
Cambodia's daily events
RFI
រៀងរាល់ថ្ងៃ ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ យើងនឹងលើកយកព្រឹត្តិការណ៍ក្តៅគគុកជាងគេបង្អស់មួយ នៅកម្ពុជា មកពន្យល់ ដោយមានអន្តរាគមន៍ពីឥស្សរជននយោបាយ អ្នកជំនាញ ឬមន្រ្តីសង្គមស៊ីវិល។
Location:
Paris, France
Genres:
News & Politics Podcasts
Networks:
RFI
Description:
រៀងរាល់ថ្ងៃ ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ យើងនឹងលើកយកព្រឹត្តិការណ៍ក្តៅគគុកជាងគេបង្អស់មួយ នៅកម្ពុជា មកពន្យល់ ដោយមានអន្តរាគមន៍ពីឥស្សរជននយោបាយ អ្នកជំនាញ ឬមន្រ្តីសង្គមស៊ីវិល។
Language:
Khmer
Episodes
តើការសម្រេចរបស់ក្រសួងមហាផ្ទៃផ្តល់ឧបសគ្គអ្វីខ្លះដល់គណបក្សដែលចងសម្ព័ន្ធភាពគ្នារួចហើយ?
3/25/2025
នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃបានចេញសេចក្តីសម្រេចមួយស្តីពីបែបបទ និងនីតិវិធីនៃការធ្វើសម្ព័ន្ធភាពគណបក្សនយោបាយ។ ក្នុងប្រការ៨ នៃសេចក្តីសម្រេចនេះបានចែងថា គណបក្សដែលបានធ្វើសម្ព័ន្ធភាពជាមួយគ្នាមិនអាចលើកស្លាករួមតែមួយដោយដាក់ឈ្មោះ និងសញ្ញាសម្គាល់របស់គណបក្សនយោបាយក្នុងសម្ព័ន្ធភាពជាមួយគ្នាបានទេ។ គណបក្សនយោបាយអាចលើកស្លាកដោយដាក់ឈ្មោះ និងសញ្ញាសម្គាល់ដាច់ដោយឡែកពីគ្នា។ គណបក្សដែលបានចងសម្ព័ន្ធភាពជាមួយគ្នារួចហើយ ដូចជា គណបក្សភ្លើងទៀន ចាត់ទុកការសម្រេចរបស់ក្រសួងមហាផ្ទៃថា ជាឧបសគ្គមួយសម្រាប់គណបក្សជំទាស់ និងថាពួកគេអាចកែសម្រួលការលើកស្លាកគណបក្សឡើងវិញបាន៕
Duration:00:08:37
ហេតុអ្វីរដ្ឋាភិបាលមិនគួរអនុញ្ញាតឲ្យសាងសង់អាគារខ្ពស់ៗ ឬផ្ទះបុរីនៅតំបន់ទេសចរណ៍ធម្មជាតិ?
3/24/2025
ថ្មីៗនេះ នាយករដ្ឋមន្ដ្រីកម្ពុជា លោក ហ៊ុន ម៉ាណែតបានស្នើឲ្យអ្នកវិនិយោគក្នុងវិស័យទេសចរណ៍កុំសាងសង់អគារខ្ពស់ៗ ឬផ្ទះបុរីនៅលើតំបន់ដែលជាគោលដៅទេសចរណ៍ធម្មជាតិ។ តាមលោក ហ៊ុន ម៉ាណែត ការសាងសង់នៅលើតំបន់ទាំងនោះនឹងនាំឲ្យបាត់បង់សម្រស់ពីធម្មជាតិ និងប៉ះពាល់ដល់ចំណូលរបស់ពលរដ្ឋសហគមន៍។ អ្នកជំនាញក្នុងវិស័យទេសចរណ៍ និងអចលនទ្រព្យគាំទ្រចំពោះការលើកឡើងរបស់នាយករដ្ឋមន្ដ្រី។ តែក្នុងពេលជាមួយគ្នា ពួកគេស្នើឲ្យរដ្ឋគិតគូរ និងធ្វើបច្ចុប្បន្នភាពច្បាប់ស្តីពីការគ្រប់គ្រងដីធ្លី ពិសេសការពារដីធ្លីនៅតំបន់ទេសចរណ៍ធម្មជាតិ។
Duration:00:12:17
តើការអនុញ្ញាតឲ្យនាវាជប៉ុនចូលចតមុនគេនៅកំពង់ផែរាមក្រោយការសម្ពោធឆ្លុះបញ្ចាំងដូចម្តេច?
