្លេច​ភ្លាំង​ កើន​ឡើង​ខ្ពស់ ចាប់​ពី​​អាយុ​៥២​ឆ្នាំ​ឡើង​ទៅ។ ​ប្រសិនបើ​ជា​ពោះម៉ាយ ឬ​មេម៉ាយ ហានិភ័យ​នោះ​នឹងកើន​​ឡើង​​១,៥ដង។ បើ​មិន​ដែល​មាន​ជីវិត​គូ​សោះ​ ហានិភ័យ​ឡើង១,៧​ដង តែសម្រាប់​អ្នកបាន​​លែង​លះ​គ្នា​វិញ​ ហានិភ័យ​ឡើង​ខ្ពស់​ខ្លាំងដល់​ទៅ​២,៦​ដង។ នេះ​បើ​តាម​លោក​វេជ្ជបណ្ឌិត​ដដែល។ មាន​ន័យ​ថា​ ​​គុណប្រយោជន៍ចំពោះ​​សុខភាពសរសៃ​ឈាម​បេះ​ដូង នៃ​ជីវិត​អាពាហ៍ពិពាហ៍ត្រូវ​មាន​ស្នេហា​រីករាយ​រស់​​ល្អូនល្អើន​នឹង​គ្នា ទើបប្រសើរ​ជាង​ភាព​នៅ​លីវ នៅ​​ម្នាក់​ឯង។ ប៉ុន្តែ​បើ​ជីវិត​ប្តី​ប្រពន្ធ​មិនចុះ​សម្រុង​គ្នា​ទេ គ្មាន​ស្នេហាទេ​ គួរ​តែ​នៅ​លីវ ឬ​រស់នៅ​​ម្នាក់​ឯង​ប្រសើរ​ជាង។​ តើ​ស្នេហាជា​អ្វី ហេតុ​អ្វី​មាន​ឥទ្ធិពល​ចំពោះ​សុខភាព​ខ្លាំង​យ៉ាង​ដូច្នេះ? ដោយ​មិន​និយាយ​អំពី​គុណប្រយោជន៍នៃ​​​ការ​រួម​រក្ស ស្នេហា​​​​តាម​ផ្លូវ​មនោសញ្ចេតនា ក៏​មាន​ឥទ្ធិពល​ខ្លាំង​ក្លា​ និង​មាន​គុណ​ប្រយោជន៍​ច្រើន​ណាស់​ដែរសម្រាប់​សុខភាព។ ​ស្នេហា​ជាមនោសញ្ចេតនា ជា​​ចំណង​អារម្មណ៍ ជា​ចិត្ត​ស្រលាញ់ ​ដ៏​ស្មុគស្មាញ​ជាងអ្វី​ដែល​យើង​ធ្លាប់​គិត​ឆ្ងាយណាស់។ បើ​តាម​អ្នក​ស្រី​វេជ្ជបណ្ឌិត កាទ្រីន សូឡាណូ គ្រូពេទ្យ​ជំនាញ​ផ្លូវភេទនៅប្រទេស​បារាំង សេ្នហា​មិនមែន​គ្រាន់​​តែ​រឿង​រួម​រក្ស ​​រឿង​កាមគុណ​ទេ។ ស្នេហាមាន​បី​ទម្រង់។ ទីមួយ ស្នេហា​ ជា​ ​តណ្ហា។ តណ្ហាដែល​​​ជា​កម្លាំងទាក់ទាញ​ដែល​​រុញ​ច្រាន​មនុស្សម្នាក់​​ឱ្យទៅ​រក​ម្នាក់​ទៀត និង​ជា​កម្លាំង​​​ផ្លូវភេទដ៏​ខ្លាំងក្លា​។ ប៉ុន្តែ​ជា​ទូទៅ​គេ​ច្រើន​តែ​យល់​ច្រលំ​រវាង​ស្នេហា​និង​តណ្ហា។ ស្នេហានិង​តណ្ហា​ មិន​ដូច​គ្នា​ទេ។ តណ្ហា​អាច​ត្រឹម​តែ​អារម្មណ៍​ទាក់ទាញ​ដោយ​រូបសម្ផស្ស តែ​មិន​ប្រាកដ​ជា​ការ​ស្រលាញ់​ស្នេហាពិតឡើយ។ ស្នេហា​និង​តណ្ហា​អាច​រឿង​ពីរ​ដាច់​ដោយ​ឡែក​ពីគ្នា មាន​ការ​ទាក់ទាញ​សម្រាប់​អ្នក​នេះ តែ​មាន​ស្នេហា​ស្រលាញ់​ពិត​លើ​អ្នក​នោះ។ ដៃគូដែល​ស្រលាញ់​គ្នា​ ល្អូន​ល្អើន​ ត្រូវ​គ្នា​ខ្លាំង ​ស្និទ្ធស្នាល​នឹង​​គ្នា​រហូត​មិន​ទាមទារ​ ​​ តណ្ហាច្រើន​ទេ។ ទម្រង់​​ទីពីរ​នៃ​ស្នេហា​គឺ​ចំណង។ ជា​អារម្មណ៍​ជាប់​ជំពាក់​លើ​នរណា​ម្នាក់​ដែល​អ្នក​គិត​ថា​សំខាន់​។ ខុស​ពី​តណ្ហា អារម្មណ៍​​នេះ​រីក​លូត​លាស់​ធំធាត់​ជា​លំដាប់​។ ចំណង​នេះ​មិន​កំរិត​ត្រឹម​អារម្មណ៍​ទេ តែ​ជា​ប្រតិកម្ម​បែប​គីមីវិទ្យា​ទៀត។ ទម្រង់​ចុងក្រោយ​គឺ​ស្នេហាជា​មនោសញ្ចេតនា​ផុសចេញ​ពី​បេះ​ដូង គ្មាន​ពាក់ព័ន្ធ​នឹង​ផ្លូវ​ភេទ។ ជា​ស្នេហា ​កើត​ឡើង​ពីការ​យក​ចិត្ត​ទុក​ដាក់ មើល​ថែ មើល​ការ​ខុស​ត្រូវ​ ​លើ​គ្នា​ទៅ​វិញ​ទៅ​មក។...

Duration:00:08:41

Ask host to enable sharing for playback control

អង្គការសុខភាពពិភពលោក ៖ ការ​ជក់​បារី​អេឡិចត្រូនិក​កើន​ឡើង​នៅទូទាំងពិភពលោក

2/1/2024
បើ​តាម​ការ​សិក្សា​ថ្មី​ចុងក្រោយ ចំនួន​ក្មេង​ជំទង់​​ចង់​ភ្លក្ស ចង់​សាក​ប្រើ​គ្រឿង​ញៀន ផឹក​ស្រា និង​ជក់​បារី នៅលើ​ពិភពលោក បាន​ថយ​ចុះ​បន្តិច។ ប៉ុន្តែ​ បើ​គិត​អំពី​តួលេខ​វិញ គឺ​នៅ​តែ​ខ្ពស់​ខ្លាំង​ដដែល​។ ចំណែក​ការ​ជក់​បារី​អេឡិចត្រូនិក​វិញ​ បន្ត​កើន​ឡើង​ជា​និច្ច។ ពីមួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ចំនួន​ម​នុស្ស​ចាស់ (ធំពេញ​វ័យ) ជក់​បារី​បាន​ធ្លាក់​ចុះ​ជា​លំដាប់ តាំងពី​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​មក​នេះ​។ នៅ​ឆ្នាំ​២០២២ មាន​មនុស្ស​ប្រមាណ​ម្នាក់​ក្នុង​ចំណោម​៥​នាក់ នៅជក់​បារី ឬ​ប្រើផលិតផល​ធ្វើ​ពី​ថ្នាំ​​ជក់។ កាលពី​សតវត្សរ៍​មុន ក្នុង​ចំណោម​មនុស្ស​បី​នាក់ មាន​ម្នាក់​ជក់​ហើយ។ នេះ​បើ​តាមរបាយការណ៍​ថ្មីដែល​ជា​​លទ្ធផល​សិក្សា​លើ​ប្រេវ៉ាឡង់​ជក់​បារី​នៅ​រវាង​ពី​ឆ្នាំ​២០០០​ដល់​ឆ្នាំ​២០៣០ ​​​អង្គការសុខភាពពិភពលោកបាន​​បញ្ជាក់​ថា ការ​ជក់​បារី​មាន​និន្នាការ​ថយ​ចុះ​ក្នុង​គ្រប់​ប្រទេស​ចំនួន​១៥០​នៅលើ​ពិភពលោក។ ​ថ្វីបើ​អត្រា​អ្នក​ជក់​បារី បាន​ធ្លាក់​ក្នុង​ប្រទេស​ជា​ច្រើន​នៅលើ​ពិភពលោក​មែន ប៉ុន្តែអត្រា​មរណៈ​បង្ក​ឡើង​ឬ​ពាក់ព័ន្ធ​នឹង​ថ្នាំជក់ ត្រូវ​បន្ត​កើន​ឡើង​នៅប៉ុន្មាន​​ឆ្នាំ​ខាង​មុខ​ទៀត។ ស្ថិតិ​របស់​អង្គការ​សុខភាពពិភពលោក​បាន​បង្ហាញ​ថា​ក្នុង​មួយ​ឆ្នាំ​ៗ បារី​ឬ​ថ្នាំជក់ បាន​សម្លាប់​ជីវិត​មនុស្ស​អស់​ជាង​៨​លាន​នាក់ ក្នុង​នោះ​ជាង​១លាន​បី​សែន​នាក់ ជា​អ្នក​ស្រូប​ផ្សែងបារី​ពី​គេ។​ គេ​ត្រូវ​ការ​ពេលវេលា​ជា​ច្រើន​ដល់​ទៅ​ប្រមាណ​៣០​ឆ្នាំ​ ក្រោយ​ការ​ចាត់​វិធានការ​ដ៏​តឹង​តែង​ប្រឆាំង​នឹង​ថ្នាំ​ជក់​ ទើប​ចាប់​ឃើញ​ចំនួន​មនុស្ស​ស្លាប់​ដោយ​បារី​ចាប់​ធ្លាក់​ចុះ។ ម្យ៉ាង​វិញ​ទៀត ​បើ​ទោះ​បី​ជា​ចំនួនអ្នក​ជក់​បារី​បាន​បន្ត​ធ្លាក់​ចុះ​ជា​លំដាប់​ក៏​ដោយ ក៏​អង្គការ​សុខភាព​ពិភពលោកមិន​​រំពឹង​ថា​អាច​សម្រេច​កម្មវត្ថុ​បញ្ចុះ​អត្រា​អ្នក​ជក់​បារី​ឱ្យ​បាន​៣០%​នៅ​រវាង​ពី​ឆ្នាំ​២០១០ដល់​ឆ្នាំ​២០២៥បាន​ទេ។​ មាន​តែ​​៥៦​ប្រទេស​ប៉ុណ្ណោះ មាន​ជាអាទិ៍​ប្រេស៊ីល ដែល​បាន​សម្រេច​កាត់​បន្ថយ​ការ​ប្រើ​ថ្នាំជក់​ឬ​បារី​បាន​៣៥%​ តាំងពី​ឆ្នាំ​២០១០មក។ ផ្ទុយ​ទៅវិញ ការ​ជក់​បារី​បែរ​ជាកើន​ឡើង​នៅក្នុង​​៦​ប្រទេស គឺ កុងហ្គោ អេហ្ស៊ីប ឥណ្ឌូណេស៊ី ហ្សកដានី អូម៉ង់ និង​ម៉ុលដាវី។ ដូច្នេះ​មិន​ត្រូវ​ភ្លេច​ខ្លួន និងមិន​ទាន់​ដល់​ពេល​ត្រូវ​ទម្លាក់​ដៃ​ឡើយ បើ​ទោះ​បី​ជា​​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជក់​បារី​នៅលើ​ពិភពលោក​មាន​លក្ខណៈ​ប្រសើរ​ជា​ទូទៅ នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ក៏​ដោយ​។ ​អង្គការ​សុខភាព​​ពិភពលោក​បាន​ឆ្លៀត​ព្រមាន​ថា ឧស្សាហកម្ម​បារី​មិនបាន​ឈរ​អោប​ដៃ​នៅ​ស្ងៀម​ឡើយ​។ នាយក​ដេប៉ាតឺម៉ង់​ទ្រទ្រង់​សុខភាព​របស់​អង្គការ​ បាន​អះអាង​បែប​ចោទ​ប្រកាន់​ដោយ​ចំៗ​ថា នៅទីណា​ដែលការ​ជក់​​បារីធម្មតា​​ធ្លាក់​ចុះ ឧស្សាហកម្ម​បារី​តែង​បើក​សមរភូមិ​ថ្មី​ បង្កើត​ផលិតផល​ថ្មី​ គ្មាន​ផ្សែង​ សម្រាប់​ទាក់​ទាញ​និង​បង្កើត​ទីផ្សារ​ថ្មី​ប្រមូល​ចំណាប់​អារម្មណ៍​ឱ្យ​បាន​ច្រើន​ជា​អតិបរិមា ក្នុង​ចំណោម​អតិថិជន​ថ្មី​ គឺ​ក្មេង​ជំទង់។ ១០%​នៃ​​ក្មេង​អាយុ​ពី​១៣ទៅ​១៥​ឆ្នាំ នៅលើ​ពិភពលោក​បាន​ជក់​បារី​ និងប្រើ​​ថ្នាំ​ជក់​ប្រភេទថ្មី​​ និង​ទម្រង់ថ្មី។ ពោល​គឺ​មាន​ក្មេង​យ៉ាង​ហោច​៣៧​លាន​នាក់ ជា​អ្នក​ជក់​បារី ក្នុង​នោះ​១២​លាន​នាក់​ប្រើ​ផលិតផល​បារី​​ថ្មី​។ សម្រាប់​អង្គការ​សុខភាពពិភពលោក តួលេខ​នេះ​ទាប​ជាង​ការ​ពិត​ជាក់​ស្តែង​ឆ្ងាយ​ណាស់ ព្រោះ​ជាង​៧០​ប្រទេស​មិន​បាន​ផ្តល់​ទិន្នន័យ​អ្វី​ទាំងអស់។ នៅ​ប្រទេស​បារាំង អត្រា​ក្មេង​រៀន​នៅ​វិទ្យាល័យ​​ជក់​បារី​ បាន​ធ្លាក់​ចុះ​ពី​១៧,៥%​នៅ​ឆ្នាំ​២០១៨​មក​នៅ​ត្រឹម​តែ​៦,២%​នៅ​ឆ្នាំ​២០២២។ មាន​កញ្ចប់​បារី​ក្នុង​កាតាប​ ក្នុង​កាបូប លែង​ពេញ​និយម​ហើយ។ នេះពិត​ជា​ដំណឹង​ល្អ​មែន ព្រោះ​ការ​ប្រព្រឹត្ត​បារី​ក្នុង​វ័យ​កាន់​តែ​ក្មេង (ក្រោម២០ឆ្នាំ) កាន់​តែ​ឆាប់​ញៀន។ ប៉ុន្តែ​ទន្ទឹម​ដំណឹង​ល្អ​នេះ តែ​ក្មេងៗ​បាន​ងាក​​ទៅ​សាកល្បង​ និង​ជក់​បារី​អេឡិចត្រូនិក កាន់​តែ​ច្រើនឡើងៗ។ ការ​សិក្សា​របស់​អង្គការ​សុខភាព​ពិភពលោក​បាន​បញ្ជាក់​ថា ការ​ប្រើប្រាស់​បារី​អេឡិច​ត្រូនិក​ពិត​ជា​មាន​កំណើន​ នៅទូទាំង​ពិភពលោក។ ក្មេង​អាច​មិន​ចូល​ចិត្ត​រសជាតិ​និង​ក្លិន​បារី​បែប​បូរាណ តែ​ចូល​ចិត្ត​បារី​អេឡិចត្រូនិក ដែល​មាន​គ្រប់រសជាតិ និង​ក្លិន​ផ្លែ​ឈើ​ជា​ច្រើន​មុខ។ បញ្ហា​នៅ​ត្រង់​ថា រសជាតិ ក្លិន និង​ទម្រង់​ប្លែកៗ​របស់​បារី​អេឡិចត្រូនិច ​មិនមែន​ជា​ដើមបារី​មាន​កន្ទុយ​ស្នោ​នេះ ក៏ច្រើន​តែ​​​មាន​បង្កប់ និង​ផ្ទុក​សារធាតុ​​ជាតិ​នីកូទីន​ច្រើន​ដែរ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​សាស្ត្រាចារ្យ​ Loïc Josseran ប្រធាន​សម្ព័ន្ធ​ប្រយុទ្ធ​ប្រឆាំង​នឹង​ថ្នាំជក់ នៅ​ប្រទេស​បារាំង បាន​រំលឹក​ថា “បារីអេឡិចត្រូនិក នៅ​តែ​អាច​ផ្តល់​ភាព​ញៀន​នឹង​នីកូទីន​ខ្ពស់​ខ្លាំង​ដដែល​។ យុទ្ធសាស្ត្រ​របស់​ឧស្សាហកម្ម​ថ្នាំជក់​​នៅ​តែ​ដដែល -នៅ​តែ​បន្ត​ផ្សព្វផ្សាយ​ក្នុង​ចំណោម​យុវវ័យ​នូវ​ផលិត​ផល​មាន​ផ្ទុក​ជាតិ​នីកូទីន។ អ្វី​ដែល​កំពុង​កើត​ឡើង​នៅ​ពេល​នេះ...