3/22/2025
អ្នកនាំពាក្យក្រសួងការពារជាតិ ថ្លែងថា តាមការគ្រោងទុក នាវាជប៉ុន ជានាវាដំបូងគេ ដែលនឹងចូលចតនៅឯកំពង់ផែរាម នៅក្រោយពេលសម្ពោធជាផ្លូវការ នៅដើមខែមេសាឆ្នាំ២០២៥។ អ្នកតាមដានភូមិសាស្ត្រនយោបាយ មើលឃើញថា ការអនុញ្ញាតឲ្យនាវាជប៉ុនចូលចតនៅកំពង់ផែរាម ក្រោយការធ្វើទំនើបកម្មអស់ពេលជាង៤ឆ្នាំក្រោមជំនួយរបស់ចិន ជាការបង្ហាញប្រាប់ទៅក្រសែភ្នែកអន្តរជាតិ ថា កម្ពុជាតែងតែបើកចំហជាមួយបរទេសទាំងអស់ មិនមែនដូចអ្វីដែលអាមេរិកធ្លាប់ចោទប្រកាន់ថា កំពង់ផែរាមជាមូលដ្ឋានទ័ពជើងទឹកចិននោះឡើយ។
Duration:00:13:14
សវនាការកាត់ទោសមន្ត្រីជាន់ខ្ពស់យោធាកម្ពុជា២រូបនៅតុលាការបារាំងនឹងបង្កើនភាពតានតឹងនយោបាយខ្មែរដែរឬទេ?
3/21/2025
តុលាការបារាំងបានបើកសវនាការ រយៈពេល៣ថ្ងៃ គឺពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ លើសំណុំរឿងគប់គ្រាប់បែកលើហ្វូងបាតុករនៅមុខអតីតអគាររដ្ឋសភា ដឹកនាំដោយលោក សម រង្ស៊ី កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ បណ្តាលឲ្យមនុស្សស្លាប់១៦នាក់ និងរបួសជាង១០០នាក់។ មន្ត្រីយោធាជាន់ខ្ពស់កម្ពុជា២រូប គឺលោក ហ៊ីង ប៊ុនហៀង មេបញ្ជាការកងអង្គរក្ស និងជាអគ្គមេបញ្ជាការរងកងទ័ពជាតិ និងលោក ហ៊ុយ ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងការពារជាតិបានរងនូវបទចោទថាជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍គប់គ្រាប់បែកកាលពី២៨ឆ្នាំមុន។ តើការលើកយកមន្ត្រីយោធាជាន់ខ្ពស់កម្ពុជាទៅភ្ជាប់នឹងសវនាការតុលាការបារាំងតាមបណ្តឹងរបស់មេដឹកនាំក្រុមប្រឆាំង លោក សម រង្ស៊ី ពេលនេះ នឹងធ្វើឲ្យនយោបាយនៅក្នុងប្រទេសកម្ពុជាកាន់តែតានតឹងឬយ៉ាណា?
Duration:00:11:34
តើកម្ពុជាគួរច្របាច់ក្រសួងខ្លះបញ្ចូលគ្នា និងបន្ថយចំនួនមន្រ្តីរាជការថែមទៀត ឬយ៉ាងណា?