Duration:00:07:07

Ask host to enable sharing for playback control

ចង្ក្រាន​បាយ ជា​សម្បុក​មេរោគមែនឬ?

1/25/2024
បង្គន់ ទូរស័ព្ទ​ដៃ​ ជាប់​ឈ្មោះ​ល្បី​ថា​ជា​កន្លែង​ដ៏​កខ្វក់ មាន​ផ្ទុក​មេរោគ​ច្រើន​ណាស់។ ប៉ុន្តែ​គ្មាន​នរណា​និយាយ​អំពី​ចង្ក្រាន​ទេ។ ចង្ក្រាន​ ឬ​ផ្ទះ​បាយ ​ជា​កន្លែង​ផ្តុំ​មេរោគ​ច្រើន​ជាង​បង្គន់​ទៅ​ទៀត។ តើ​ផ្នែក​ណា​នៃ​ចង្ក្រាន​ដែល​អាច​ចម្លង​មេរោគ​ច្រើន​ជាងគេ ? តើ​ធ្វើ​ដូចម្តេច​ដើម្បី​បង្កើន​អនាម័យ​នៅផ្ទះបាយ? តើ​នៅក្នុង​ផ្ទះ ​កន្លែងណា​​ដែល​កខ្វក់​ និង​ មាន​ផ្ទុក​មេរោគ​ច្រើន​ជាង​គេ? ចម្លើយរបស់​អ្នក​​ច្បាស់​ជា​ “បង្គន់”​ហើយ។ ថ្វីបើបង្គន់​ជាប់​ឈ្មោះ​ជា​កន្លែង​កខ្វក់​សម្បូរ​មេរោគ​​ច្រើន​​​មែន​ ប៉ុន្តែ​ផ្ទះ​បាយ​មាន​ផ្ទុក​មីក្រុប​ច្រើន​ជាង​នៅ​បង្គន់ទៅ​​ទៀត។ នេះ​បើ​តាម​ការ​សិក្សា​នៅ​ឆ្នាំ​២០២២ ​ដែលលម្អិត​ទៀត​ថា កន្លែង​​មាន​ផ្ទុកនិងបណ្តុះ​​មេរោគ បាក់តេរី ​វីរ៉ុស ច្រើន​ជាងគេ​បំផុត នៅក្នុង​ផ្ទះ​ គឺ​អេប៉ុង​លាង​ចាន។ អេប៉ុងលាង​ចាន​មាន​សមត្ថភាព​ប្រមូលផ្តុំ​មេរោគ​​ ហើយអាច​​ចែក​ចាយ​បាក់តេរី និង​ភ្នាក់ងារ​ចម្លង​មេរោគ​ទៀត។ ឬ​អាច​និយាយ​បែប​ផ្សេង​បាន​ថា​ អេប៉ុង​លាង​ចាន​អាច​អាក្រក់​សម្រាប់​សុខភាព។ បើ​គិត​តាម​ក្បួន​អនាម័យ មាន​អេប៉ុង​គគ្រិច​ក្នុង​ចង្ក្រាន​ ប្រៀប​បាន​នឹង​ស្លៀក​ខោក្នុង​មិន​ប្តូរ​ផ្លាស់​​ជា​រៀង​រាល់​ថ្ងៃ​យ៉ាង​ដូច្នោះ។ បើ​គេ​ជឿ​លើ​ការ​​សិក្សាដែល​ចេញ​ផ្សាយ​ក្នុង​ទស្សនាវដ្តី​វិទ្យាសាស្ត្រ​Nature កាលពី​ឆ្នាំ​២០១៧​ អេប៉ុង​លាង​ចាន​ និង​​​ខោ​ក្នុង​ស្លៀក​មិន​ប្តូរ(រាល់​ថ្ងៃ)​ មាន​ផ្ទុក​បាក់តេរី​ដូច​គ្នា​។ អេប៉ុង​លាង​ចាន​កខ្វក់​យ៉ាងណា? នៅក្នុង​ការ​សិក្សា​ មាន​បាក់តេរី​ជាង​១ម៉ឺនប្រភេទ ​រស់​ចម្រុះ​​គ្នា​ក្នុង​អេប៉ុង​លាង​ចាន​យើងដែល​ខ្លះមាន​ចំនួន​បាក់​តេរី​​ឡើង​ដល់​ទៅ​៥០ពាន់​លាន​​ក្នុង​មួយ​សង់ទីម៉ែត្រគូប​អេប៉ុង។ ជា​បាក់តេរី​ដែល​មាន​ស្ថិត​នៅក្នុង​ចង្កោម​គ្រួសារ​ខុសគ្នា យ៉ាង​ហោច​២០​គ្រួសារផ្សេង​គ្នា ក្នុង​នោះ​ខ្លះ​ពពួក​បាក់តេរី​ដ៏​គ្រោះ​ថ្នាក់​​មាន​នៅក្នុង​លាមក​ ដូច​យ៉ាង​ Salmonelle, Escherichia coli, Klebsiellaផង។ បើទោះ​បី​ជា​គេ​សម្អាត​ផ្ទះ​បាយ ដោយ​មិន​ប្រើ​អេប៉ុងតែមួយ​ជាមួយ​នឹង​អេប៉ុង​​លាង​បង្គន់​ក៏​ដោយ ក៏​អេប៉ុង​លាង​ចាន​អាច​ប្រមូល​បាក់​តេរីពពួក​សាល់​ម៉ូណែល​បាន​ដែរ​ តាម​រយៈ​ការ​លាង​ចាន ជូត​លាង​កែម​ជើង​ចង្ក្រាន​ដែល​មាន​ស្នាម​​គោះ​ពង​មាន់ ឬ​ដោយ​សារ​ដៃ​របស់​យើង​ ដែល​មិន​បាន​លាង​សម្អាត​ត្រឹម​ត្រូវ​ក្រោយ​ចេញ​ពី​បង្គន់ ហើយ​មក​លាង​ចាន។ ការ​ចម្លង​និង​ផ្ទុក​មេរោគ​ក្នុង​អេប៉ុង​លាង​ចាន មិនមែន​ពាក់ព័ន្ធ​តែ​នឹង​ចំណី​អាហារ​មួយ​មុខ​ទេ តែ​ដោយសារ​រចនា​សម្ព័ន្ធ​របស់​អេប៉ុង​តែម្តង។ អេប៉ុង​មាន​រន្ធ​ ហើយ​សើម​ជា​និច្ច​ដែល​​បាក់តេរី​និង​មេរោគ​គ្រប់​ប្រភេទ​ចូល​ចិត្ត​សំងំ​នៅ​ ហើយ​ពង្រីក​គ្នា​បាន​យ៉ាង​ងាយ។ គ្មាន​ប្រយោជន៍​​អ្វី​ដែល​ត្រូវ​យក​អេប៉ុង ទៅ​បោក​លាង​ក្នុង​ម៉ាស៊ីន ឬ​ស្ងោរ​ក្នុង​ទឹក​ពុះ ដើម្បី​សម្លាប់​មេរោគ​ឡើយ។ ការ​សិក្សា​ដ៏​គួរ​ឱ្យ​ទុក​ចិត្ត​ដដែល​នេះ បាន​អះអាង ការ​សម្អាត​អេប៉ុង​ក្នុង​ទឹក​ពុះ​អាំច​សម្លាប់​បាក់តេរី​បានត្រឹម​តែ​​៦០%​យ៉ាង​ច្រើន​។ មាន​ន័យ​ថា​គេ​មិន​កម្ចាត់​មេរោគ​ពី​អេប៉ុង​បាន​១០០%​ទេ​។ មធ្យោបាយ​ដ៏​ល្អ​តែ​មួយ​គត់​ដែល​អ្នក​ស្រាវជ្រាវ​បាន​ណែនាំ គឺ​ត្រូវ​ឧស្សាហ៍​ប្តូរ​អេប៉ុង​ឱ្យ​បាន​ញយ។ យក​ល្អ​ត្រូវ​ប្តូរ​​ជា​រៀង​រាល់​សប្តាហ៍កុំ​រង់​ចាំ​ទាល់​តែ​អេប៉ុង​ឡើង​ទក់រហែក​ទើប​បាន​គ្រវាត់​ចោល។​ បើ​មិន​ដូច្នេះ​ទេ វិទ្យុ​កាណាដា ណែនាំ​ឱ្យ​ប្រើ​ច្រាសឈើ​​ដែល​មាន​ចុង​ធម្មជាតិ​ មិន​ជប់​ទឹក​ ឬ​ដែក​ដុស​ធ្វើ​ពី​ស្ពាន់ទន់ មិន​ឆ្កូត​ហើយ​អាច​សម្លាប់​មេរោគ​បាន​ខ្លះ​ទៀត។ ក្រៅ​ពី​ប្រដាប់​លាង​ចាន ការសិក្សា​មួយ​ទៀតបង្ហាញ​ថា ក្រណាត់​ជូត​ចាន ក៏​ជា​ជង្រុក​មេរោគ​ និង​ជា​កន្លែងចិញ្ចឹម​បាក់តេរី​យ៉ាង​ខ្លាំង​ក្លាដែរ ជាពិសេស​ពពួក​មេរោគ​Escherichia coli បាក់តេរី​ជា​ភ្នាក់ងារ​បង្ក​ឱ្យ​មាន​ជំងឺ​រលាក​ពោះវៀន​។ ត្រូវ​បើ​ក្រណាត់​ជូត​ ដាច់​ដោយ​ឡែក​ពី​គ្នា ក្រណាត់​ជូតតុ​សម្រាប់​ជូត​តែ​តុ ក្រណាត់​ជូត​ដៃ​សម្រាប់​តែ​ជូត​ដៃ ឯ​ក្រណាត់​ជូត​ចាន​សម្រាប់​តែ​ជូត​ចាន ហើយ​ត្រូវ​បោក​ជា​រៀង​រាល់​ថ្ងៃ ក្នុង​ទឹក​ក្តៅ​៦០អង្សា​កាន់​តែ​ប្រសើរ។ វត្ថុ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ក្នុង​ចង្ក្រាន​​មួយ​ចំនួន​ទៀត ដែល​មាន​ប្រើ​និង​ប៉ះពាល់​ញឹក​ញាប់​ខ្លាំង ក៏​សម្បូរ​មីក្រុង​តោង​ដែរ។ ដំបូង​គេ​គឺ ជ្រុញ គម្រប​ (គម្រប​ក្រឡ​ស្ករ ប៊ីចេង ប្រហុកផ្អក...) ដៃ​ឆ្នាំង ដៃ​កំសៀវ​ដាំ​ទឹក និង​តុ​ក្នុង​ផ្ទះ​បាយ ដែល​យើង​តែង​យក​ស្បោង​ម្ហូប​មក​ពី​ផ្សារ​ដាក់​បន្តុប​លើ។ បើ​តាម​ការ​សិក្សា​ឆ្នាំ​២០២២ គម្រប​ក្រឡ​គ្រឿង​ផ្សំ​ចំនួន​ពាក់​កណ្តាល​មាន​ឆ្លង​មេរោគ។ សូម​ឧស្សាហ៍​សម្អាត​ ធុង​សំរាម និង​ទូរទឹក​កក ព្រមទាំង​ដប​ទឹក​ ក្នុង​ម៉ាស៊ីន​ឆុងកាហ្វេផង ព្រោះ​វត្ថុ​ទាំង​នេះ​ក៏​មាន​ហានិភ័យ​ផ្ទុក​មេរោគ​ច្រើន​ដែរ។ ប៉ុន្តែ​​ការលាង​​សម្អាត ដោយ​ប្រើ​សាប៊ូលាង​ចាន អាច​បំបាត់​ជាតិ​ខ្លាញ់ ជម្រះ​កាក​សំណល់​​អាហារ និង​ភាព​កខ្វក់​ ធ្វើ​ឱ្យ​ចាន​ក្បាន​ភ្លឺ​ល្អ​មែន...