3/20/2025
នៅព្រឹកថ្ងៃទី២០ ខែមីនា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតបានបដិសេធមិនយកគោលការណ៍បង្រួមក្រសួងមួយចំនួនចូលគ្នាដោយប្រកាន់យកអភិក្រម «រក្សា និងពង្រឹង»។ ការបញ្ជាក់យ៉ាងដូចនេះរបស់លោកហ៊ុន ម៉ាណែត គឺបន្ទាប់ពីវៀតណាម និងរដ្ឋបាលអាមេរិកបានសម្រេចកាត់បន្ថយបុគ្គលិករដ្ឋ កាត់បន្ថយក្រសួង និងបិទក្រសួង ស្ថាប័នមួយចំនួនចោលតែម្តងដើម្បីសម្រាលបន្ទុកចំណាយរបស់រដ្ឋ និងពង្រឹងប្រសិទ្ធភាពការងារ។ នៅកម្ពុជា គិតត្រឹមខែមករា ឆ្នាំ២០២៥ ចំនួនមន្ត្រីរាជការបានថយចុះមកនៅត្រឹម២៣ម៉ឺននាក់ ក្នុងនោះ មន្ត្រីបម្រើការងារនៅថ្នាក់ជាតិមានចំនួនជាង ៥ម៉ឺននាក់ និងនៅថ្នាក់ក្រោមជាតិមានជាង ១៧ម៉ឺននាក់។ តែអ្នកជំនាញផ្នែកស្រាវជ្រាវការអភិវឌ្ឍសង្គម និងអភិបាលកិច្ចចង់ឃើញរដ្ឋាភិបាលច្របាច់ក្រសួងខ្លះបញ្ចូលគ្នា និងកាត់បន្ថយចំនួនមន្ត្រីរាជការថែមទៀតដើម្បីងាយស្រួលធ្វើការឲ្យមានប្រសិទ្ធភាព៕
Duration:00:14:34
ហេតុអ្វីសំណេរលើផ្លាកឬប៉ាណូអាជីវកម្មចិនបកប្រែជាខ្មែរបន្តខុសអក្ខរាវិរុទ្ធ និងឆ្គងអត្ថន័យ?
3/19/2025
ករណីកំហុសអក្ខរាវិរុទ្ធខ្មែរ និងកំហុសឆ្គងអត្ថន័យនៅលើផ្លាកយីហោ ឬប៉ាណូហាងអាជីវកម្មចិននៅក្នុងប្រទេសកម្ពុជាកំពុងបន្តកើតមាន។ មូលហេតុ គឺដោយសារតែហាងអាជីវកម្មចិនទាំងនោះបានបកប្រែពីភាសាចិនមកភាសាខ្មែរដោយប្រើកម្មវិធីហ្គូហ្គោល (Google Translate)។ អ្នកជំនាញផ្នែកអក្សរសាស្ត្រផ្នែកពុទ្ធចក្រ និងអាណាចក្របានមើលឃើញថា កំហុសឆ្គងនេះបានប៉ះពាល់ដល់តម្លៃនៃភាសាជាតិ និងថា បញ្ហានេះទាមទារឲ្យមានឆន្ទៈដោះស្រាយពីសំណាក់អាជ្ញាធរ និងអ្នកពាក់ព័ន្ធនានា៕
Duration:00:12:47
តើបំណងបញ្ជូននគរបាលដែលមានកំហុសទៅព្រំដែនជាវិធានការសមស្របដែរ ឬទេ?
3/18/2025
នៅថ្ងៃទី១៧ ខែ មីនា ឆ្នាំ២០២៥ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលើកឡើងថា មន្ត្រីនគរបាលដែលមានកំហុសនឹងត្រូវបញ្ជូនទៅលត់ដំនៅព្រំដែនដើម្បីស្វែងយល់ពីការលំបាកនៅទីនោះ ជាជាងដកស័ក្តរបស់មន្ត្រីដែលមានកំហុសនោះ។ សម្រាប់អ្នកតាមដានសង្គមយល់ថា វិធានការនេះអាចនឹងមិនមានប្រសិទ្ធភាព ប្រសិនបើគ្មានយន្តការតាមដានត្រួតពិនិត្យដិតដល់ ពោលនឹងធ្វើឲ្យមន្ត្រីដែលមានកំហុសឆ្លៀតឱកាសប្រព្រឹត្តិកំហុសថែមមួយជាន់ទៀត។
Duration:00:08:58
តើអវត្តមាន RFA និង VOA អាចប៉ះពាល់ដល់សេរីភាពព័ត៌មានកម្ពុជា ឬក៏យ៉ាងណា?
3/17/2025
រដ្ឋបាលអាមេរិករបស់លោក ដូណាល់ ត្រាំបានប្រកាសបញ្ចប់ជំនួយដល់ប្រព័ន្ធផ្សព្វផ្សាយដែលស្ថិតក្រោមទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសកល ក្នុងនោះមានវិទ្យុអាស៊ីសេរី RFA និង វិទ្យុសំឡេងសហរដ្ឋអាមេរិក VOA ជាដើម។ បញ្ហានេះត្រូវបានអ្នកជំនាញក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាមើលឃើញថានឹងអាចប៉ះពាល់ដល់សិទ្ធិនៃការទទួលព័ត៌មានរបស់ពលរដ្ឋ ព្រោះស្ថាប័នព័ត៌មានទាំងពីរហ៊ានផ្សព្វផ្សាយពីបញ្ហាអវិជ្ជមាន និងបញ្ហារសើប។ តែមន្ត្រីរដ្ឋាភិបាលកម្ពុជាលើកឡើងថា អវត្តមានប្រព័ន្ធផ្សព្វផ្សាយទាំង ២ នេះមិនពាល់ដល់សិទ្ធិទទួលបានព័ត៌មានរបស់ពលរដ្ឋខ្មែរឡើយ ព្រោះកម្ពុជាមានប្រព័ន្ធផ្សព្វផ្សាយសម្បូរបែប។
Duration:00:11:23
ហេតុអ្វីការរៀបចំឡើងវិញនូវ “ក្រុមជំនុំព្រះត្រៃបិដក” បង្កឲ្យមានការខ្វែងគំនិតគ្នាខ្លាំង?
3/16/2025
នាប៉ុន្មានថ្ងៃកន្លងមកនេះ ការផ្តួចផ្តើមរៀបចំឡើងវិញនូវ “ក្រុមជំនុំព្រះត្រៃបិដក” បានបណ្តាលឲ្យមានការជជែកដេញដោល និងបកស្រាយជាហូរហែ ពីសំណាក់ព្រះសង្ឃក្នុងព្រះពុទ្ធសាសនា។ ក្នុងនោះ ទាំងក្រសួងធម្មការនិងគណៈសង្ឃនាយកនៃកម្ពុជា បានចេញមកការពារ ដំណើរការរៀបចំឡើងវិញនូវក្រុមជំនុំព្រះត្រៃបិដក ដោយបញ្ជាក់ថា គ្មានចេតនាចង់លុបបំបាត់គុណូបការៈរបស់អ្នកជំនាន់ដើមទេ។ តាមការពន្យល់របស់ក្រសួងធម្មការ និងគណៈសង្ឃនាយក ការរៀបចំឡើងវិញ នូវក្រុមជំនុំព្រះត្រៃបិដក មានគោលដៅចង់បន្តវេនពីបុព្វបុរសខ្មែរ និងបកប្រែអដ្ឋកថាដែលនៅសេសសល់។ តែយ៉ាងណាក៏ដោយ ព្រះសង្ឃមួយចំនួនបានរិះគន់ការបង្កើត“ក្រុមជំនុំព្រះត្រៃបិដក”ឡើងវិញ ដោយថា វាជាការប្រមាថធ្ងន់ធ្ងរទៅដល់ព្រះសង្ឃ និងអ្នកជំនាន់មុនដែលបានស្រាវជ្រាវចងក្រងព្រះត្រៃបិដកកន្លងមក។ ហេតុអ្វីបានជាមានការខ្វែងគំនិតគ្នាខ្លាំងក្នុងរឿងរៀបចំឡើងវិញនូវ “ក្រុមជំនុំព្រះត្រៃបិដក”?
Duration:00:14:52
តើត្រូវមានយន្តការអ្វីខ្លះដើម្បីលើកទឹកចិត្តឲ្យពលករចំណាកស្រុក ត្រលប់មករកការងារធ្វើក្នុងប្រទេស?