Duration:00:06:51

Ask host to enable sharing for playback control

ការ​សិក្សា​៖ រស់នៅ​​ឬការ​​​លំហែ​​នៅ​មាត់​សមុទ្ទ​ជួយ​ទ្រទ្រង់​មនុស្ស​ឱ្យ​មាន​សុខភាព​ល្អ​រឹងមាំ

1/18/2024
អ្នក​​ស្រាវជ្រាវ​បាន​លើក​ទឹ​កចិត្ត​​អំណាច​សាធារណៈ​​​ជួយ​សម្រួល​ការ​​ទៅ​សម្រាក​លំហែ​នៅ​មាត់​សមុទ្ទ ដល់​ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​របស់​ខ្លួន ព្រោះ​សមុទ្ទ​ជា​ប្រភព​នៃ​គុណប្រយោជន៍​ច្រើន​យ៉ាង​ណាស់​សម្រាប់​សរីរាង្គកាយ​មនុស្ស។ ទឹក​សមុទ្ទ ខ្យល់​សមុទ្ទ សំឡេង​រលក ឆ្នេរ​ខ្សាច់ ក៏​ដូច​​ជា​អាហារគ្រឿង​សមុទ្ទ​ សារាយ ... ​សុទ្ធ​តែ​ជា​អ្នក​ផ្គត់​ផ្គង់​សុខភាព​ទាំងអស់។ តើ​យើ​ង​ត្រូវ​ធ្វើ​ដូចម្តេច​ដើម្បី​អាច​ទាញ​យក​ផល​ល្អ​នៃ​បរិស្ថាន​សមុទ្ទឱ្យ​​រាងកាយ​និង​ស្មារតី​​? បើ​តាម​ជំនឿ​របស់មហាជន​​នៅអឺរ៉ុប បាន​ទៅ​សម្រាក​លំហែ​នៅ​សមុទ្ទ​បាន​​មួយ​ខែ​ក្នុង​មួយ​ឆ្នាំ​ នឹង​គ្មាន​ជំងឺ​ដង្កាត់​ទេ។ ប៉ុន្តែថ្វី​បើ​​​គ្មាន​កា​រសិក្សា​ណា​អាច​បញ្ជាក់​តាមបែប​វិទ្យាសាស្ត្រ​ជុំ​វិញ​ជំនឿ​នេះក៏​ដោយ ក៏​គេ​ទទួល​ស្គាល់​​យ៉ាង​ជាក់លាក់​ថា​សមុទ្ទ​អាច​ជួយ​សរីរាង្គ​មនុស្ស​យើង​ឱ្យ​​មាន​ដំណើរការ​យ៉ាង​ល្អ​ប្រសើរ​បំផុត។ ការ​សិក្សា​របស់​អ្នក​ស្រាវជ្រាវផ្នែក​ចិត្តវិទ្យា​បរិស្ថាន​នៃ​សកលវិទ្យាល័យ​វីយ៉ែន ​ជាតិ​អូទ្រីស Sandra Geiger ទើប​ផ្តល់​សេចក្តី​សន្និដ្ឋាន​ដែលអាច​ពង្រឹងជំនឿ​ចាស់​បូរាណ​ខាង​លើ​បាន ដោយ​អាច​បញ្ជាក់​អំពី​ចំណង​ទាក់ទង​ដោយ​ផ្ទាល់​រវាង​ការ​មាន​សុខភាព​ល្អ​និង​ការ​រស់​នៅ​ជាប់​មាត់​សមុទ្ទ។ យោង​តាម​ទិន្នន័យ​សិក្សា​ក្នុង​១៥​​ប្រទេស​ ប្រជាពលរដ្ឋ​រស់​នៅ​តាម​មាត់​សមុទ្ទ​និង​អ្នក​ទៅ​សម្រាក​លំហែ​វិស្សមកាលនៅ​តំបន់​ឆ្នេរ​ មាន​ស្ថានភាព​សុខភាព​ល្អ​ប្រសើរ​ឡើង មិន​ថា​ជន​នោះ​រស់​នៅក្នុង​ប្រទេស​ណា​និង​មាន​កំរិត​ជីវភាព​យ៉ាងណា​ទេ។ ​សេចក្តីសន្និដ្ឋានដែល​ទស្សនាវដ្តី​ Communications Earth & Environment យក​មក​ចុះ​ផ្សាយ​ ជា​លទ្ធផល​​បានមក​ពី​ការ​ចោទ​សំណួរ ស្តីពី​សកម្មភាព​ស្នើ​ឡើង​នៅ​លើ​ឆ្នេរ ព្រមទាំង​ស្តីពី​សុខភាព​រាងកាយ​និង​ផ្លូវចិត្ត ​លើ​មនុស្ស​ជាង​១៥០០០នាក់​រស់​នៅ​ក្នុងប្រទេស​អូស្ត្រាលី​ និង​១៤​ប្រទេស​នៅអឺរ៉ុប (អាល្លឺម៉ង់ ប៊ែលហ្សិក ប៊ុលហ្ការី អេស្ប៉ាញ បារាំង ក្រិក​ អៀឡង់ អ៊ីតាលី ន័រវែស ហូឡង់ ប៉ូឡូញ ព័រទុហ្កាល់ សាធារណរដ្ឋ​ឆែក​និង​អង់គ្លេស)។ ចម្លើយ​របស់​ពួកគេទាំង​១៥​ប្រទេស មាន​លក្ខណៈ​ស៊ីចង្វាក់គ្នា​​ និង​ច្បាស់​លាស់​ក្រៃ ដែល​សូម្បី​តែ​ក្រុម​ជំនាញ​និង​អ្នក​ស្រាវជ្រាវ​ផ្ទាល់​ក៏​ភ្ញាក់​ផ្អើល​ខ្លាំងមែនទែន។ សម្រាប់​​អ្នកស្រី Sandra Geiger