3/15/2025
ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន នៅថ្ងៃសុក្រទី១៤មីនា បានលើកឡើងពីក្តីកង្វល់ជុំវិញបញ្ហាខ្វះកម្លាំងពលកម្ម។ ប្រឈមនឹងបញ្ហានេះ លោក ហ៊ុន សែន បានអំពាវនាវឲ្យពលករខ្មែរដែលកំពុងធ្វើការនៅក្រៅប្រទេស ត្រលប់មករកការងារក្នុងប្រទេសកម្ពុជាវិញ។ អ្នកជំនាញយល់ថា រដ្ឋត្រូវមានយន្តការជាច្រើនជំហាន តួយ៉ាងការបង្កើតឱកាសការងារ និងកម្រៃប្រាក់ឈ្នួលសមរម្យ ទើបអាចបញ្ចុះបញ្ចូលឲ្យពលករខ្មែរត្រលប់មករកការងារធ្វើក្នុងប្រទេសវិញ។
Duration:00:11:23
តើរដ្ឋគួរមានផែនការជួយដល់សហគមន៍យ៉ាងណា បន្ទាប់ពីដកការវិនិយោគឯកជនលើតំបន់ខ្នងផ្សារ?
3/14/2025
នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ លោកនាយករដ្ឋមន្ដ្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ជាថ្មីថា ក្រុមការងាររដ្ឋាភិបាលដែលមានក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន និងអាជ្ញាធរខេត្តកំពង់ស្ពឺបានទៅដកបង្គោលព្រំសម្រាប់គម្រោងអភិវឌ្ឍន៍នៅតំបន់ទេសចរណ៍ភ្នំខ្នងផ្សារ។ តាមលោក ហ៊ុនម៉ាណែត ការដកបង្គោលព្រំនេះ គឺដើម្បីលុបចោលគម្រោងអភិវឌ្ឍន៍នានាលើភ្នំខ្នងផ្សារពីសំណាក់អ្នកវិនិយោគឯកជន និងជាការថែរក្សានូវភាពដើមនៃធម្មជាតិ ហើយផ្ដល់ជាប្រយោជន៍សម្រាប់សហគមន៍នៅតំបន់នោះ រួមទាំងអ្នកទេសចរ។ តែអ្នកជំនាញលើកឡើងថា បន្ទាប់ពីដកការវិនិយោគបែបនេះ រដ្ឋគួរតែតម្រង់ទិស និងបោះទុនដល់សហគមន៍ ដើម្បីរៀបចំតំបន់ទេសចរណ៍ធម្មជាតិនោះឱ្យដំណើរការបានល្អ ព្រោះបើឱ្យសហគមន៍រៀបចំមិនអាចទាក់ទាញបានឡើយ។ ហេតុនេះ តើរដ្ឋគួរមានផែនការយ៉ាងណា ដើម្បីជួយដល់សហគមន៍ក្នុងតំបន់ទេសចរណ៍ធម្មជាតិ?
Duration:00:15:16
តើកម្ពុជាគួរលើក ឬពន្យារពេលការហាមនាំចូលសាច់បង្កកពីក្រៅប្រទេស?
3/13/2025
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានបិទបញ្ចប់នៅថ្ងៃទី១២ ខែមីនាលើវិធានការហាមឃាត់ការនាំចូលជាបណ្តោះអាសន្ននូវគ្រឿងក្នុង និងបំណែកសាច់សត្វបង្កកចាប់ពីថ្ងៃទី១៣ ខែមីនា តទៅ។ ការអនុញ្ញាតឲ្យមានការនាំសាច់បង្កកចូលទីផ្សារកម្ពុជាឡើងវិញ គឺបន្ទាប់ពីការហាមឃាត់អស់រយៈពេល១២ខែ។ តែសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាទទួចឲ្យបញ្ឈប់ការនាំចូលទាំងស្រុងដោយពន្យល់ហេតុផលថា ការផ្គត់ផ្គង់សត្វរបស់អ្នកចិញ្ចឹមក្នុងស្រុក គឺគ្រប់គ្រាន់។ ចំណែកអ្នកជំនាញផ្នែកសុខាភិបាលទាញសញ្ញាពីហានិភ័យដល់សុខភាព ប្រសិនបើពលរដ្ឋកម្ពុជាបរិភោគប៉ះសាច់បង្កកដែលផ្ទុកជំងឺ និងមិនបានឆ្លងកាត់ការត្រួតពិនិត្យត្រឹមត្រូវ។
Duration:00:12:36
កំណើនទំហំពាណិជ្ជកម្មដើមឆ្នាំ២០២៥ ជាលទ្ធផលនៃកំណែទម្រង់សេដ្ឋកិច្ចកម្ពុជា?
3/12/2025
របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបង្ហាញថា ទំហំពាណិជ្ជកម្មរវាងកម្ពុជាជាមួយទីផ្សារអន្តរជាតិរយៈពេល២ខែដើមឆ្នាំ២០២៥ មានប្រមាណ ៩,៤ពាន់លានដុល្លារ ពោលកើនចំនួន ១៦,៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ អ្នកជំនាញសេដ្ឋកិច្ចខ្លះមើលឃើញថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅដើមឆ្នាំ២០២៥ នេះ ជាលទ្ធផលនៃការប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការធ្វើកំណែទម្រង់សេដ្ឋកិច្ច។ តែអ្នកជំនាញសេដ្ឋកិច្ចខ្លះទៀតយល់ថា តុល្យភាពនៃជញ្ជីងពាណិជ្ជកម្មរវាងកម្ពុជាជាមួយអន្តរជាតិនៅមិនទាន់ល្អនៅឡើយទេ៕
Duration:00:11:50
តើព្រឹត្តិការណ៍«អង្គរសង្ក្រាន្ត»អាចរួមចំណែកទាក់ទាញភ្ញៀវទេសចរយ៉ាងណាដែរ?
3/11/2025
សហភាពសហព័ន្ធយុវជនកម្ពុជាបានប្រកាសជាផ្លូវការនៅថ្ងៃទី៩ ខែមីនាពីការត្រៀមរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ ក្រោមប្រធានបទ «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី»។ ព្រឹត្តិការណ៍នេះនឹងរៀបចំធ្វើនៅខេត្តសៀមរាបរយៈពេល ៣ថ្ងៃពីថ្ងៃទី ១៤ ដល់ ១៦ ខែមេសា ឆ្នាំ២០២៥។ មានមតិខ្លះលើកឡើងថា ការរៀបចំព្រឹត្តិការណ៍នេះ គឺជាការចំណាយថវិកាខ្ជះខ្ជាយ និងជាការបង្កើតព្រឹត្តិការណ៍ដើម្បីបង្វែរព្រឹត្តិការណ៍។ តែនៅព្រឹកថ្ងៃទី១១ ខែមីនា ប្រមុខរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត បានការពារផែនការរៀបចំព្រឹត្តិការណ៍ «អង្គរសង្ក្រាន្ត» ថា គឺជាការទាក់ទាញភ្ញៀវទេសចរ និងមិនមែនជាការបង្កើតព្រឹត្តិការណ៍ដើម្បីបង្វែរព្រឹត្តិការណ៍នោះទេ។
Duration:00:11:10
តើគួរមានយន្ដការចរាចរណ៍បែបណាដើម្បីកុំឱ្យកកស្ទះនៅពេលមានក្បួនរថយន្តរបស់ថ្នាក់ដឹកនាំ?