លទ្ធផល​នៃ​ការសិក្សា​នេះស​ឱ្យ​ឃើញ​ថា​មនុស្ស​គ្រប់​រូប​ហាក់​ទទួល​បាន​នូវ​គុណប្រយោជន៍​ដូច​គ្នា​ពីការ​រស់​នៅក្បែរ​មាត់​សមុទ្ទ មិនមែន​តែ​ចំពោះ​​អ្នក​ធូរធារ​ឡើយ។ ការ​រស់​នៅ​ក្បែរ​សមុទ្ទ​និង​ពិសេស​ការ​ទៅ​លំហែ​នៅ​មាត់​សមុទ្ទ​អាច​ជះ​ឥទ្ធិពល​សំខាន់​លើ​សុខភាព​មនុស្ស។ នេះ​ជា​ការ​បញ្ជាក់បន្ថែម​​របស់​អ្នក​ស្រាវជ្រាវ​ជាតិ​អូទ្រីស​Sandra Geigerដដែល។ តើ​​សមុទ្ទ​ជួយ​ចម្រើន​សុខភាពយ៉ាងណា​ខ្លះ? ​៧០%​ នៃ​ភពផែន​ដី​ ជា​សមុទ្ទ​។ ហើយ​សមុទ្ទនេះ​​ជា​ប្រភព​នៃ​គុណប្រយោជន៍​ច្រើន​យ៉ាង​ណាស់​សម្រាប់​សរីរាង្គកាយ​មនុស្ស។ ទឹក​សមុទ្ទ ខ្យល់​សមុទ្ទ សំឡេង​រលក ឆ្នេរ​ខ្សាច់ ក៏​ដូច​​ជា​អាហារគ្រឿង​សមុទ្ទ​ សារាយ ... ​សុទ្ធ​តែ​ជា​អ្នក​ផ្គត់​ផ្គង់​សុខភាព​ទាំងអស់។ ទឹក​សមុទ្ទ​មាន​បន្សំ​សមាសធាតុ​រ៉ែ (រ៉ែ​អំបិល កាល់ស្យូម សូស្យូម ប៉ូតាស្យូម...) និង​ធាតុចាំបាច់​olegoelement​ ​(អ៊ីយ៉ូដ ដែក សង្កសី ម៉ង់ហ្កាណែស...) គ្រប់មុខ ដូច​គ្នា​ស្ទើរ​បេះដាក់​នឹង​ជាតិ​ទឹក​នៅក្នុង​ខ្លួន​មនុស្សយើង។ ជាង​នេះ​ទៅ​ទៀត ទឹក​សមុទ្ទ​មានផ្ទុក​សារធាតុ​អង់ទីប៊ីយូទិក​ ដែល​ចូល​ចំណែក​ពង្រឹង​ប្រព័ន្ធ​ការពារ​ខ្លួន​ទៀត។ ចំណែក​ខ្យល់​សមុទ្ទ ជា​ខ្យល់​ប្រៃ សម្បូរ​ជាតិ​រ៉ែ និង​អ៊ីយ៉ុង​អវិជ្ជចេញ​មក​ពី​អំបិល​សមុទ្ទ។ គឺអ៊ីយ៉ុង​អវិជ្ជមាន​នេះ​ហើយ​ដែល​មាន​ចំណែក​បន្សុទ្ធ​ខ្យល់​បរិយាស​ដោយ​ទៅ​កម្ចាត់​អ៊ីយ៉ុង​វិជ្ជមាន​ និង​ជាតិ​ពុល​ បង្ក​ឡើងដោយ​ផ្សែង​ពុល។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​នៅ​ពេល​បាន​ទៅ​ដល់ និង​សម្រាក​កំសាន្ត​នៅ​មាត់​សមុទ្ទ ខ្លួន​ប្រាណ​យើង​នឹង​បាន​ស្រូប​យក​ខ្យល់​ប្រៃ​ខ្យល់​សម្បូរ​ទៅ​ដោយ​ជាតិ​រ៉ែ មក​បំពេញ​កង្វះ​ខាត​របស់​ខ្លួន។ ខ្យល់​បរិយាកាស​មាត់​សមុទ្ទ​ ជា​ខ្យល់​បរិសុទ្ធ ប្រៃ និង​មាន​ជាតិ​ពុល​តិច​តួច​ណាស់ ដោយ​មាន​បាក់តេរី ប្រមាណ​តែ​២រយ​ជា​មធ្យម​ក្នុង​មួយម៉ែត្រគូប​ខ្យល់ ទល់​នឹង​ជាង​៥ម៉ឺន​នៅ​ក្នុង​ក្រុង។ នៅ​មាត់​សមុទ្ទ សម្ពាធ​បរិយាកាស​ខ្ពស់​ខ្លាំង ទើប​យើង​អាច​ដក​ដង្ហើម​បាន​ស្រួល ហើយ​សរីរាង្គកាយ​ក៏​ទទួល​ខ្យល់​អុកស៊ីហ្សែន​បាន​ប្រសើរ។ ជាតិ​អំបិល អ៊ីយ៉ូត ដែល​ជា​សារធាតុ​ដ៏​ចាំបាច់​នៃ​ការ​ផលិត​និង​ចាត់​ចែង​ក្រពេញ​អ័រមូន​ទីរ៉ូអ៊ីត​ អាច​ហូរ​ចូល​ទៅ​សម្រួល​សព៌ាង្គកាយ​បាន​ផ្លូវ​ដង្ហើម​បាន​យ៉ាង​ស្រួល។ ចុះ​មុជ​ទឹក​សមុទ្ទ​ឱ្យ​បាន​តែ​១៥​នាទី ក៏​នឹង​ធ្វើ​ឱ្យខ្លួន​ប្រាណ​ពិសេស​ស្បែក​មាន​កម្លាំង។​ បើ​ជា​ទឹក​សមុទ្ទ​ត្រជាក់ វា​នឹង​ជួយ​ផ្តល់ជាតិ​​សំណើម​ដល់​ស្បែក និង​ធ្វើ​ឱ្យ​ស្បែក​ឡើង​ភ្លឺ​រលោង ព្រោះ​ជាតិ​អំបិល​របស់​ទឹក​សមុទ្ទ នឹង​ទៅ​ជម្រុះ​កោសិកា​ងាប់ៗ​តោង​​នៅ​លើ​ស្រទាប់​ស្បែក​អេពីដែម...