3/10/2025
នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជាបានចេញសារសំឡេងមួយពាក់ព័ន្ធនឹងការរៀបចំចរាចរណ៍នៅពេលមានក្បួនរថយន្តធ្វើដំណើរតាមផ្លូវរបស់ថ្នាក់ដឹកនាំ។ តាមលោក ហ៊ុន ម៉ាណែត កងកម្លាំងរក្សាសណ្ដាប់ធ្នាប់គួរតែកាត់បន្ថយរយៈពេលនៃការបិទផ្លូវ និងមិនចាំបាច់បិទផ្លូវទាំងអស់ទេ។ ចំណែកករណីមានឡានសឺរ៉ែន គឺត្រូវសម្រួលឱ្យធ្វើដំណើរទៅមុន។ អ្នកតាមដានសង្គមយល់ថា ដើម្បីកុំឱ្យមានការកកស្ទះចរាចរណ៍ គឺទាល់តែកងកម្លាំងកុំបិទផ្លូវទុកមុនយូរពេក និងថា រដ្ឋគួរកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងក្រុងបន្ថែមទៀត មិនថាផ្លូវអាកាស ឬផ្លូវក្រោមដី។
Duration:00:14:20
សហជីពស្នើឲ្យក្រុមហ៊ុន និងក្រសួងការងារដោះស្រាយបញ្ហាប្រាក់ឈ្នួលពេលបិទរោងចក្រអំឡុងកូវីដ១៩
3/9/2025
សេចក្តីថ្លែងការណ៍រួមរបស់ក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការលើការគោរពសិទិ្ធមនុស្ស និងសិទ្ធិស្រ្តី ចេញផ្សាយថ្ងៃទី៨ មីនា បានលើកឡើងពីសំណូមពរឲ្យភាគីក្រុមហ៊ុននិយោជិតចូលតុចរចាជាមួយកម្មករ និងសហជីពដើម្បីដោះស្រាយបញ្ហាទាក់ទងនឹងករណីកេងបន្លំប្រាក់ឈ្នួល និងអត្ថប្រយោជន៍នានាក្នុងអំឡុងវិបត្តិជំងឺកូវីដ១៩ជាពិសេសក្នុងករណីដែលរោងចក្របញ្ឈប់ប្រតិបត្តិការ។ មេដឹកនាំសហជីពបានបញ្ជាក់ថា ក្រុមហ៊ុនម៉ាកយីហោមួយចំនួនបានបិទទ្វារ ដោយមិនបានទូទាត់ប្រាក់សំណងត្រឹមត្រូវតាមច្បាប់ការងារ។ក្នុងន័យនេះ ក្រុមមេដឹកនាំសហជីពចង់ឃើញភាគីក្រុមហ៊ុនម៉ាយីហោ និងក្រសួងការងារចេញមុខដោះស្រាយបញ្ហាទាំងនេះ ដើម្បីផ្តល់អត្ថប្រយោជន៍ផ្សេងៗដែលបាត់បង់ ជូនកម្មករនិយោជិតវិញ។
Duration:00:10:22
អ្វីទៅជាសមភាពយេនឌ័រនៅកម្ពុជានៅប៉ុន្មានឆ្នាំចុងក្រោយនេះ?
3/8/2025
ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ជាទិវាអន្ដរជាតិនារីលើកទី១១៤ ។ អ្នកធ្វើការពាក់ព័ន្ធនឹងការលើកកម្ពស់សមភាពយែនឌ័របានសម្លឹងឃើញថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ សមភាពយេនឌ័រ នៅកម្ពុជាមានការរវិវត្តគួរឱ្យកត់សម្គាល់។ ប៉ុន្តែទន្ទឹមនឹងការប្រែប្រួលជាវិជ្ជមាន អ្នកធ្វើការក្នុងផ្នែកនេះក៏សង្កេតឃើញថា ការប្រឈមរបស់ស្ដ្រី និងក្មេងស្រីក្នុងផ្នែកយេនឌ័រ ក៏នៅតែបន្ដមាន ដែលទាមទារឱ្យមានដំណោះស្រាយ។ ក្រសួងកិច្ចការនារីបានបញ្ជាក់ថា ក្រសួង និងស្ថាប័នពាក់ព័ន្ធនឹងបន្ដចូលរួមលើកកម្ពស់សមភាពយេនឌ័រ ដើម្បីឱ្យស្ដ្រីនិងក្មេងស្រីគ្រប់រូបទទួលបានសិទ្ធិ សមភាព និងការអភិវឌ្ឍន៍ខ្លួន។
Duration:00:11:49
អង្ករកម្ពុជានឹងរងផលប៉ះពាល់ដែរឬទេប្រសិនបើថៃ ឥណ្ឌា វៀតណាម រួមគ្នាកំណត់តម្លៃអង្ករនាំចេញ?
3/7/2025
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃបានប្រាប់ទៅអង្គសភារបស់ថៃកាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ថា ថៃនឹងពិភាក្សាជាមួយឥណ្ឌា និងវៀតណាម ស្តីពីដំណោះស្រាយជាយុទ្ធសាស្ត្រ ដើម្បីឆ្លើយតបទៅនឹងការធ្លាក់ថ្លៃអង្ករនៅលើទីផ្សារអន្តរជាតិ។ អ្នកជំនាញផ្នែកវិស័យស្រូវអង្ករ និងសេដ្ឋកិច្ចនានា បានមើលឃើញថា អង្ករកម្ពុជា ដែលនាំចេញទៅលក់នៅទីផ្សារអន្តរជាតិ នឹងមិនរងផលប៉ះពាល់អ្វីទេ ប្រសិនបើប្រទេសទាំងបីខាងលើដែលមានសក្តានុពលជាងគេខាងនាំចេញអង្ករ បានជួបគ្នាកំណត់តម្លៃអង្ករនាំចេញទៅទីផ្សារពិភពលោក។
Duration:00:10:09
អ្នកជំនាញថា កម្ពុជាគួរតែប្រញាប់ដាក់មរតកវប្បធម៌ក្នុងបញ្ជីរបស់អង្គការយូណេស្កូ
3/6/2025
នៅក្នុងជំនួបសំណេះសំណាលជាមួយសិល្បៈករ សិល្បៈការិនីនាថ្ងៃទី៥ ខែមីនា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតបានឱ្យដឹងថា រដ្ឋាភិបាលកម្ពុជាកំពុងរៀបចំគិតគូរដាក់បញ្ចូល «សង្ក្រាន្ត» ទៅក្នុងបញ្ជីបេតិកភណ្ឌអរូបីរបស់នៃអង្គការយូណេស្កូនាពេលឆាប់ៗ។ ការប្រកាសរបស់លោក ហ៊ុន ម៉ាណែតយ៉ាងដូចនេះធ្វើឡើង បន្ទាប់ពីថៃបានបញ្ចូន « សង្ក្រាន្ត » ទៅដាក់ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូកាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣។ សម្រាប់អ្នកជំនាញ កម្ពុជាត្រូវពន្លឿនដាក់សម្បត្តិវប្បធម៌ខ្មែរទាំងរូបី និងអរូបីទៅក្នុងបញ្ជីរបស់អង្គការយូណេស្កូ។ តែមន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ពន្យល់ថា ការចុះបញ្ជីត្រូវធ្វើតាមលំដាប់លំដោយ ដោយមិនអាចបង្ខំភ្លាមៗបានទេ។
Duration:00:12:39
តើកម្ពុជាត្រូវប្រកាន់ជំហរយ៉ាងណានៅចំពោះភាពស្មុគ្រស្មាញកាន់តែខ្លាំងនៃពិភពលោកសព្វថ្ងៃ?
3/5/2025
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសបានលើកឡើងនៅក្នុងសន្និបាតនាថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ ថា ប៉ុន្មានឆ្នាំតទៅមុខ ការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ច និងយុទ្ធសាស្ត្ររវាងមហាអំណាចធំៗនឹងកំណត់អំពីការប្រែប្រួលនៃស្ថានការណ៍តំបន់ និងពិភពលោក។ រូបភាពនេះក៏នឹងដាក់សម្ពាធដោយផ្ទាល់ ឬដោយប្រយោលលើប្រទេសអំណាចកណ្តាល ឬតូចតាច ដូចកម្ពុជាដែរ។ អ្នកវិភាគនយោបាយ និងភូមិសាស្ត្រនយោបាយខ្លះយល់ថាកម្ពុជាចាំបាច់ត្រូវធ្វើដំណើរទៅមុខប្រកបដោយភាពប្រយ័ត្នប្រយែង និងខ្លះទៀតថាការប្រកាន់ខ្ជាប់នូវខ្លឹមសារនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស គឺជាមធ្យោបាយដ៏ល្អ។
Duration:00:10:06