Duration:00:08:02

Ask host to enable sharing for playback control

សុរា​និង​​ការ​ប្រើប្រាស់​ថ្នាំ​ពេល​ស្រវឹង

1/9/2024
​​Dry January ខែ​មករា​គ្មាន​ជាតិ​សុរា ជា​កម្មវិធី​ដែល​មាន​ប្រារព្វ​ធ្វើ​កាន់តែ​ច្រើន​ឡើងៗនៅលើ​ពិភពលោក ដើម្បី​បញ្ច្រាប​ព័ត៌មាន​អំពី​គ្រោះ​ថ្នាក់​នៃ​ការ​ទទួល​ទាន​គ្រឿង​ស្រវឹង (ស្រា ប៊ីយ៉ែរ ...)។ បើ​លោក​អ្នក​មិន​ចូល​រួម​ក្នុង​កម្មវិធី Dry January មិន​អាច​ឈប់​ផឹក​ស្រាឱ្យ​បាន​​ពេញ​មួយ​ខែ​មករា​​ទេ សូម​កុំ​​បរិភោគ​ស្រា​ឱ្យ​ដល់​ថ្នាក់​ស្រវឹង ​ហើយ​រក​ថ្នាំ​លេបបំបាត់​អាការៈ​មិន​ស្រួល​ខ្លួន​ឱ្យ​សោះ​។ ហេតុអ្វី? នៅពេល​ជួប​ជុំ​គ្នា​ម្តងៗ ​មិនលែង​មាន​អ្នក​ផឹក​ជ្រុល ហើយ​ស្រវឹង​ទេ។ តើ​លោក​អ្នក​ធ្លាប់​ស្រវឹង​ស្រា​ទេ? ជា​ញឹកញយ​ ក្រោយ​ពី​បាន​ផឹក​​ស្រា ស្រវឹង​ជោគជាំ​ហើយ ស្អែក​ឡើងអ្នក​ស្រវឹង ច្រើន​មាន​អាការៈ​ស្ងួត​មាត់ ប្រេះ​បបូរ​មាត់ ព្រោះ​តែ​ជាតិ​សុរា​ធ្វើ​ឱ្យ​សរីរាង្គកាយ​ខ្សោះ​ជាតិ​​ទឹកស្ទើរអស់​ពី​ខ្លួន។ នេះ​ជា​អាការៈ​ដែល​គេ​សង្កេត​ឃើញ​មាន​​ច្រើន ប៉ុន្តែ​រោគ​សញ្ញា​នៃ​ការ​ស្រវឹង​ស្រា​មាន​ច្រើន​យ៉ាង​ផ្សេង​ទៀតណាស់។ ផឹក​ស្រា (ប៊ីយ៉ែរ អាល់កុល វីស្គី ស្រា...) ហួស​កំរិត នឹង​ធ្វើ​ឱ្យ​យើង​មាន​អាការៈ​ នឿយហត់​អស់​កម្លាំង ឈឺក្បាល ឈឺក្រពះ ចង់​ក្អួត ចង់​ចង្អោរ ព្រមទាំង​មាន​អារម្មណ៍​ស្រេក​ទឹក ឈឺ​ចាប់​សាច់​ដុំ ឬ​វិល​មុខផង។ សំរាន្ត​មិន​ស្កប់​ បែក​ញើស​ ឡើង​សម្ពាធ​ឈាម ខ្លាច​ពន្លឺ និង​សំឡេង ឆាប់​ខឹងឆេវឆាវ ឆាប់​ខ្វល់​ព្រួយ សុទ្ធ​សឹង​ជា​អាការៈ​ដែល​បង្ក​ឡើយ​ដោយ​ជាតិសុរា​ចូល​ខ្លួន​ច្រើន​ជ្រុល។ ​ ជាតិ​អាល់កុល​បង្ក​ឱ្យ​ខ្សោះ​ជាតិ​ទឹក ព្រោះ​នៅពេល​ផឹក​ប៊ីយ៉ែរ ឬស្រា អ្នក​​នឹង​​នោម​ញយ និង​បាត់​បង់​ជាតិ​ទឹក​ច្រើន។ ជាង​នេះទៅទៀត ជាតិ​អាល់កុល​នឹង​បង្ក​ឱ្យ​មាន​ការ​រោល​រលាក​លើ​សរីរាង្គ​ខ្លះ​ ដែល​ចូល​រួម​ចំណែក​ធ្វើ​ឱ្យ​អ្នកផឹក​ជ្រុល​​ស្រវឹង​ដួល​​ សន្លប់បាត់​ស្មារតី​។ រោគ​សញ្ញា​ស្រវឹង​ស្រា​ប្រែប្រួលខុស​ប្លែក​​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ និង​ក៏​អាស្រ័យ​ទៅ​លើ​បរិមាណ​នៃ​ជាតិ​អាល់កុលទៀត។ តើ​ត្រូវ​ធ្វើ​ដូចម្តេច​នៅពេល​មាន​អាការៈ​មិន​ស្រួល​ខ្លួន​​ពេល​ស្រវឹងស្រារួច? ក្បួន​និង​វិធី​ណែនាំ​ប្រឆាំង​នឹង​អាការៈ​ស្រវឹង​ស្រា​មាន​ច្រើន​ណាស់។ ខ្លះ​ថា​ស្អែក​ឡើង​ត្រូវ​បរិភោគ​កាហ្វេ ទទួល​ទាន​ភេសជ្ជៈ​គ្មាន​ជាតិ​អាល់កុល ខ្លះ​ថា​លេប​វីតាមីន​សេ ខ្លះ​ទៀត​ថា​ត្រូវ​មុជ​ទឹក​ជម្រះកាយា ... ប៉ុន្តែ​ជំនឿ​ទាំងអស់​នេះ​គ្មាន​មួយ​ណា មាន​ប្រសិទ្ធភាព​ពិត​ប្រាកដ​ទេ។ ល្បិចល្បងវិធីសាស្ត្រ​​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ ឬ​ក្បួន​បូរាណ​របស់​ដូន​តា​ មិន​ដែល​ផ្តល់​លទ្ធផលជា​សក្ខីកម្ម​​ជាក់លាក់​ឡើយ។ ​មាន​តែ​ “ពេល​វេលា” ​មួយ​គត់​ដែលជា​ដំណោះស្រាយ។ ​ថ្លើម​ត្រូវ​ការប្រើ​​ពេល​វេលា​ ក្នុង​ការ​​បំពេញ​តួនាទី​កម្ចាត់​រាល់​គ្រប់​ជាតិ​ពុល​​ដែល​ផលិត​ឡើង​នៅពេល​ថ្លើមធ្វើ​សំយោគ​​(រំលាយ​)​ជាតិ​អាល់កុល​។ ការ​សិក្សា​ខ្លះ​បាន​បង្ហាញ​ថា​ ដើម្បី​ ​បំប្លែង​ជាតិ​ពុល​របស់​ស្រា​មួយ​កែវ ​ថ្លើម​ត្រូវ​ការពេល​មួយ​ម៉ោង ចុះ​ពីរកែវ បីកែវ ? សរីរាង្គ​កាយក៏​​ត្រូវ​ការពេល​វេលាខ្លះ​ដែរ​​ទម្រាំបំពេញ​​ជាតិ​ទឹក​ឡើង​វិញ ​ទម្រាំ​​ជាលិកា​ដែលខ្សោះ​​ហួត​ហែង​ បាន​ជា​ឡើង​វិញ។ ក្រោយ​ពេល​ស្រវឹង​ និង​ទទួល​ទាន​ជាតិ​សុរា​ជ្រុល​ហួសហេតុ​ គ្មាន​អ្វី​ប្រសើរ​ជាង​ការ​បរិភោគ​ទឹកឱ្យ​បាន​ច្រើន​​ នៅ​ស្អែក​ឡើង ដើម្បី​បំពេញ​កង្វះខាត​ជាតិដែល​​ទឹក​បង្ក​ឡើយ​ដោយ​ជាតិ​អាល់កុល​ទេ។ ទទួល​ទាន​ទឹក​ច្រើន​នឹង​ជួយ​កាត់​បន្ថយ​អាការៈ​ឈឺ​ក្បាល និង​អាការៈ​ស្ងួត​មាត់​បាន។ សូម​ចង​ចាំ​ថា អាល់កុល​ក៏​អាច​បង្ក​ឱ្យ​​មាន​បញ្ហា​ជាតិ​ស្ករ​ធ្លាក់​ចុះ​ Hypoglycémieផងដែរ។ នៅពេល​មាន​បញ្ហា​ Hypoglycemie វា​នឹង​ងាយ​ធ្វើ​ឱ្យ​អ្នក​កើត​អាការៈចង់​ក្អួត និង​អស់​កម្លាំង​ខ្លាំង។ ដូច្នេះ​អ្នកចាំបាច់​ត្រូវផ្តល់​អាហារូបត្ថម្ភ​​ដល់​សរីរាង្គ​កាយ ជាពិសេស​ត្រូវ​បរិភោគ​អាហារ​ល្អ​ៗសម្រាប់​សុខភាព​ ជា​​​អាហារ​គ្មាន​ជាតិ​ខ្លាញ់ ឬ​គ្មាន​ជាតិ​ជូរអាស៊ីត​ តែ​ជា​​បបរ​សក្តៅៗ ​ស៊ុត​ ឬ​នំប៉័ង​ទឹក​ឃ្មុំ ដែល​ផ្តល់​ថាមពល​ភ្លាម​ៗ។ គួរ​ចៀសវាង​ ទឹក​ក្រូច ភេសជ្ជៈ​ជូរ​ខ្លាំង ឬ​ខ្លាញ់​ខ្លាំង ដែល​ធ្វើ​ឱ្យ​ថ្លើ​ម​និង​ក្រពះ​ត្រូវប្រឹង​ធ្វើការ​ខ្លាំង។ សម្រាក​និង​ឈប់​ទទួល​ទាន​សុរា​ឱ្យ​បាន​ច្រើន​ថ្ងៃ​ អាការៈ​ជំងឺ​ក្រោយ​ការ​ស្រវឹង​ស្រា​នឹង​បាន​ប្រសើរ​ឡើង​វិញ​ហើយ។ ចុះ​តើ​គេ​អាចលេប​​ថ្នាំដូច​យ៉ាង​Paracétamol​ ​​​ពេល​មិន​ទាន់​អស់​ចំណាយស្រវឹង​​​ស្រា​ដែរ​ឬ​ទេ? ប៉ារ៉ាសេតាម៉ុល​ជា​ថ្នាំ​សំណព្វ​ ដែល​មាន​ស្រគួរ​​ស្ទើរនៅក្នុង​គ្រប់​ផ្ទះ។ ឱ្យ​តែ​មាន​អារម្មណ៍​មិន​ស្រួល​ខ្លួន​ ឬ​ក្តៅ​ខ្លួន​បន្តិច​បន្តួច គេ​នឹក​ឃើញ​ដល់​ថ្នាំ​ប៉ារ៉ាសេតាម៉ុល​ភ្លាម។ យ៉ាង​ណាមិញ​ បន្ទាប់​ជួប​ជុំ​ផឹក​ស៊ី​ស្រវឹង​ជោគជាំ​ហើយ ស្អែក​ឡើង​មិន​សូវស្រួល​ខ្លួន​ គ្រប់​គ្នា​គិត​ភ្លាម​ដល់​ថ្នាំ​ប៉ារ៉ា។ ប៉ុន្តែ​ថ្នាំប៉ារ៉ា​និង​អាល់កុល​មិន​ស៊ី​ធាតុ​គ្នា​ទេ​​សម្រាប់​សុខភាព។ ពពួក​ថ្នាំ​ប៉ារ៉ាសេតាម៉ុល ស្ថិត​នៅក្នុង​​ក្រុម​ថ្នាំ​បំបាត់​ការ​ឈឺចាប់ មាន​សកម្មភាព​លើ​អាការៈឈឺចាប់...

Duration:00:08:50